ចេះ​ឆ្លើយ​ទៅ​រួច ថា​មិន​បាន​ស៊ីជម្រៅ

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​ប​វេ​ល​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​មានការ​ប្តឹង​ចោទប្រកាន់​ថា​បាន​​លួងលោម​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់​យក​ទៅ​រំលោភ​រហូត​បាន​សម្រេច តែ​ជនសង្ស័យ​បាន​បដិសេធ​ថា​ការ​រំលោភ​នោះ​មិន​បាន​ស៊ីជម្រៅ​ទេ ។ ហេតុការណ៍​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ម៉ាក់​ខ្លឿ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​ឈ្មោះ ស៊ី ឡី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ រីឯ​កុមារី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៩​ឆ្នាំ ។

សេចក្ដីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​ក្រោយ​ពី​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​ប្ដឹង​ចោទប្រកាន់​ថា ជន​នេះ​បាន​ប្រើ​ល្បិច​លូ​ង​លោម​ក្មេង​ស្រី​នោះ​រួច​ហើយ​ក៏​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ហើយ​ក៏​ត្រូវ​បែក​ការណ៍​ភ្លាម​ៗ​ដែរ​ព្រោះតែ​ក្មេង​ស្រី​បាន​និយាយ​រឿង​នេះ​ប្រាប់​ម្ដាយ ។

បើ​តាម​ការ​ស្រង់​សំដី​ជនសង្ស័យ​ឈ្មោះ ស៊ី ឡី បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ល្បូ​ង​ក្មេង​ស្រី​នោះ​យក​ទៅ​រំលោភ​មែន តែ​បាន​បដិសេធ​ថា ការ​ចាប់រំលោភ​នោះ​មិន​បាន​ស៊ីជម្រៅ​ទេ ។ ជន​នេះ​និយាយ​ថា ខ្លួន​និង​ក្មេង​ស្រី​នោះ​ជា​អ្នក​នៅ​ភូមិ​ជាមួយ​គ្នា ហើយ​នៅ​ថ្ងៃ​កើតហេតុ​នោះ​ខ្លួន​ឃើញ​ឱកាសល្អ​ក៏​ចាប់​នាង​រំលោភ​តែ​ម្ដង​ទៅ លុះ​បន្តិច​ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​បាន​សារភាព​ថា ពិតជា​បាន​ចាប់​ក្មេង​ស្រី​នោះ​រំលោភ​មែន តែ​មិន​បាន​ស៊ីជម្រៅ ប៉ុន្តែ​ជន​នេះ​នៅ​តែ​មានទោស​ដដែល នេះ​បើ​យោង​លើ​ផ្លូវច្បាប់ ។ លោកស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ ៕