រុស្សី បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​តួ​ក​គី បន្ទាប់ពី​ទទួលបាន​ពាក្យ​សុំទោស​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-30-2016, 4:56 pm         143

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រុស្សី បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​តួ​ក​គី បន្ទាប់ពី​ទទួលបាន​ពាក្យ​សុំទោស​​បន្ទាប់ពី​ទទួលបាន​សារ​សុំទោស​ពី​តួ​ក​គី រឿង​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់ខ្លួន ប្រមុខរដ្ឋ​រុស្សី បាន​បញ្ជា​ឲ្យ​បន្ថយ​ការ​រឹតត្បិត​ការធ្វើដំណើរ និង​ពាណិជ្ជកម្ម ដែល​ដាក់​លើ​តួ​ក​គី​។ ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្សី ដោយ​កងកម្លាំង​អាកាស​តួ​ក​គី នៅក្បែរ​ព្រំដែន​ជាមួយ​ស៊ី​រី ក្នុង​ឆ្នាំ​២០១៥ ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ធ្លាក់ចុះ​យ៉ាងខ្លាំង រហូតដល់​រុស្សី ដាក់ទណ្ឌកម្ម​លើ​តួ​ក​គី​ទៀតផង​។​

​ប្រធានាធិបតី​រុស្សី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បាន​ប្រាប់​ឲ្យ​រដ្ឋាភិបាល​រុស្សី ចាប់ផ្ដើមដំណើរការ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ជាធម្មតា​ឡើងវិញជាមួយ​តួ​ក​គី​។ នេះ​ជាការ​សម្រួល​ទំនាក់ទំនង​ឡើងវិញ ដែល​បាន​រអាក់រអួល ដោយសារ​តួ​ក​គី បាញ់​ទម្លាក់​យន្តហោះ​នាពេល​កន្លងមក និង​បន្ទាប់ពី​ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan ផ្ញើ​សារ​សុំទោស​រួចមក​។​

​ថ្លែង​ទៅកាន់​សមាជិក​គណៈរដ្ឋមន្ត្រី ប្រធានាធិបតី​រុស្សី បញ្ជាក់ថា លោក​នឹង​ចាប់ផ្ដើម​ការងារ​នេះ ជាមួយនឹង​វិស័យ​ទេសចរណ៍​មុនគេ​។ រុស្សី នឹង​លើកលែង​ការ​រឹតត្បិត​ផ្នែក​រដ្ឋបាល លើ​វិស័យនេះ​។

​ទេសចរណ៍​មកពី​រុស្សី ទៅកាន់​តួ​ក​គី បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង នៅក្រោយ​ការ​រឹតត្បិត​ការធ្វើដំណើ​រកម្សាន្ត​ទៅកាន់​តួ​ក​គី​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Al Jazeera ដែល​ស្រង់​ទិន្នន័យ​ពី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​តួ​ក​គី បង្ហាញថា ទេសចរ​ទៅកាន់​ប្រទេស​នេះ ធ្លាក់ចុះ​ចំនួន​៣៥​ភាគរយ ក្នុង​ខែឧសភា បើ​ប្រៀបធៀប​នឹង​ពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៥​។ 

​ជាមួយនឹង​ការទទួល​សំបុត្រ​សុំទោស​ពី​ប្រធានាធិបតី​តួ​ក​គី មេដឹកនាំ​រុស្សី​អះអាង ការសុំ​ទោស បង្កើត​ឲ្យ​មាន​ស្ថានភាព​ជិតស្និទ្ធ ដើម្បី «​បិទ​ទំព័រ​អាក្រក់​» ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ ទន្ទឹមនឹងនេះ វិមាន​ក្រេ​ម​ឡាំង និយាយ​ដែរ​ថា លោក ពូ​ទីន និង​លោក Erdogan បាន​ពិភាក្សាគ្នា តាម​ទូរ​សព្ទ ដោយ​លោក ពូ​ទីន ប្រា​ប់លោក Erdogan ថា សំណុំរឿង​ប្រឆាំងនឹង​ជនជាតិ​តួ​ក​គី ដែល​ទទួលខុសត្រូវ​លើ​ការស្លាប់​អ្នកបើក​យន្តហោះ​រុស្សី គឺជា​រឿង​មែនទែន​។​

​លើសពីនេះ មានការ​រំពឹងថា ប្រធានាធិបតី​ទាំងពីរ នឹង​ជួបគ្នា ក្នុង​កិច្ចប្រជុំ​G20 ដែល​នឹងធ្វើ​នៅ​ប្រទេស​ចិន ក្នុង​ខែកញ្ញា​។ ប៉ុន្តែ លោក Dmitry Peskov អ្នកនាំពាក្យ​លោក ពូ​ទីន ហាក់​បដិសេធ​នឹង​បញ្ហា​នេះ ដោយ​បញ្ជាក់ថា ទីកន្លែង និង​ពេលវេលា នៃ​ជំនួប មិនទាន់​កំណត់​នោះទេ​។ ជំនួស​មកវិញ ភាគី​ទាំងពីរ យល់ព្រម​ឲ្យ​មាន​ជំនួប​រដ្ឋមន្ត្រីការបរទេស នៅក្រោយ​កិច្ចប្រជុំ​ថ្នាក់​តំបន់ នៅ​ទីក្រុង Sochi ក្នង​សប្ដាហ៍​នេះ​៕