បុក​ដុំ​ក្រណាត់​បំប៉ើង​ខ្លួន​ឡើង នៅ​លើ​ផ្លូវ​ល្បឿន​លឿន

យុវជនអ្នកបើកម៉ូតូមួយរូបនេះ បានរងគ្រោះសឹងតែបាត់បង់ជីវិត បណ្ដាលមកពីការចង​មិនបានជាប់ល្អ នូវដុំ​ក្រណាត់​កម្រាល​មួយដុំ ទៅនឹងរថសណ្ដោង ដែលកំពុងរត់ពីមុខខ្លួន។
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងដុំក្រណាត់ ដែលចង់មិនជាប់ល្អ ទៅនឹងរថសណ្ដោង។

មេរៀនមួយទៀត ដើម្បីបង្កាគ្រោះក្នុងការបើកបរ និងបានបង្ហាញឲ្យឃើញថា ការធ្វេសប្រហែសរបស់អ្នក ជា​គ្រោះ​ថ្នាក់​សម្រាប់អ្នកដទៃ។

ហេតុការណ៍បានកើតឡើង នៅលើថ្នល់ល្បឿនលឿនឆ្លងរដ្ឋ (Interstate 94) នៃរដ្ឋ«Minnesota,» ភាគខាង​ជើង​​សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងមក។ យុវជនអ្នកបើកម៉ូតូមួយរូប បានបើកបរលើផ្លូវនោះ នៅ​ពី​ក្រោយរថសណ្ដោងមួយគ្រឿង ដែលមានចងក្រណាត់កម្រាលរមូរមួយដុំធំ ពីខាងក្រោយ។ បញ្ហា​នៅ​ត្រង់​ថា ការចង់ដុំក្រណាត់នេះ មិនមានសភាពជាប់ល្អនោះទេ ហើយបានបណ្ដាលឲ្យដាច់ធ្លាក់នៅលើដងផ្លូវ ជា​ពិសេស​នៅ​ចំ​ពេល ដែលយានយន្ដជាច្រើន កំពុងធ្វើចរាចរណ៍ ដោយល្បឿនលឿននោះផង។

ជាអកុសល សម្រាប់យុវជនអ្នកបើកម៉ូតូ និងបើទោះជាគ្នាខំប្រឹងគេចយ៉ាងណា តែល្បឿនម៉ូតូ (ដែល​ត្រូវ​បើក​ឲ្យ​លឿន តាមការកំណត់ នៃផ្លូវល្បឿនលឿន) មិនអាចគេចផុតឡើយ។ ម៉ូតូបានបុកដុំក្រណាត់ ហើយ​បាន​បំប៉ើង​ខ្លួន​ឡើង មុននឹងដួលទៅលើថ្នល់ ខណៈយានយន្ដដទៃទៀត បានចាប់ហ្វ្រាំងភ្លាមៗ និងខ្លះទៀត បាន​ព្យាយាម​បើក​គេច​ផ្លូវ ដើម្បីបញ្ឈៀសការកិនបន្ថែម ទៅលើម៉ូតូ និងម្ចាស់ម៉ូតូ។

អាចចាត់ទុក ថាជាសំណាងដ៏ល្អបំផុតមួយ ក្នុងជីវិតរបស់យុវជនម្ចាស់ម៉ូតូ ដោយហេតុថា គ្មានរថយន្ដ​ណា​ផ្សេង​បើក នៅពីក្រោយក្បែរយុវជននោះ ដែលអាចចាប់ហ្វ្រាំងមិនទាន់ ហើយកិនបន្ថែមពីលើយុវជន ដែល​បាន​ដួល​នៅ​លើ​ថ្នល់។ នៅក្នុងហេតុការណ៍នេះ យុវជនបានរងរបួសស្រាល ខណៈរថសណ្ដោង​ដែល​បង្ក​គ្រោះ​ថ្នាក់​ខាង​លើ ត្រូវបាន​នគរបាលចរាចរណ៍ ឃាត់ដើម្បីធ្វើការដោះស្រាយ នៅពេលក្រោយមក៕