ប្រអប់​ខ្មៅ​យន្តហោះ​អេ​ហ្ស៊ី​ប​ធ្លាក់​អះអាង​ពី​មាន​ភ្លើង​ឆេះ​មុន​ពេល​ធ្លាក់

ពួក​អ្នកស៊ើប​អង្កេត​អេ​ហ្ស៊ី​ប​គូសបញ្ជាក់​ថា ការ​ប្រកាស​អាសន្ន​ពី​ភ្លើង​ឆេះ​ត្រូវ​បាន​ធ្វើ​ក្នុង​យន្តហោះ​មុន​ពេល​វា​ធ្លាក់​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​កាលពី​ថ្ងៃ​ទី​១៩ ឧសភា កន្លង​មកនេះ ។

ការ​វិភាគ​ប្រអប់​ខ្មៅ​មួយ​របស់​យន្តហោះ​ក្រុមហ៊ុន EGYPTAIR ដែល​ធ្លាក់​អះអាង​ថា ការ​ប្រកាស​អាសន្ន​ពី​ផ្សែងភ្លើង​ត្រូវ​បាន​ធ្វើ​មុន​ពេល​ធ្លាក់ ។ នេះ​ជា​ការ​អះអាង​នា​ថ្ងៃ​ទី​២៩ មិថុនា របស់​ពួក​អ្នកស៊ើប​អង្កេត​អេ​ហ្ស៊ី​ប ។ គណៈកម្មការ​ស៊ើបអង្កេត​ក្នុង​សេចក្តី​ប្រកាស​មួយ​ថ្លែង​ថា បណ្តា​ទិន្នន័យ​ថត​ជាប់​ក្នុង​ប្រអប់​ខ្មៅ​អះអាង​ពី​ការ​ប្រកាស​អាសន្ន​នៃ​ប្រព័ន្ធ​​ទាក់ទង​ស្វ័យប្រវត្តិ​របស់​យន្តហោះ​អំពី​ផ្សែង​ក្នុង​បន្ទប់ទឹក និង​នៅ​ផ្នែក​ខាង​មុខ​របស់​កាប៊ី​ន​។ ផ្នែក​ខាង​មុខ​នៃ​យន្តហោះ​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ខូចខាត​ដោយសារ​សីតុណ្ហភាព​ឡើង​ខ្ពស់ ។

យន្តហោះ​ជើងហោះហើរ MS 804 ហោះ​មក​ពី​ក្រុងប៉ារីស មក​កាន់​ទីក្រុង​គែរ បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៩ ឧសភា នៅ​កន្លែង​មួយ​ចន្លោះ​កោះ​ក្រែ​ត​ក្រិ​ក និង​ឆ្នេរសមុទ្រ​ខាងជើង​របស់​អេ​ហ្ស៊ី​ប ក្រោយ​ពី​បាត់ដាន​ពី​អេ​ក្រង់​រ៉ា​ដា ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​៦៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​អេ​ហ្ស៊ី​ប​៤០​នាក់ និង​ជនជាតិ​បារាំង​១៥​នាក់ ។

ប្រអប់​ខ្មៅ​ទាំង​២​នៃ​យន្តហោះ​ធុន AIRBUS A320 នេះ​អាច​កំណត់​ពី​មូលហេតុ​នៃ​គ្រោះ​មហន្តរាយ​ត្រូវ​បាន​ស្រង់​ពី​ទឹក​កាលពី​ពាក់កណ្តាល​ខែមិថុនា ។ ការ​ជួសជុល​ប្រអប់​ខ្មៅ​មួយទៀត​កំពុង​ធ្វើ ៕