សន្តិសុខយាមមិនបានដឹង ព្រឹកឡើងផ្អើល

រាជធានី​ភ្នំពេញ ៖ តំណាង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​«​កៅ​ហ្វុ​ង​»​បាន​ធ្វើ​ដំណើរ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ដើម្បី​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រកមុខ​ក្រុម​ចោរ​ដែល​បាន​ចូល​លួច​អាវ​អស់​រាប់​ពាន់​អាវ​គិត​ជា​ទឹកប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ ចំណែក​សន្តិសុខដែល​​យាម​នៅ​ទីនោះ​មិនបាន​ដឹង​ទាល់តែសោះ ។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «​កៅ​ហ្វុ​ង​» មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អាវ​ដែល​បាន​បាត់បង់​នោះ​គឺជា​ផលិតផល​សម្រេច​ដែល​មិន​ទាន់​បាន​វេច​ខ្ចប់​ដាក់​ក្មុ​ង​ឡាំង​នៅឡើយ ព្រោះ​ទើប​ផលិត​រួច ហើយ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ថា មាន​ចំនួន​ប៉ុន្មាន​អាវ​ពិតប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​មាន​ចំនួន​រាប់​ពាន់​អាវ និង​គិត​ជា​ទឹកប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ចោរ​បាន​ផ្លោះ​របង​ចូល​ទៅ​កាត់​ចម្រឹង​បង្អួច​ឃ្លាំង​ស្តុក​អាវ រួច​លួច​យក​អាវ​កាលពី​យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ខណៈ​ដែល​មិន​មាន​កម្មករ​-​កម្មការិនី​ធ្វើ​ការងារ​នោះ​ទេ ព្រោះ​ចប់​ម៉ោង​ហើយ លុះ​ព្រឹក​ឡើង​ទើប​ដឹង​ថា​បាត់ ហើយ​ឃើញ​មាន​ស្នាម​កាត់​ចម្រឹង​បង្អួច​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​តំណាង​រោងចក្រ រួច​ក៏​បាន​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល និង​ស្រាវជ្រាវ​រក​ក្រុម​ចោរ ។

មន្ត្រី​នគរបាល​មួយ​រូប​បាន​និយាយ​ថា កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ ករណី​នេះ ទោះបីជា​រក​ឃើញ ឬ​មិនឃើញ ក៏​មិន​អាច​ព្រងើយកន្តើយ​បាន​ឡើយ ព្រោះ​វា​ជា​បញ្ហា​សំខាន់​ខ្លាំង​ណាស់ ដែល​ពាក់ព័ន្ធ​និង​ការ​រកស៊ី​របស់​ថៅកែ​ជនជាតិ​ចិន ព្រោះ​សកម្មភាព​របស់​ក្រុម​ចោរ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​ថៅកែ​រោងចក្រ​យ៉ាង​ខ្លាំង​ដែល​គាត់​ខិតខំ​ចំណាយ​ដើមទុន​យ៉ាងច្រើន​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ ដើម្បី​បាន​ចំណេញ​ផង និង​បាន​ឲ្យ​កូន​ខ្មែរ​មានការ​ងារ​ធ្វើការ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ផង​ដែរ ៕