ផ្អើល​ភូមិ ! មាន​គេ​បម្រុង​ធ្វើ​របង​បេតុង​បិទផ្លូវ​សាធារណៈ

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ផ្ទុះ​ការ​តវ៉ា​សា​ជា​ថ្មី ដោយ​ចោទប្រកាន់​ថា​មាន​គេ​បម្រុង​ធ្វើ​របង​បិទផ្លូវ​សាធារណៈ​សម្រាប់​ចូល​ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​គាត់ ខណៈ​អ្នក​បម្រុង​ធ្វើ​របង​បំភ្លឺ​ថា គាត់​បាន​ឲ្យ​ដី​ផ្សេង​សម្រាប់​ធ្វើ​ដំណើរ​ហើយ តែ​បែរជា​មិន​នាំ​គ្នា​ដើរ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ប្រ​សំ ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

លោកតា​ឈ្មោះ ឃឹម ងី អាយុ​៧៦​ឆ្នាំ នៅ​ភូមិ​ប្រ​សំ ឃុំ​រអាង មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ផ្លូវ​តូច​តាត់​តាម​ភ្លឺស្រែ​ចូល​ទៅ​ក្នុង ដែល​មានផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ និង​អ្នកខ្លះ​ទៀត​បាន​ដើរទៅ​ធ្វើស្រែ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ  ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ មិន​ដែល​មាន​បញ្ហា​ណាមួយ​កើតឡើង​ទេ តែ​បែរជា​មក​ដល់​ឆ្នាំ​២០១៦​នេះ​ស្រាប់តែ​ឈ្មោះ លី​ម ភេទ​ប្រុស រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​បម្រុង​ធ្វើ​របង​បិទ​ផ្លូវលំ​អាន​ចាស់ ទើប​ពួក​គាត់​នាំ​គ្នា​ប្តឹង​ជំទាស់​តែ​ម្តង ។

បុរស​ចំណាស់​ឈ្មោះ ថោ ម៉េ​ង អាយុ​៦១​ឆ្នាំ នៅ​ភូមិ​ប្រ​សំ ឃំរ​អាង បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​មាន​ដីស្រែ​១​ប្លង់​តែ​មិន​បានដឹង​ច្បាស់​ទំហំ​ប៉ុន្មាន​នោះ​ទេ ចាប់ផ្តើម​ធ្វើស្រែ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ តែ​ក្រោយមក​ដោយសារ​តែ​ជីវភាព​មានការ​ខ្វះខាត ក៏​បាន​លក់​ដីស្រែ​ត្រង់​កន្លែង​ទំនាស់​សព្វថ្ងៃ​ឲ្យ​ទៅ​អ្នកផ្សារ​ក្រុង​កំពង់ចាម តែ​មិន​បាន​វាស់​លក់​ឲ្យ​ទាំង​ផ្លូវ​ដើរ ចូល​ទៅ​កាន់​ផ្ទះ​របស់​ពលរដ្ឋ​នៅ​ខាងក្នុង​ឡើយ ។

បុរស​ឈ្មោះ ណា​ង ឈុ​ន​លី​ម អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ប្រ​សំ ដែល​រង​ការ​ចោទប្រកាន់​ថា​ជា​អ្នក​បិទផ្លូវ​នោះ បាន​បំភ្លឺ​ឲ្យ​ដឹង​ថា កន្លង​មក​រូប​លោក​បាន​ឲ្យ​ដី​មួយ​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ដែល​នៅ​ខាងក្នុង​ធ្វើ​ផ្លូវ​ដើរ​ចូល​ទៅ​កាន់​ផ្ទះ​របស់​គាត់ តែ​បែរជា​មិន​នាំ​គ្នា​ដើរ​នោះ​ទេ ស្រប​ពេល​ដែល​នៅ​ឆ្នាំ​២០១៦​នេះ គាត់​និង​អ្នកមាន​ដី​នៅ​ជាប់​ជាមួយ​បម្រុង​ធ្វើ​របង បែរជា​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ប្តឹង​ជំទាស់​ទៅ​វិញ ទោះជា​បែប​ណា​ក្តី រូប​លោក​ថា នឹង​ធ្វើ​ទៅ​តាម​គោលការណ៍​ច្បាប់ ។

លោក ឯម គឹ​ម​សួរ អភិបាលរង​ស្រុក​កំពង់សៀម និង​ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​បណ្តឹង​ពី​សំណាក់​ប្រជាពលរដ្ឋ ទើប​នៅ​រសៀល​ថ្ងៃ​ទី​៣០​ខែមិថុនា ឆ្នាំ​២០១៦​នេះ រូប​លោក​នឹង​សហការី​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​អង្កេត​មើល​ជាក់ស្តែង ព្រោះថា​កន្លង​មក   ធ្លាប់​បាន​ដោះស្រាយ​ម្តង​មក​ហើយ​នៅ​សាលាឃុំ​តែ​មិន​បាន​លទ្ធផល ហើយ​លោក​នឹង​ព្យាយាម​ធ្វើការ​សម្របសម្រួល​បន្ថែម​ទៀត​នៅ​សាលាស្រុក​ក្នុង​ពេល​ខាង​មុខ ៕