ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ស្រុក​រុក្ខគិរី​ប្ដឹង​មេ​ឃុំ​ចោទ​ថា​លក់​ដី​បឹង​សាធារណៈ

ប្រជាពលរដ្ឋ​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ជាង ១០០​គ្រួសារ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ឲ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​មេ​ឃុំ​មិន​ឲ្យ​លក់​ដី​បឹង​សាធារណៈ ដើម្បី​រក្សា​បឹង​ទុក​ប្រើប្រាស់​ជា​សម្បត្តិ​រួម។ អ្នក​ភូមិ​បាន​ប្ដឹង​ករណី​នេះ​ទៅ​អាជ្ញាធរ​ស្រុក ឲ្យ​ជួយ​ដោះស្រាយ​ជាច្រើន​ខែ​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។

ប្រជាពលរដ្ឋ​នៅ​ស្រុក​រុក្ខគិរី សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​អាជ្ញាធរ​ស្រុក​នេះ ថា​មិន​ចាត់​វិធានការ​តាម​ពាក្យ​បណ្ដឹង​របស់​ពួក​គាត់ ទប់ស្កាត់​មេ​ឃុំ​ស្ដុកប្រវឹក ដែល​ឃុបឃិត​ជាមួយ​បក្ខពួក​លក់​បឹង​សាធារណៈ​ឡើយ។

តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​ជំនាប់ស្បូវក្លាំង ឃុំ​ស្ដុកប្រវឹក ស្រុក​រុក្ខគិរី លោក ចិក ធឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មិថុនា ថា មេ​ឃុំ​ស្ដុកប្រវឹក ឃុបឃិត​គ្នា​ជាមួយ​បក្ខពួក​យក​ដី​បឹង​សាធារណៈ​ទំហំ​ជាង ១​ហិកតារ​នៅ​ភូមិ​ជំនាប់ស្បូវក្លាំង លក់​ទៅ​ឲ្យ​ពលរដ្ឋ​អ្នក​មាន​ទ្រព្យ​ក្នុង​ឃុំ ហើយ​យក​ប្រាក់​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក​អះអាង​ថា ការ​បាត់បង់​បឹង​សាធារណៈ​នោះ បាន​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ ធ្វើ​ឲ្យ​គ្មាន​ទឹក​ប្រើប្រាស់ និង​ស្រោចស្រព​ផល​ដំណាំ​នោះ​ទេ៖ «»

កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ផ្ដិត​មេដៃ​បាន​ជាង ១០០​នាក់ ដាក់​ទៅ​ឲ្យ​អភិបាល​ស្រុក​រុក្ខគិរី ដោះស្រាយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​រុក្ខគិរី លោក ពេជ្រ ម៉ាឡៃ មាន​ប្រសាសន៍​ថា មេ​ឃុំ​ស្ដុកប្រវឹក មិន​បាន​លក់​ដី​បឹង​សាធារណៈ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​អះអាង​ថា ករណី​នេះ​គឺ​ជា​ការ​ប្ដូរ​ដី​បឹង ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ក្នុង​មូលដ្ឋាន៖ «»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ដី​បឹង​សាធារណៈ​ជា​សម្បត្តិ​រួម​មិន​អាច​ជន​ណា​ម្នាក់​យក​ទៅ​លក់ ដើម្បី​យក​ប្រាក់​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​បាន​ឡើយ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​តែ​ចាត់​ក្រុម​ការងារ​ចុះ​ពិនិត្យ និង​ដក​ហូត​ដី​បឹង​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស៖ «»

អ្នក​ភូមិ​អះអាង​ថា ដី​បឹង​នោះ​ត្រូវ​បាន​អ្នក​ទិញ​ឈូស​ឆាយ​រាប​ស្មើ ដើម្បី​យក​ដី​ធ្វើ​ស្រែ​អស់​ទៅ​ហើយ។ ទន្ទឹម​គ្នា​នេះ ប្រជាពលរដ្ឋ​ពុំ​មាន​ទឹក​ប្រើប្រាស់​ជាង ៣​ខែ​មក​ហើយ​ដែរ ដោយសារ​តែ​គ្មាន​ទឹក​បឹង​ដូច​ពេល​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។