ACU នឹង​ចេញ​សេចក្ដី​ព្រាង​ច្បាប់​ការពារ​សាក្សី​និង​បុគ្គល​រាយការណ៍​នៅ​ចុង​ឆ្នាំ​២០១៦

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ប្រកាស​ថា សេចក្តី​ព្រាង​ច្បាប់​ការពារ​សាក្សី និង​បុគ្គល​រាយការណ៍ អាច​នឹង​ចេញ​នៅ​ដំណាច់​ឆ្នាំ​២០១៦ ខាង​មុខ​នេះ។ ការ​ប្រកាស​ដូច​នេះ គឺ​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ការពារ​សាក្សី និង​បុគ្គល​រាយការណ៍ រយៈពេល​ពីរ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​ក្រុម​អ្នក​ច្បាប់ អង្គការ​សង្គម​ស៊ីវិល​នានា និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត ដូចជា​មក​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ជាដើម។

សិក្ខាសាលា​នេះ​មាន​គោល​បំណង​ប្រមូល​ធាតុ​ចូល ឬ​គំនិត​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ សម្រាប់​រៀបចំ​សេចក្តី​ព្រាង​បឋម​នៃ​ច្បាប់​ទាំង​ពីរ​នេះ ហើយ​ផ្តល់​នូវ​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​ច្បាប់​ការពារ​សាក្សី និង​បុគ្គល​រាយការណ៍​ដល់​អ្នក​ចូលរួម​ពី​សំណាក់​ក្រុម​ការងារ និង​អ្នក​ជំនាញ​ផង​ដែរ។

អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឃាង សេង លើក​ឡើង​ថា សិក្ខាសាលា​ពីរ​ថ្ងៃ​នេះ គឺ​ពិត​ជា​ប្រមូល​បាន​នូវ​គំនិត​យោបល់​សំខាន់ៗ​ជាច្រើន ដែល ACU នឹង​យក​ទៅ​ពិនិត្យ​ពិចារណា​យ៉ាង​ហ្មត់ចត់ ដើម្បី​ធ្វើ​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​ការពារ​សាក្សី និង​បុគ្គល​រាយការណ៍​នេះ មាន​លក្ខណៈ​សម្បត្តិ​គ្រប់​ជ្រុងជ្រោយ ស្រប​តាម​ស្ថានការណ៍​របស់​កម្ពុជា។ លោក​បន្ថែម​ថា ច្បាប់​ទាំង​ពីរ​នេះ នឹង​ចូលរួម​ចំណែក​លើក​កម្ពស់​ប្រសិទ្ធភាព យុត្តិធម៌ និង​ការ​បង្ក្រាប​បទល្មើស​តាម​រយៈ​ការ​បង្កើត និង​ពង្រឹង​យន្តការ​ធានា និង​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​សាក្សី និង​បុគ្គល​រាយការណ៍។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​ថា កន្លង​មក សាក្សី​មួយ​ចំនួន​ហាក់​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​រាយការណ៍​អំពី​បទល្មើស ប៉ុន្តែ​នៅ​ពេល​មាន​ច្បាប់​ការពារ​សាក្សី​ដូច្នេះ លោក​សង្ឃឹម​ថា ពួក​គាត់​នឹង​មាន​ភាព​កក់ក្តៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន ដើម្បី​រួម​ចំណែក​ប្រឆាំង​អំពើ​ពុក​រលួយ និង​ប្រឆាំង​បទល្មើស​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។