បង្ក្រាប​ទីតាំង​ចាក់​បាល់​តាម​អន​ឡាញ​

បង្ក្រាប​ទីតាំង​ចាក់​បាល់​តាម​អន​ឡាញ​



ខេត្តកំពង់ចាម ៖ ហាង​បើក​អ៊ី​ន​ធើ​រ​ណេ​ត​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ទី​៨ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដែល​សង្ស័យ​បើក​ភ្នាល់​បាល់​ដោយ​ខុសច្បាប់ នា​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត បញ្ជា​ឱ្យ​លោក​វរសេនីយ៍ទោ ចាន់ ហោ នាយ​រង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត ដឹកនាំ​កងកម្លាំង​ចុះ​បង្ក្រាប​ដោយ​ដកហូត​បាន​សម្ភារ​ជា​ច្រើន​ដែល​បម្រើ​ឱ្យ​បទល្មើស​នោះ ។

សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ទីតាំង​ចាក់​បាល់​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹង​ទៅ​លោក​អភិបាលខេត្ត​ឱ្យ​មាន​វិធានការ​ចុះ​បង្ក្រាប​។ ដំបូង​ហាង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខាងជើង​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា ដោយ​បាន​បើក​លេង​ជា​ច្រើន​ខែ​មក​ហើយ  ហើយ​ក៏​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ម្តង​តែ​ក្រោយមក​បាន​ដំណើរការ​វិញ​។ បន្ទាប់​មក​បាន​មក​ជួល​ផ្ទះ​របស់​ឈ្មោះ អ៊ិន ម៉េ​ង​សែ ភេទ​ប្រុស អាយុ​ជិត​៥០​ឆ្នាំ នៅ​ភូមិ​ទី​៨ សង្កាត់​កំពង់ចាម  បើក​លេង​ភ្នាល់​បាល់ ទើបតែ​បាន​៥​ថ្ងៃ​ប៉ុណ្ណោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​តែ​ម្តង ។ 

លោក ប្លោក សុវណ្ណ ចៅសង្កាត់​កំពង់ចាម មាន​ប្រសាសន៍​ថា ផ្ទះ​បើក​អុ​ី​ន​ធើ​រ​ណេ​ត​យីហោ​«P.H NET 24h »​បាន​លួច​បើក​លេងល្បែង​ភ្នាល់​បាល់​តាម​អន​ឡាញ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាច​មាន​បទល្មើស​កើតឡើង​ហើយ​មាន​ក្មេង​នាំ​គ្នា​មក​ចាក់​បាល់​អស់​លុយ និង​អាច​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ថែម​ទៀត ដោយសារ​តែ​ចាញ់ល្បែង ។

លោក​ចៅសង្កាត់​បន្ត​ថា ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ផ្សេង​ៗ ទើប​លោក​វរសេនីយ៍ទោ ចាន់ ហោ ក៏​ដូច​ជា​លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដឹកនាំ​កងកម្លាំង​ក្រោម​ឱវាទ​រួម​សហការ​ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ភូមិ​-​សង្កាត់ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ មិថុនា ចុះ​ទៅ​បង្ក្រាប​តែ​ម្តង ៕