តូចចិត្ត​នឹង​វាសនា​ប្រហារជីវិត​ខ្លួនឯង ចោល​ប្រពន្ធ​និង​កូន​៣​នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​សំណង់ កន្លង​មក​បាន​គិត​ច្រើន រហូត​ដេក​មិន​លក់ និង​តែង​ប្រាប់​ប្រពន្ធ​ថា តូចចិត្ត​ខ្លួន​ក្រ លុះ​ពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ចប់​ម៉ោង​ធ្វើការ នៅ​ពេល​ល្ងាច បុរស​នោះ​បាន​ផឹកស៊ី​ជុំ​មិត្តភក្ដិ រួច​ក៏​ចូល​ដេក​ជាមួយ​ប្រពន្ធ ហើយ​ខណៈ​ពេល​ដែល​ប្រពន្ធ​កំពុង​ដេក​លក់ គាត់​បាន​លួច​ចេញ​ទៅ​ក្រៅ​ផ្ទះ ហើយ​បាន​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ប្រេងខ្យល់​ស្លាប់​តែ​ម្ដង​។

ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វ​លា​ម៉ោង ៦​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​លើ​ដើម​ប្រេងខ្យល់ ជាប់​ប្រឡាយ​ទឹក​ស្អុយ ស្ថិត​នៅ​តាម​ក្នុង​បុរី លឹ​ម ឈាង​ហាក់ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បុរស​នោះ​ឈ្មោះ អ៊ុ​ក ភិន អាយុ​៥១​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ជំនាញ​ខាង​រៀប​ឥដ្ឋការ៉ូ មាន​ប្រពន្ធ​ឈ្មោះ វ៉េ​ង អាយុ​៤០​ឆ្នាំ និង​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់​នៅ​ក្នុង​បន្ទុក គ្រួសារ​។ សព្វថ្ងៃ​ស្នាក់​នៅ​ក្នុង​បុរី លឹ​ម ឈាង​ហាក់ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពេជ្រ​ចង្វារ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្ដតាកែវ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក ឲ្យ​នគរបាល​ដឹង​ថា កន្លង​មក​ប្ដី​របស់​គាត់​តែងតែ​ពិបាកចិត្ត ដេក​មិន​ដែល​លក់​នោះ​ឡើយ ដោយសារ​តែ​គាត់​តូចចិត្ត ខ្លួន​ក្រីក្រ​ពេក​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែមិថុនា មុន​ពេល​កើតហេតុ ក្រោយ​ពី​ចប់​ការងារ ប្ដី​របស់​គាត់​រួម​ជាមួយ​ក្រុមការងារ បាន​ទិញ​ស្រា​កន្លះ​លី​ត្រ​នាំ​គ្នា​ផឹក​ជុំ​គ្នា​៥​នាក់​។ លុះ​ផឹក​ចប់​បាន​ចូល​ដេក​ជាមួយ​គាត់ ប៉ុន្តែ​គាត់​បាន​ដេក​លក់​រហូត​មិនដឹង​ថា ប្តី​ក្រោក​ចេញពីផ្ទះ​ពេល​ណា​នោះ​ឡើយ រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៣០ ខែមិថុនា ទើប​ក្រុម​សន្តិសុខ​យាម​នៅ​ទីនោះ ប្រាប់​ថា​ប្ដី​គាត់​ចងក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ​។

នគរបាល​បាន​និយាយ​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​នោះ កម្លាំង​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កោសល្យ វិច័យ​ភ្លាម​ៗ​ហើយ​ជន​រង​គ្រោះ​ពិតជា ចងក​សម្លាប់​ខ្លួន​មែន មិន​មានរឿង​អ្វី​ក្រៅពី​នេះ​ឡើយ​។  បន្ទាប់​មក​បាន​ប្រគល់​សាកសព​ទៅ​ឲ្យ ប្រពន្ធ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕