សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាល​ដីកា​លោក អ៊ុក ពេជ្រសំណាង នៅ​ថ្ងៃ​ទី​២០​កក្កដា

សាលា​ឧទ្ធរណ៍ នឹង​ប្រកាស​សាល​ដីកា​សំណុំ​រឿង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រសំណាង នៅ​ថ្ងៃ​ទី​២០ កក្កដា។ សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា នេះ បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​លោក អ៊ុក ពេជ្រសំណាង ដែល​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​បទ​ចោទ​ថា​បាន​បើក​ម៉ូតូ​កង់​បី​បុក​របាំង​ដែក​របស់​សន្តិសុខ​ខណ្ឌ​ដូនពេញ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក អ៊ុក ពេជ្រសំណាង គឺ​លោក លី សុចិត្រា មិន​ទាន់​អាច​អះអាង​អ្វី​បាន​នៅ​ឡើយ​ទេ ជុំវិញ​ការ​ជំនុំ​ជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា នេះ។ លោក​ថា​មាន​តែ​រង់ចាំ​មើល​លទ្ធផល​នៅ​ថ្ងៃ​ប្រកាស​សាល​ដីកា​ប៉ុណ្ណោះ៖ «»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រសំណាង ត្រូវ​បាន​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ ចោទ​ប្រកាន់​ពី​បទ​បើក​ម៉ូតូ​កង់​បី​បុក​ទម្លុះ​រនាំង​ដែក​របស់​ពួក​គេ នៅ​ក្នុង​ការ​តវ៉ា​បញ្ហា​ដីធ្លី​មួយ​របស់​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ កន្លង​ទៅ។

ភាគី​ដើម​បណ្ដឹង ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ស្នើ​ឲ្យ​ចៅក្រម​រក្សា​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ ដោយ​តម្រូវ​ឲ្យ​លោក អ៊ុក ពេជ្រសំណាង ផ្តល់​ប្រាក់​សំណង​សរុប ១០​លាន​រៀល​ទៅ​ដល់​ជន​រងគ្រោះ និង​ដើម​បណ្ដឹង។

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​កាត់​ឲ្យ​លោក អ៊ុក ពេជ្រសំណាង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ពន្ធនាគារ ២​ឆ្នាំ ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល និង​សំណង ១០​លាន​រៀល​ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ។

ភរិយា​របស់​លោក អ៊ុក ពេជ្រសំណាង គឺ​លោកស្រី ទិត្យ ណារិន្ទ ថ្លែង​បន្ទាប់​ពី​ស្តាប់​សវនាការ​នេះ​ថា គ្រួសារ​លោកស្រី​កំពុង​ជួប​ផល​វិបាក​ខ្លាំង ដោយសារ​តែ​លោក អ៊ុក ពេជ្រសំណាង ដែល​ជា​ជំហរ​របស់​គ្រួសារ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ជាប់​គុក។ លោកស្រី​អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល ដោះ​លែង​ស្វាមី​លោកស្រី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ព្រោះ​ពេល​នេះ​គ្រួសារ​លោកស្រី​កំពុង​ជួប​ការ​លំបាក​ខ្លាំង៖ «»

ទោះ​បី​ជា​យ៉ាង​ណា មេធាវី​ការពារ​ក្តី​របស់​លោក អ៊ុក ពេជ្រសំណាង បញ្ជាក់​ថា ប្រសិន​បើ​ការ​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ​ទី​២០ កក្កដា ខាង​មុខ​នេះ សាលា​ឧទ្ធរណ៍​នៅ​តែ​រក្សា​ការ​សម្រេច​របស់​សាលា​ដំបូង ទុក​ជា​បាន​ការ​នោះ លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក ដើម្បី​រៀបចំ​ឯកសារ​ប្ដឹង​ទៅ​តុលាការ​កំពូល ជា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។