វាយប្រហារ​ព្រ​លាន​យន្តហោះ​ក្រុង​អីុស្តង់​ប៊ុល អ្នក​ស្លាប់​ឡើង​ដល់​41​នាក់​របួស​239​នាក់

ប្រទេស​តួ​ក​គី​ចាត់​ទុក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ក្រុម​សង្ស័យ​ខ្លាំង​ចំពោះ​ការ​វាយប្រហារ​អត្តឃាត​៣ និង​ការ​បាញ់ប្រហារ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​៤១​នាក់ និង​របួស​២៣៩​នាក់​កាលពី​យប់​ថ្ងៃ​ទី​២៨ មិថុនា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ ATATURK ក្រុង​អីុ​ស្តង់​ប៊ុល ។

ជន​អត្តឃាត​៣​នាក់​បាន​បាញ់​រះ​នា​វេលា​ម៉ោង​២១​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក ញ៉ាំង​ឱ្យ​មានការ​ជ្រួលច្របល់​ខាងក្រៅ​ព្រ​លាន​យន្តហោះ​មុន​ពេល​ជន​អត្តឃាត​២​នាក់ លុក​ចូល​ខាងក្នុង​ហើយ​ធ្វើ​ឱ្យ​ផ្ទុះ ។

នាយក​រដ្ឋមន្ត្រី​តួ​ក​គី លោក​ប៊ី​ណា​លី​យី​ល ឌី​រី​ម បញ្ជាក់​ថា ពួក​អ្នក​វាយប្រហារ​បាន​បាញ់​រះ​ដើម្បី​រារាំង​ដល់​អន្តរាគមន៍​របស់​ភ្នាក់ងារ​សន្តិសុខ​។ ជន​អត្តឃាត​ម្នាក់​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ក្នុង​កន្លែង​រង់ចាំ​ចេញដំណើរ ហើយ​ជន​អត្តឃាត​ម្នាក់​ទៀត​ធ្វើ​ឱ្យ​ផ្ទុះ​នៅ​កន្លែង​ភ្ញៀវ​មក​ដល់ រួច​ជន​អត្តឃាត​ទី​៣​នៅ​ខាងក្រៅ ។ ជន​ទាំង​៣​នាក់​នេះ​មក​កាន់​ព្រ​លាន​យន្តហោះ​តាម​រថយន្ត​តាក់ស៊ី ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​អង់កា​រ៉ា លោក​យី​ល​ឌី​រី​ម ថ្លែង​ថា ការ​សន្និដ្ឋាន​របស់​យើង​ផ្តោត​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ លោក​បន្ត​ថា ការ​ស៊ើបអង្កេត​នៅ​បន្ត ហើយ​អត្តសញ្ញាណ​ពួក​ជន​អត្តឃាត​នឹង​លាតត្រដាង​នា​ពេល​ឆាប់​ៗ​ខាង​មុខ ។

នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ប្រមុខ CIA លោក JOHN BRENNAN វាយតម្លៃ​ថា ការ​វាយប្រហារ​អត្តឃាត​ទាំង​៣​នេះ មាន​លំនាំ​ជា​ការ​វាយប្រហារ​ភេរវកម្ម​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ កាលពី​ថ្ងៃ​ទី​២៩ មិថុនា លោក​បាន​ព្រមាន​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អាច​ធ្វើការ​វាយប្រហារ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ នៅ​សហរដ្ឋ​អា​េ​ម​រិ​ក ។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ YAHOO NEWS ប្រមុខ CIA អះអាង​ថា ក្នុង​នាម​ជា​អ្នកមាន​វិជ្ជាជីវៈ​ខាង​ស៊ើបការណ៍​ដែល​សិក្សា​ពី​សមត្ថភាព​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ការ​ប្តេជ្ញា​ចិត្ត​របស់​គេ​សម្លាប់​មនុស្ស​ឱ្យ​បាន​ច្រើន​បំផុត និង​ធ្វើការ​វាយប្រហារ​នានា​នៅ​ឯ​បរទេស ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ ។

អាជ្ញាធរ​តួ​ក​គី​រាយការណ៍​ថា ជនបរទេស​១៣​នាក់ ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ ក្នុង​នោះ​មាន​ជនជាតិ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​៥​នាក់ អីុ​រ៉ា​ក់​២​នាក់ ជនជាតិ​ចិន ហ្ស៊​ក​ដា​នី ទុ​យ​នី​ស៊ី អ៊ូ​ស្បេ​គី​ស្ថាន អីុ​រ៉​ង់ និង​អ៊ុយ​ក្រែ​ន ។

ការ​វាយប្រហារ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​ធំ​ទី​៣​នៅ​អឺរ៉ុប​នេះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​មួយ​នៅ​តួ​ួ​ក​គី​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ។

ប្រធានាធិបតី​តួ​ក​គី លោក​រី​សេ​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន ថ្លែង​ថា ការ​វាយប្រហារ​នេះ​ជា​របត់​មួយ​ក្នុង​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម ។

បណ្តា​រូបភាព​កាមេរ៉ា​ត្រួតពិនិត្យ​បង្ហាញ​ជន​អត្តឃាត​ម្នាក់​ត្រូវ​គ្រាប់​ប្រហែល​ដោយសារ​ការ​បាញ់​របស់​ប៉ូលិស​ម្នាក់ ។ ជន​នេះ​ពេល​ដួល​បាន​ចុច​គ្រាប់បែក​ឱ្យ​ផ្ទុះ​ប្រមាណ​ជា​២០​វិនាទី​ក្រោយ​។

ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី DOGAN ដែល​ពុំ​ផ្តល់​ប្រភព​រៀបរាប់​ថា ការ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជន​វាយប្រហារ​ទាំង​៣​នាក់​លាតត្រដាង​ថា ពួក​គេ​អាច​ជា​ជនបរទេស ។

នា​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ក្រុម​អ្នក​សម្អាត​បាន​ប្រមូល​កម្ទេចកម្ទី ហើយ​ប៉ូលិស​បន្ត​ល្បាត ខណៈ​ការ​ធ្វើ​ចរាចរណ៍​តាម​អាកាស​ដំណើរការ​វិញ​បណ្តើរ​ៗ​ក្នុង​ព្រ​លាន​យន្តហោះ​នេះ។

មនុស្ស​របស់​អភិបាលក្រុង​អីុស្តង់​ប៊ុល​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៩ មិថុនា ថា ក្នុង​ចំណោម​អ្នក​របួស​២៣៩​នាក់​បញ្ជូន​មក​មន្ទីរពេទ្យ​ក្រោយ​ការ​វាយប្រហារ​១០៩​នាក់ អាច​វិល​ទៅ​ផ្ទះ​វិញ ក៏​ប៉ុន្តែ​៤១​នាក់ ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់ ។

បណ្តា​អ្នកដំណើរ​ដែល​ជើង​យន្តហោះ​ពួក​គេ​ត្រូវ​ពន្យារពេល​នាំ​គ្នា​ដេក​លើ​ឥដ្ឋ​នា​ថ្ងៃ​ទី​២៩ មិថុនា ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍ TURKISH AIRLINES ប្រកាស​ថា បាន​លុប​ចោល​ជើងហោះហើរ​៣៤០​មុន​ពេល​ដំណើរការ​ឡើង​វិញ ក្រោយ​ម៉ោង​៨​ព្រឹក​ម៉ោង​ក្នុងស្រុក ៕