ចោរ​បំពុល​ឆ្កែ​ងាប់​១៣​ក្បាល យក​ម៉ូតូ​អស់​មួយ​គ្រឿង

ខេត្តពោធិ៍សាត់ ៖ កាលពី​យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​កន្ទួត ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់ មាន​ករណី​ចោរ​ដាក់​ថ្នាំ​បំពុល​ឆ្កែ​ងាប់​អស់​ចំនួន​១៣​ក្បាល ហើយ​បាន​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​មួយ​គ្រឿង​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​ម្ចាស់ផ្ទះ និង​សមត្ថកិច្ច​នោះ​ទេ​។ ប្រជាពលរដ្ឋ​ឈ្មោះ គង់ អ៊ី​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ថន ធឹ​ម អាយុ​៤៥​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ម៉ូតូ​របស់​គាត់​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់​1D-0478 បាន​ចាក់​សោក​ដាក់​នៅ​ក្រោមផ្ទះ​ក្បែរ​គ្រែ​ដេក​ជា​រៀង​រាល់​យប់​មិន​ដែល​បាត់​ទៅ​ណា​ទេ ព្រោះ​គាត់​អាង​មាន​ឆ្កែ​។

នៅ​យប់​ថ្ងៃ​ទី​២៩ ខែមិថុនា គាត់​បាន​ចាក់សោ​ម៉ូតូ​ដាក់​ក្រោមផ្ទះ​ក្បែរ​គ្រែ ហើយ​ដេក​លក់​ដូច​សព្វដង​។ លុះ​វេលា​ម៉ោង​ជិត​១២​រំលង​អា​ធ្រា​ត្រ ខណៈ​ពេល​ដែល​គាត់​ក្រោក​បត់ជើងតូច​ម្ដង ស្រាប់តែ​មិនឃើញ​ម៉ូតូ​ដែល​ទុក​នៅ​ក្បែរ​ខ្លួន​នោះ​។​ពេល​គាត់​បំភ្លឺ​ពិល​ដើរ​មើល​ជុំវិញ​ផ្ទះ​ស្រាប់តែ​ឃើញ​ឆ្កែ​របស់​គាត់​ចំនួន​០២​ក្បាល​ងាប់​នៅ​ក្បែរ​របង​មុខ​ផ្ទះ ទើប​ដឹង​ថា​ក្រុម​ចោរ​ដាក់​ថ្នាំ​បំពុល​យក​ម៉ូតូ​។ ភ្លាម​ៗ​នោះ​គាត់​បាន​ដាស់​ដល់​អ្នក​ភូមិ​ដែល​មានផ្ទះ​នៅ​ក្បែរ​ៗ​គ្នា និង​ទូរ​សព្ទ័​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឲ្យ​ជួយ​អន្តរាគមន៍ ស្រាប់តែ​ឃើញ​ឆ្កែ​០៦​ទៅ​០៧​ក្បាល​ទៀត​ងាប់​នៅ​ជុំវិញ​ផ្ទះ ក៏​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​តែ​ម្ដង​។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា មិន​ត្រឹមតែ​ប៉ុណ្ណឹង​នោះ​ទេ លុះ​ពេល​ព្រឹក​ឡើង​ស្រាប់តែ​ប្រទះ​ឃើញ​ឆ្កែ​អ្នកស្រុក​ដែល​នៅ​ជាប់​ៗ​គ្នា​នោះ​ងាប់​នៅ​តាម​របង​០៣​ទៅ​០៤​ក្បាល​ទៀត សរុប​១៣​ក្បាល​ឯណោះ​។

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​សាច់​ជ្រូក​ប្រឡាក់​ថ្នាំពុល​០៣​ទៅ​០៤​ថង់​ដាក់​ពង្រាយ​នៅ​តាម​របង​មុខ​ផ្ទះ និង​ជួរ​មាត់​ផ្លូវ​ក្បែរ​កន្លែង​កើតហេតុ​។ ការ​ដាក់​ថ្នាំ​បំពុល​ឆ្កែ​ងាប់​ចំនួន​១៣​ក្បាល​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​លោ ស្រុក​បាកាន​នេះ ចាត់​ទុក​ថា​ជា​ទ្រង់ទ្រាយ​ធំ​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​។ សមត្ថកិច្ច​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​នូវ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ពិសេស​ម៉ូតូ និង​គោក្របី​ដែល​ក្រុម​ចោរ​តែង​ធ្វើ​សកម្មភាព​កន្លង​មក​នៅ​តាម​ភូមិ​ឃុំ​ចុងកាត់មាត់ញក​។ ជាមួយ​គ្នា​នេះ​ត្រូវ​ចូលរួម​ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​នូវ​បញ្ហា​អ្វី​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៕