ញាក់សាច់​! គប់​គ្រាប់បែក​ចូល​ភោជនីយដ្ឋាន

មនុស្ស​៨​នាក់​ត្រូវ​បាន​រង​របួស បន្ទាប់​ពី​មាន​ហេតុការណ៍​គប់​គ្រាប់បែកដៃ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង ក្នុង​រដ្ឋ Selangor នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ ភោជនីយដ្ឋាន​នោះ​មានឈ្មោះ​ថា Movida ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់ Puchong ។ គ្រាប់បែក​បាន​ផ្ទុះ​ឡើង​ក្នុង​កំឡុង​ពេល​ដែល​មនុស្ស​២០​នាក់ កំពុង​តែ​មើល​បាល់ទាត់​នៅ​ក្នុង​ភោជនីយដ្ឋាន​នោះ ។

បើ​តាម​ប៉ូលិស​ឱ្យ​ដឹង​ថា ការ​គប់​គ្រាប់បែក​នេះ មិនមែន​ប្រព្រឹត្ត​ឡើងជា​អំពើ​ភេ​វរ​កម្ម​ទេ តែ​ដោយសារ​ការ​ប្រកួតប្រជែង​នៃ​ការ​រកស៊ី ។ តាម​ការ​រាយការណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ការ​គប់​គ្រាប់បែក​នេះ មិន​បាន​បង្ក​ឱ្យ​នរណា​ម្នាក់​បាត់បង់​ជីវិត​ឡើយ ប៉ុន្តែ​មាន​ម្នាក់​ក្នុង​ចំណោម​៨​នាក់​នោះ​ទទួល​រង​របួសធ្ងន់ ។

ការ​ស៊ើបអង្កេត​បាន​បង្ហាញ​ឱ្យ​ឃើញ​ទៀត​ថា ជនល្មើស​បាន​តម្រង់​ដៃ​គប់​គ្រាប់បែក​ទៅ​កាន់​គូស្នេហ៍​មួយគូ ដែល​នៅ​ក្នុង​ភោជនីយដ្ឋាន​នោះ ។ លោក Abdul Rahim ដែល​ជា​តំណាង​ប៉ូលិស​បាន​អះអាង​ថា ករណី​នេះ មិន​អាច​ជា​ករណី​ភេ​វរ​កម្ម​នោះ​ទេ តែ​វា​អាច​ជា​ករណី​គំនុំសងសឹក ឬ​ការ​ប្រកួតប្រជែង​ផ្នែក​ជំនួញ​របស់​មនុស្ស​នៅ​ក្នុង​តំបន់​នេះ​ទៅ​វិញ ។