ជាង៣០០​គ្រួសារ​ ត្រូវ​ឱ្យចាក​ចេញ​ពី​លើ​ភ្នំ​គូលែន

ខេត្តសៀមរាប ៖ ​​ក្រុម​មន្ត្រី​អាជ្ញាធរ​បាន​អះអាង​ថា​ គ្រួសារ​កងទ័ព និង​​ជន​ស៊ី​វិល ប្រមាណ​ជាង​៣០០​គ្រួសារ ​នឹង​ត្រូវ​ជម្លៀសចេញ​ពី​​ភូមិ​ព្រះ​អង្គ​ធំ​នៃ​ឧទ្យាន​ជាតិ​ជ័យ​វរ្ម័ន​-​នរោត្តម ភ្នំ​គូលែន នៅ​ពេល​ខាង​មុខ​ឆាប់​ៗ ដោយ​តម្រូវ​​ឱ្យ​​មក​កាន់​ទី​តាំង​ថ្មី​ នៅ​ខាង​ក្រោម​ជើងភ្នំ ​ដែល​អាជ្ញាធរ​រៀបចំ​ជា​គោលនយោបាយ​​ជូន​ ។

មន្ត្រី​​បរិស្ថាន​បាន​ផ្តល់​ជា​មូលហេតុ​ថា​ ​គម្រោងការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ទាំង​ភូមិ​បែប​​ហ្នឹង គឺ​ដោយសារ​តែ​មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​ទាំង​​​នោះ​ថា​ បាន​ចូល​ទៅ​កាន់កាប់​ទីនោះ តាម​បែប​អនា​​ធិ​ប​តេ​យ្យ ជា​ពិសេស​នៅ​គៀក​កិត​នឹង​ទីតាំង​ព្រះ​អង្គ
​ធំ​ដែល​កំពុង​ត្រៀម​​ស្នើ​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិ​ភ​លោក​នៅ​ពេល​ខាង​មុខ ។

រួម​ទាំង​មានការ​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ តាម​រយ​:​បង្ហូរ​កាក​សំណល​រឹង​រ៉ាវ ចូល​ទៅ​ក្នុង​ស្ទឹង ដែល​បុព្វបុរស់​ខ្មែរ​ឆ្លាក់​ចម្លាក់​លិ​ង្គ​មួយ​ពាន់ ក្នុង​បំណង​បង្វែ​ទឹកធម្មជាតិ​​ទៅ​ជា​ទឹក​អ​ម្រិ​ត​ ​សម្រាប់​ជា​ប្រយោជន៍​ជីវភាព​ រស់នៅ​របស់​មនុស្ស សត្វ រុក្ខ នៅ​ផ្នែក​ខាង​ក្រោម​​ភ្នំ​ផង​ដែរ ។

ទាក់ទង​នឹង​ផែនការ​​ជម្លៀស​គ្រួសារ​កង​ទ​ព័​ និង​​ប្រជាពលរដ្ឋ​ចេញពី​ភូមិ​ខាងលើ​ អភិបាលខេត្ត​សៀមរាប លោកឃឹម ប៊ុ​ន​សុង បាន​មាន​ប្រសាសន៍​ថា​ ​ករណី​នេះ​ ​លោក​បាន​បង្កើត​អនុ​គណកម្មការ​ថ្នាក់​ខេត្ត​មួយ​រួច​ហើយ ដើម្បី​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង និង​ស្រង់​ទិ​ន្ន​​​ន័យ​ពី​ចំនួន​គ្រួសារ ទាំង​កងទ័ព ទាំង​ជន​ស៊ី​វិល ដែល​ចូល​ទៅ​តាំងទី​លំនៅ​ជា​លក្ខណ​: អនា​ធិបតេយ្យ​នៅ​លើ​ខ្នងភ្នំ​ដ៏​ស័​ក្ត​សិទ្ធិ​មួយ​នេះ ។

លោក​អភិបាល​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ «​ខ្ញុំ​បាន​ប្រជុំ​ពិភាក្សា​ជាមួយ​ក្រសួងបរិស្ថាន​រួច​ហើយ​ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ  គ្រួសា​កង​ទ័ព និង​​ប្រជាពលរដ្ឋ​ ដែល​ទៅ​តាំងទី​លំនៅ​ជា​លក្ខណ​:​អនាធិបតេយ្យ​​នៅ​លើ​ខ្នងភ្នំ​គូលែន​ហ្នឹង យើង​ដាច់ខាត​ត្រូវ​តែ​ធ្វើ​ការ​ជម្លៀស​ពួក​គាត់​ឲ្យ​មក​រស់នៅ​ទីតាំង​ខាងក្រោម ដែល​យើង​បាន​រៀបចំ​ជា​គោលនយោបាយ​ជូន​វិញ​» ។

ជាមួយ​គ្នា​ដែរ ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោកសៅ សុភា បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ័​កាលពី​ពេល​ថ្មី​ៗ ដោយ​បាន​ហៅ​ផែនការ​ជម្លៀស​គ្រួសារ​កង​ទ​ព័ និង​គ្រួសារ​ជន​ស៊ី​វិល ចេញពី​ខ្នងភ្នំ​គូលែន​ខាងលើ​ថា ​ជា​ផ្នែក​មួយ​នៃ​ការ​សម្រួល​ភារកិច្ច​គ្រប់គ្រង​ឧទ្យាន​ជ័យ​វ​រ័​ន្ម​-​នរោត្តម «​ភ្នំ​គូលែន​» និង​​ការ​សង្គ្រោះ​ឈើ​ព្រៃ​នៅ​ទីនោះ ​ចេញពី​ភាព​មហន្តរាយ ដែល​ស្តែង​ចេញពី​ការ​កាប់​ឈើ​ធ្វើ​អា​ជីវ​កម្ម និង​​ទន្ទ្រាន​ហ៊ុម​​ព័ទ្ធ​យក​ដី​ធ្វើ​កសិកម្ម ​។

សូម​បញ្ជាក់​ថា​ ​ឧទ្យាន​ជ័យ​វ​រ័​ន្ម​-​នរោត្តម «​ភ្នំ​គូលែន​» ខេត្តសៀមរាប​ ត្រូវ​បាន​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​០១ វិ​ច្ច​កា​ ១៩៩៣ លើ​ផ្ទៃដី៣៧៥០០​ហិ​កតា ដែល​លាតសន្ធឹង​ពី​តំបន់​ក្បាលស្ពាន ស្រុក​បន្ទាយស្រី រហូត​ដល់​ស្រុក​ស្វាយ​លើ ។​ ចំពោះ​ការ​គ្រប់គ្រង​នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ​មួយ​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុង​មាន​ភាព​ប្រទាញប្រទង់​គ្នា​ជា​ច្រើន​​ស្ថា​​ប័ន រាប់​ទាំង​ប៉ូលិស អាជ្ញា​ធរ​​ជាតិ​អប្សរា អង្គភាព​យោធា និង​អង្គភាព​បរិស្ថាន​ផង​ដែរ ​។

មន្ត្រី​ឧទ្យាន​នុ​រក្ស​មួយ​រូប​​បាន​ឲ្យ​ដឹងថា ​នៅ​លើ​ខ្នងភ្នំ​គូលែន​នោះ ​មាន​ប្រជាពលរដ្ឋ​តាំងទី​លំនៅ​ចំនួន​មួយ​ឃុំ គឺ​ឃុំ​ខ្នងភ្នំ និងភូមិ​ក្របខ​ណ្ឌ​ចំនួន​៥ រួម​មាន​ភូមិ​អន្លង​ធំ, ខ្មា​ឃ្មុំ,​ តា​ពេញ, ​សង្កែ​ឡាក់, ​ថ្ម​ជ្រួញ និងភូមិ​មិន​ទាន់​ចូល​ក្របខ​ណ្ឌចំនួន​៣​ផ្សេង​ទៀត មាន​ភូមិពពេល, ព្រះ​អង្គ​ធំ និង​ភូមិ​ថ្មី ។ ឃុំ​នេះ​ស្ថិ​ត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើ​ ។