ភរិយា​កវី​និពន្ធ​​ដ៏ល្បីក្នុងទស្ស​វត្ស​៦០​​ ស្វែង​រ​ក​​​​​ជំនួយ

រាជធានីភ្នំពេញ ៖ អ្នកស្រី ដុំ សុ​ផា​នី ភរិយា​របស់​កវីនិពន្ធ​ដ៏​ល្បីល្បាញ​នា​ទស្សវត្ស​​ឆ្នាំ​៦០​ គឺ​លោក​ស្វាយ សំ​អឿ​ កំពុង​​រស់នៅ​ក្នុង​នាម​​ ជា​ស្ត្រី​ទុរគត​ជន​មួយ​រូប ​ពុំ​មាន​កូនចៅ និង​កំពុង​តែ​ញាំញី​ដោយ​ជំងឺ​ប្រចាំ​​កាយ ដោយគាត់​បាន​ធ្វើការ​​អំពាវនាវ​​ស្វែង​សប្បុរស​ជន​​នានា ដើម្បី​ជួយ​សម្រាលទុក្ខ​លំបាក​របស់គាត់​​ក្នុង​ឆាក​ជី​វត​ដែល​​នៅ​សេសសល់​ ។

ការ​អំពាវនាវ​នេះ ​ធ្វើ​ឡើង​តាម​រយៈ​ប្រធាន​សមាគម​សិ​ល្ប​​ករ​ខ្មែរ ​លោក​សុះ ម៉ាច បន្ទាប់​ពី​លោក​បាន​ទទួល​ដំណឹង​នេះ​ ពី​តន្ត្រីករ​ម្នាក់​​ ប្រចាំ​ស្ថានីយទូរទស្សន៍ CTN នឹង​បាន​ប្រកាស​ដំណឹង​នេះ​ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​។

តាម​កា​រសរ​​សេរ​របស់​លោក​សុះ ម៉ាច បាន​បញ្ជាក់​ថា អ្នកស្រី ដុំ សុ​ផា​នី ​អាយុ​៧២​ឆ្នាំ​ ជា​អតីត​ភរិយា​របស់​វ​រ​​កវីនិពន្ធ​បទ​ភ្លេង​ និង​ទំនុកច្រៀង​​ដ៏​ល្បាញ​ល្បី​ និង​មាន​ស្នាដៃ​ជា​ច្រើន​រាប់​មិន​អស់​​ នៅ​ក្នុង​ទស្សវត្ស​​ឆ្នាំ​១៩៦០​ គឺ​លោក ស្វាយ សំ​អឿ ស្លាប់​​ដោយ​​សារ​
ប៉ុ​ល ពត​ សម្លាប់​ឆ្នាំ​១៩៧៦​ នៅ​ខេត្តពោធិ៍សាត់​ ។

​លោក​បញ្ជាក់​​ថា សព្វថ្ងៃ​អ្នកស្រី​រស់នៅ​ស្រុក​កងមាស​ ខេត្តកំពង់ចាម​ កំសត់​ទុរគត​ឯកោ​គ្មាន​កូនចៅ​ផៅ​​ញាតិ​ឡើយ ​ដោយសារ​តែ​កូនប្រុស​​តែ​មួយ​​របស់​​គាត់ ​ក៏​ត្រូវ​ប៉ុ​ល ពត ​សម្លាប់​ជាមួយ​ប្តី​ដែរ​ ។

បើ​តាម​លោក​សុះ ម៉ាច អ្នកស្រី ​ដុំ សុ​ផា​នី កំពុង​មាន​ជំងឺ​ផ្លូវដង្ហើម​ក្អក​​មិន​បាត់ រ​កតែ​ថវិកា​​ព្យាបាល ឬ​សោហ៊ុយ​ ទៅ​ពេទ្យ​ពិនិត្យ​មិន​បាន​​ឡើយ​ ។ លោក​បញ្ជាក់​ថា ខ្ញុំ​ក្តុកក្តួល​អាណិត​ខ្លោចចិត្ត​ ពេល​បាន​ទទួល​ដំណឹង​ពី​លោកឡោ​ណែ​ត (​តន្ត្រីករ​CTN) ខ្ញុំ​ក៏​បាន​ទាក់ទង​​ទៅ​លោកស្រី​ ហើយ​សន្យា​ថា​ នៅ​ថ្ងៃ​ច​ន្ទ​ខាង​មុខ​នេះ ​ខ្ញុំបាទ​រួម​ទាំង​ក្រុមប្រឹក្សា​សមាគម​សិល្បករ​ខ្មែរ ​នឹង​ទៅ​សួរសុខទុក្ខ​ព្រមទាំង​ជូន​គាត់​ទៅ​ពេទ្យ​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​របស់​គាត់​ផង​ដែរ ​។

ប្រធាន​សមាគម​សិ​ល្ប​​ករ​​ខ្មែរ​ ​លោក​សុះ ម៉ាច ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​មិត្ត​សិល្បករ​ សិល្ប​ការិនី​ សប្បុរសជន​ទាំងអស់ ឱ្យ​​មាន​ការ​អាណិតអាសូរ និង​ជួយ​ឧបត្ថម្ភ​ដល់​រូប​អ្នកស្រី​ផង ​។

បើ​តាម​ការ​រៀបរាប់​ត្រួស​​ពី​​លោក​សុះ ម៉ាច កវីនិពន្ធ​លោកស្វាយ សំ​អឿ​​ បាន​ចាប់កំណើត​នៅ​ឆ្នាំ​១៩៣៣ ដែល​មានស្រុក​កំណើត​នៅ​ទី​ក្រុង​ភ្នំពេញ ក្រោយ​វត្ត​សំពៅ​មាស​ ។ ​ក្នុង​របប​​ប៉ុ​ល ​ពត ​គាត់​ក៏​ត្រូវ​បាន​ជម្លៀស​​ទៅ​កាន់​ខេត្តពោធិ៍​សាត់ និង​ត្រូវ​បាន​ប៉ុ​ល ​ពត​សម្លាប់​​នៅ​អំឡុង​ឆ្នាំ​១៩៧៦ ខណៈ​ពេល​ដែល​កូនប្រុស​តែ​ម្នាក់​​របស់​លោក ក៏​​ត្រូវ​បាន​សម្លាប់​ផង​ដែរ ​។

លោក សុះ ម៉ាច បាន​បន្ថែម​ថា ចាប់តាំងពី​បែក ​ប៉ុ​ល ​ពត ​មក ​ភរិយា​របស់​លោក​ស្វាយ សំ​អឿ​​ បាន​តស៊ូ​រស់នៅ​ជា​ស្ត្រី​មេ​ម៉ាយ​រហូត​​ដល់​សព្វថ្ងៃ ដោយសារ​តែ​ប្តី និង​​កូន និង​បងប្អូន​សុទ្ធតែ​ត្រូវ​បាន​សម្លាប់​​នៅ​ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​មួយ​នេះ​ ។ ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​ និង​បទ​ភ្លេង​មួយ​ចំនួន ​ដែល​មានការ​ចាប់អារម្មណ៍​របស់​លោក​ស្វាយ សំ​អឿ​ន មាន​ដូច​ជា ចម្រៀង​ទុំ​ទាវ កុំ​ឆ្លើយ​ថា​​ទេ ស្មាន​ចិត្ត​មិន​ត្រូវ ឆ្លើយ​មក​ស្នេហា និង​បទ​ចម្រៀង​​ជា​ច្រើន​ទៀត ដែល​ភាគច្រើន​មក​ស្រាយ ​ដោយ​អធិរាជ​សម្លេង​មាស ស៊ិ​ន ស៊ី​សា​​មុត ។