កំរោល​ចូល​ទាញ​កូនកាំបិត​ចាក់​ចុងដង្ហើម​បំណង​សម្លាប់​ខ្លួន​

កំរោល​ចូល​ទាញ​កូនកាំបិត​ចាក់​ចុងដង្ហើម​បំណង​សម្លាប់​ខ្លួន​



បាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​កន្លងមក​គឺជា​មនុស្ស​ញៀន​ស្រា ស្ទើរតែ​ខូច​សតិ ទៅ​ហើយ​នោះ បាន​ធ្វើ​អត្តឃាត​ដោយ​ប្រើ​កូនកាំបិត​ចាក់​លើ​ដើមទ្រូង​ខ្លួនឯង ​បំណង​សម្លាប់​ខ្លួន បន្ទាប់​ពី​បុរស​រូប​នេះ ​ហាក់​បីដូច​ជា​មាន​កំរោល​ចូល​ក្នុង​ខ្លួន​ ដោយ​ចេះតែ​ឃើញ​គេ​កាន់​កាំភ្លើង​មក​អង្គុយ​ចាំ​បាញ់​មក​លើ​ខ្លួន។

លោក មួ ឡាន អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង ៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​ មាន​ករណី​ធ្វើ​អត្តឃាត​មួយ​បាន​កើតឡើង​ត្រង់​ចំណុច​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​ច្រាប​វាល​ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

លោក​បាន​បន្ត​ថា ជនរងគ្រោះ​មានឈ្មោះ សំ សារឿន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​មាន​ទីលំនៅ​មិន​ពិតប្រាកដ ដោយ​បាន​នាំ​ក្មួយ​មក​ជួល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​បាន​ពីរ​ថ្ងៃ​ហើយ គឺ​មិនទាន់​បាន​ឲ្យ​ថ្លៃ​ផ្ទះ​ជួល​នៅឡើយ ហើយ​នៅ​មុន​នេះ​រយៈពេល​ពីរ​ថ្ងៃ​បុរស​រូប​នេះ​បាន​ទៅលេង​ផ្ទះ​បងប្អូន​នៅ​ឯ​ភូមិ​ស្រះ​កែវ ឃុំ​កំពង់ព្រះ ព្រមទាំង​បាន​លុយ​ចំនួន​២​ម៉ឺន​រៀល​មក​ផង​ដោយ​បងប្អូន​ឲ្យ។

តាម​ការ​បំភ្លឺ​ពី​ម្ចាស់​ផ្ទះ​ជួល​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​មុន​ពេល​កើតហេតុ គឺ​បុរស​រូប​នេះ​បិទទ្វារ​មិន​ឲ្យ​ក្មួយ​ចូល​ទៅ​ក្នុង​បន្ទប់​ឡើយ ដោយ​គេ​និយាយ​ថា ចេះតែ​ឃើញ​មនុស្ស​មក​អង្គុយ​ចាំ​បាញ់​មក​លើ​ខ្លួន។ លុះ​ព្រឹក​ឡើង​ក៏​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​គេ​ឃើញ​បុរស​រូប​នេះ បាន​យក​កូនកាំបិត​ចុង​ស្រួច​មក​ចាក់​លើ​ចុងដង្ហើម​ខ្លួនឯង​ដើម្បី​សម្លាប់​ខ្លួន ប៉ុន្តែ​មិន​ស្លាប់​ដោយសារ​តែ​មាន​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច បាន​ជួយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ ដោយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​នេះ​អាច​មាន​កំរោល​ចូល​ក្នុង​ខ្លួន​បានជា​ហ៊ាន​ទាញ​កូនកាំបិត​មក​ធ្វើ​អត្តឃាត​ខ្លួនឯង​បែបនេះ៕