សំណុំរឿង​បង្ខាំង​ក្មួយ​ស្រី​បង្ខំ​ឲ្យ​រួមភេទ​ តុលាការ​បិទទ្វារ​កាត់ទោស​ជនជាប់ចោទ

សំណុំរឿង​បង្ខាំង​ក្មួយ​ស្រី​បង្ខំ​ឲ្យ​រួមភេទ​ តុលាការ​បិទទ្វារ​កាត់ទោស​ជនជាប់ចោទ



ភ្នំពេញ​ ៖​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា ឆ្នាំ ២០១៦ បាន​បើកសវនាការ​លើ​សំណុំរឿង​ចាប់​បង្ខាំង​ក្មួយ​ស្រី​របស់​ខ្មែរ​ឥស្លាម​មួយ​គ្រួសារ​ និង​បង្ខំ​ឲ្យ​រួមភេទ​ជាមួយ​អ្នក​ដទៃ​ជា​ថ្នូរ​នឹង​ប្រាក់ តែ​ការ​កាត់ក្ដី​នេះ​តុលាការ​បាន​សម្រេច​ចង​មុង​បិទទ្វារ​កាត់ទោស​តាម​រូបភាព​សវនាការ​អសាធារណៈ។

ដូច្នេះ​ចម្លើយ​របស់​ជនជាប់ចោទ ជនរងគ្រោះ និង​សាក្សី​ផ្សេងៗ មិនត្រូវ​បាន​ទម្លាយ​ឲ្យដឹង​ជា​សាធារណៈ​ឡើយ។ លុះដល់​វេលា​ម៉ោង ១១និង​២០​នាទី តុលា​ការ​បាន​ផ្អាក​សវនាការ ហើយ​​​ចៅក្រម​ជំនុំជម្រះ​លោក នូ វាសនា បាន​ប្រកាស​ថា​​ នឹង​ជូន​ដំណឹង​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​ពី​ការ​បដិសេធ​ដើម្បី​បើកសវនាការ​បន្ត។

ជា​ការ​កត់​សំគាល់​ មុន​ពេល​សវនាការ គេ​ឃើញ​ជនរងគ្រោះ​នៅ​ក្នុង​សំណុំរឿង ​ត្រូវ​បាន​អង្គការ​មួយ​នាំ​មក​ឲ្យ​ឆ្លើយ​ដាក់​បន្ទុក​លើ​ម្ដាយមីង​របស់​ខ្លួន​២​នាក់​ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ ចំណែក​ជនជាប់ចោទ​ក៏មាន​សាច់ញាតិ​របស់​គាត់​ជាច្រើន​បាន​មក​កាន់​តុលាការ​ដើម្បី​ឆ្លើយ​ដោះ​បន្ទុក​ផងដែរ។

សូម​រំលឹកថា មាន បុរស ស្ត្រី ឥស្លាម​បីនាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៣ ខែ​សីហា​ ឆ្នាំ​២០១៥ នៅ​ខណ្ឌ​ឫស្សីកែវ​ នៅក្នុង​ប្រតិបត្តិការ​បង្ក្រាប​អំពើ​បង្ខាំង​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ដាក់​ច្រវា​ក់​ជើង ហើយ​បង្ខំ​ឲ្យ​រួមភេទ​ជាមួយ​បុរស​ចំណាស់ ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន​១០០០​ដុល្លារ។

លោក​កែវ ធា នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រុងភ្នំពេញ​បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា ក្រោយពី​មាន​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ លោកស្នងការ​នគរបាល​ក្រុងភ្នំពេញ និង​លោក​ព្រះរាជអាជ្ញា​អម​តុលាការ ​បាន​អនុញ្ញាត​ឲ្យ​ចូល​ត្រួតពិនិត្យ​លំនៅឋាន ខ្មែរ​ឥស្លាម​មួយ​ក្នុង​ខណ្ឌ​ឫស្សីកែវ។ ក្នុង​ការ​ឆែកឆេរ​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ស្ត្រី​ពីរ​នាក់ និង​បុរស​ម្នាក់​ ដែល​ជាប់​ពាក់ព័ន្ធ ​នឹង​បទល្មើស និង​រំដោះ​ក្មេង​ស្រី​រងគ្រោះ​ម្នាក់ ដែល​ម្ដាយមីង​បាន​ដាក់​ច្រវាក់​ជើង​បង្ខាំង​ទុក​ក្នុង​ផ្ទះ​ទុក​លក់​ផ្លូវ​ភេទ។

លោក កែវ ធា​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១.​ឈ្មោះ ជា ស្រស់ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ទី​២​.ឈ្មោះ ជា ទីណា ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ ​ជា​ម្ដាយមីង​បង្កើត​របស់​ជនរងគ្រោះ​តែម្ដង។ ចំណែក​បុរស ​ដែល​ទិញ​ការ​រួមភេទ​ជាមួយ​ក្មេង​ស្រី​រងគ្រោះ​ពី​ម្ដាយមីង​ ឈ្មោះ ឈឹម ឆៃលី អាយុ​៣៦​ឆ្នាំ។ ឥឡូវនេះ​ក្រុម​ជនសង្ស័យ​កំពុង​ធ្វើការ​សាកសួរ​នៅ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់។

សមត្ថកិច្ច​ ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​នេះ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ដើម​ឆ្នាំ​២០១៥ ម្ដាយមីង​របស់​ក្មេង​ស្រី​រងគ្រោះ បាន​លួងលោម​ក្មួយ​ស្រី​របស់​ខ្លួន​ដែល​ជា​ក្មេង​កំព្រា​យក​ទៅ​លក់​ខ្លួន​ឲ្យ​បុរស​ឈ្មោះ ឈឹម ឆៃលី បាន​ប្រាក់​ចំនួន​១០០០​ដុល្លារ។ ក្រោយមក​ម្ដាយមីង​ទាំងពីរ​នាក់ បាន​លួងលោម​ក្មួយ​ស្រី​របស់​ខ្លួន​ឲ្យធ្វើជា​ស្រី​កំណាន់​របស់​ឈ្មោះ ឈឹម ឆៃលី​ទៀត តែ​ឈ្មោះ ជ ណ រ មិន​ព្រម ក៏ត្រូវ​ម្ដាយមីង​ចិត្ត​តិរច្ឆាន​ចាប់​ដាក់​ច្រវា​ក់​ជើង​បង្ខាំង​ទុក​ក្នុង​ផ្ទះ​រហូត​មក​ដើម្បី​លក់ខ្លួន​ឲ្យឈ្មោះ ឈេ​ម ឆៃលី​ម្ដងម្កាល។ លុះដល់​ថ្ងៃទី​៣១​ ខែ​កក្កដា ឆ្នាំ​២០១៥ ជនរងគ្រោះ​បាន​រើ​រួច​ពី​ច្រវាក់​របស់​ម្ដាយមីង​ក៏​រត់​មក​រក​អ្នកជិតខាង​ឲ្យ​ជួយ​នាំ​ទៅ​សមត្ថកិច្ច​ដាក់ពាក្យ​ប្ដឹង​តែម្ដង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​រហូត​មក​ដល់​ថ្ងៃនេះ​ ជនរងគ្រោះ​ឈ្មោះ ជ ណ រ ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ និង​ជា​ក្មេង​កំព្រា​ទៀត​ផង ទើប​ម្ដាយមីង​ទាំង​ពីរ​នាក់​ចាប់​បង្ខាំង​ទុក​លក់ កេងប្រវ័ញ្ច​លើ​ផ្លូវ​ភេទ​យ៉ាង​អ​យុត្តិធម៌​បំផុត។

ផ្ទុយ​ពី​ការ​អះអាង​នេះ សាក្សី​ខ្មែរ​ឥស្លាម​ច្រើន​នាក់​នៅ​ក្នុង​ភូមិ​កើតហេតុ​បាន​ច្រាន​ចោលការ​ចោទ​ប្រកាន់​នោះ ដោយ​ពួកគាត់​បាន​និយាយ​ក្មេងស្រី​នោះ​ត្រូវ​ម្ដាយមីង​ទាំងពីរ​ចិញ្ចឹម​តាំង​ពីក្មេង​តូច​មក​ម៉្លេះ​ លុះដល់​ធំ​ពេញវ័យ​មិន​ស្ដាប់បង្គាប់​ម្ដាយមីង​វា​ទេ ចេះតែ​ដើរលេង​សេពគប់​មិត្តភ័ក្ដិ​ជក់​គ្រឿងញៀន ដើរ​ដាច់​យប់​មិន​ចូល​ផ្ទះ​ជាដើម​ទើប​ម្ដាយមីង​វា​បង្ខាំង​នៅ​ក្នុង​ផ្ទះ ហើយ​ករណី​នេះ អ្នកភូមិ​អាច​ធ្វើ​សាក្សី​បាន៕