ហ៊ុន សែន ប្ដូរ​តំណែង​ឧត្ដមសេនីយ៍​ម្នាក់​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ

«ខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះ​នឹងទទួលបានការគាំទ្រ» នេះបើតាមការអះអាង របស់លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅក្នុងសំណេរផ្លូវការមួយ នៅលើបណ្ដាញសង្គម ដើម្បីដកឧត្ដមសេនីយ៍មួយរូប ពីតំណែង​ជា​អគ្គនាយក​រង នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់រូបនោះ បានប្រើពាក្យ​សំដី​មិន​សមរម្យ ទៅលើមន្ត្រី​នគរបាលចរាចរណ៍ ដែល​បាន​ឃាត់​រថយន្ដ​ខ្លួន។
ហ៊ុន សែន ប្ដូរ​តំណែង​ឧត្ដមសេនីយ៍​ម្នាក់​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ

លោក ហ៊ុន សែន ថតរូប«Selfie» ជាមួយក្រុមអ្នកគាំទ្រ។ (រូបថតហ្វេសប៊ុក)

យុទ្ធនាការរបស់លោក ហ៊ុន សែន ដើម្បីទទួលបាន​«ការគាំទ្រ»​ពីពលរដ្ឋ នៅលើបណ្ដាញសង្គម កំពុង​បន្ត​ធ្វើ​ទៅ​មុខ។ ប៉ុន្តែបើទោះ ជានាយករដ្ឋមន្ត្រីកម្ពុជា​ខ្លួនឯង​អះអាង​ថា ការអនុវត្តន៍«វិន័យ»នេះ បាន​ធ្វើឡើង​ព្រោះ​លោក​សង្ឃឹម ថានឹងទទួលបានការគាំទ្រ​ពីពលរដ្ឋ និងព្រោះការផ្ដល់យោបល់ ពី«បងប្អូនមួយចំនួន ដែល​ផ្តល់​មតិ​តាម Facebook»​ នោះក៏ដោយ តែយ៉ាងហោចណាស់ វាជាសារព្រមានមួយ ទៅកាន់មន្ត្រីអនុវត្តន៍​ច្បាប់​ជា​ច្រើន ដែលតែងប្រើអំណាច នៃបុណ្យស័ក្ដិ ឬតួនាទីរបស់ខ្លួន គ្របសង្កតទៅលើមន្ត្រីថ្នាក់ក្រោម ឬទៅលើពលរដ្ឋ​ស្លូត​ត្រង់​គ្មានអំណាច។

ហើយការអនុវត្តន៍ «វិន័យ» នេះទៀតសោធ ក៏មិនមែនជាចំណាត់ការជាស្ថាពរ របស់នាយករដ្ឋមន្ត្រី ទៅលើ​មន្ត្រី«គ្រាក់»រូបនោះដែរ តែវាជាការ​«កែតម្រូវ»​ចុះឡើង ពីអ្វីដែលលោកបានលើកឡើង ម្ដងជាពីរដង ក្នុង​ពេល​មុននេះ។ លោក ហ៊ុន សែន បានសរសេរនៅ​លើទំព័រ​ហ្វេសប៊ុក​របស់លោក នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៦ វេលាម៉ោង៨ និង១១នាទី​ថា៖ «បន្ទាប់ពីខ្ញុំចាត់វិធានការ លើលោកឧត្តមសេនីយ៍ ក្នុងរយះពេល​ដែល​ខ្ញុំ​មិន​ទាន់​ចុះហត្ថលេខា លើឯកសារផ្លូវការ (នោះ) ខ្ញុំសូមធ្វើការកែតម្រូវ លើវិធានការដូចខាងក្រោម»។

នាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា បានសរសេរបន្តថា៖ «អនុវត្តន៍វិន័យ ចំពោះលោកឧត្តមសេនីយ៍ ម៉ម ស្រុីមវណ្ណា ដោយដកតួនាទី ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែរក្សាទុកឋានន្តរសក័្ក ជា​ឧត្តម​សេនីយ៍ឯក នៃនគរបាលជាតិតទៅទៀត។ នាពេលខាងមុខ ប្រសិនលោក ម៉ម ស្រុីមវណ្ណា ស្គាល់​កំហុស​និង​ធ្វើការ​កែប្រែ ក្រសួងមហាផ្ទៃអាចលើកសំណើរតែងតាំង ក្នុងមុខដំណែងណាមួយសមស្រប។ នេះជា​ឱកាស​សំរាប់​ការ​កែខ្លួន។ (តែ) ក្នុងករណីមិនកែប្រែ (នោះ)វិន័យនឹងមានបន្តទៀត។»។

លោក ហ៊ុន សែន បានសរសេរទៀតថា មន្ត្រីនគរបាលចរាចរណ៍ «ដែលប្រើសំដីមិនគប្បី» នឹងត្រូវ​ទទួល​ការ​អប់រំ ហើយទទួលការងារ ជាប្រក្រតីឡើងវិញ។ ជាពិសេស«ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ត្រូវ​ធ្វើ​ការ​អប់រំ​នគរបាលចរាចរណ៍ទូទាំងប្រទេស អំពីសីលធម៍ សុជីវធម៍ វិន័យ។ល។ ត្រូវសុភាពរាបសារ តែហ្មឺង​ម៉ាត់​ក្នុង​ការ​អនុវត្តច្បាប់។»។

ជាការរំលឹកពីសាច់រឿងឡើងវិញ កាលពីយប់ថ្ងៃពុធទី២៩ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ២៣និង២៧នាទី លោក ហ៊ុន សែន បានយករូបខាងក្រោមនេះ មកបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ជាមួយនឹង​សារ​សរសេរ​ថា៖ «ប្រសិននេះជារឿងពិត ខ្ញុំនឹងប្រើប្រាស់អំណាចខ្ញុំ ជានាយករដ្ឋមន្ត្រី ដើម្បីដកឋានៈ និងស្នើ​សុំ​ព្រះ​មហាក្សត្រ ដកឋានន្តរស័ក្តិ និងបណ្តេញចេញ ពីក្របខ័ណ្ឌនគរបាលជាតិតែម្តង»។

ហ៊ុន សែន ប្ដូរ​តំណែង​ឧត្ដមសេនីយ៍​ម្នាក់​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ

មួយសន្ទុះក្រោយមកទៀត លោក ហ៊ុន សែន បានយកវីដេអូ នៃហេតុការណ៍ ជម្លោះរវាងមន្ត្រី«គ្រាក់» និង​មន្ត្រី​«ថ្នាក់ក្រោម» ដែលជាប់ពាក់ព័ន្ធទាំងសងខាង មកបង្ហោះបន្ថែម។ លោកបានសរសេរទៀតថា៖ «លោក​ឧត្តម​សេនីយ័​ទូរស័ព្ទ ទៅស្នងការរងក្រុង ឱ្យអប់រំនគរបាលចរាចរណ៌ ដែលចង់ផាកគាត់»។

បើគេតាមដានឲ្យបានដិតដល់ គេនឹងដឹងថា ការយកចិត្តទុកដាក់ ស្រាវជ្រាវអង្កេត របស់លោក ហ៊ុន សែន បាន​កើត​ឡើង​រវាងគ្នា តែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ព្រោះនៅវេលាម៉ោង១និង២៨នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៦ (ពីរម៉ោង ក្រោយសំណេរទីមួយ ទាក់ទងករណីខាងលើ) លោកនាយករដ្ឋមន្ត្រី បានបង្ហោះសេចក្ដី​សម្រេច «ទីមួយ» របស់លោកដូច្នេះថា៖ «ខ្ញុំបានស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងស្តាប់សារចុះសារ​ឡើង​នូវ​ការ​និយាយរបស់ លោកឧត្តមសេនីយ៍។ ពាក្យ "អាប៉ូលីសចរាចរណ៌" ជាពាក្យមិនត្រឹមតែប្រមាថ មើល​ងាយ​ថ្នាក់​ក្រោម​ប៉ុណ្ណោះ​ទេ តែជាការប្រមាថ ដល់ស្ថាប័ននគរបាលចរាចរណ៌ទាំងមូល។ (...) ខ្ញុំអត់មាន​ជម្រើស​ឱ្យ​ល្អ ក្រៅពីសំរេចចិត្តទាំងការឈឺចាប់ និងសោកស្តាយ ដើម្បីដកតំណែងនិងឋានន្តរស័ក្តិ ព្រមទាំង​បណ្តេញ​គាត់ ចេញ​ពី​នគរបាល​ប៉ុណ្ណោះ។»៕

» វីដេអូ នៃហេតុការណ៍ជម្លោះរវាងមន្ត្រីថ្នាក់«គ្រាក់» និងមន្ត្រី«ជាន់ក្រោម»៖