សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ទីលាន​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​មរតក​តេជោ​សែន ភ្នំ​វាយ​ចាប​

សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ទីលាន​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​មរតក​តេជោ​សែន ភ្នំ​វាយ​ចាប​



បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ មាន​រៀបចំ​ពិធី​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ទីលាន​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត « មរតក តេ​ជោ​សែន » នៅ​ភ្នំ​វាល​ចាប ក្នុង​ទឹកដី​ស្រុក​បាណន់ ខេត្ត​បាត់ដំបង របស់​យោធភូមិភាគ​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។

ទន្ទឹម​នឹង​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នេះ គឺ​កង​កម្លាំង​បាន​ប្រើប្រាស់​នូវ​ប្រភេទ​កាំភ្លើងត្បាល់ ថ្មើរជើង រថក្រោះ របស់​ក្រុម​សិក្ខាកាម​យោធា និង​នគរបាល​ការពារ​ព្រំដែន​គោក ក្នុង យោធភូមិភាគ​ទី​៥ ត្រូវ​បាន​អនុវត្ត​ជាក់ស្ដែង​នៅ​លើ​ទីលាន​ហ្វឹកហាត់ មរតក តេ​ជោ​សែន​នៅ​ភ្នំ​វាល​ចាប​នោះ​តែម្តង។

ក្រោយពី​សិក្ខាកាម​បាន​ហ្វឹកហាត់​ជំនាញ​លំ​ហាត់​របៀប​វាយលុក​លើ​សមរភូមិ​ប្រយុទ្ធ ដោយ​កងកម្លាំង ថ្មើរជើង ក្រុម​ប្រើប្រាស់​អាវុធ​គាំទ្រ រថក្រោះ រថពាសដែក និង​អាវុធ​ការពារ​ដែន​អាកាស​ត្រូវបាន​បញ្ចប់​វគ្គ​សិក្សា​រយៈពេល​៦៥​ថ្ងៃ​រួច​មកហើយ​នោះ ដើម្បី​យកមកអនុវត្ត​ជាក់ស្តែង​នៅលើ​ទីតាំង​នេះ។

ការ​ហ្វឹកហាត់​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​របស់​ក្រុម​សិក្ខាកាម​យោធា និង​នគរបាល​ការពារ​ព្រំដែន នៅ​ពេលនេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា បាន​បាញ់​ចំ​គោលដៅ​ប្រមាណ​៩០ភាគរយ ដែល​បច្ចុប្បន្ន​កម្ពុជា​កំពុងតែ​មានការ​អភិវឌ្ឍ​ន៍​លើ​វិស័យ​ការពារ​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង និង​ដើម្បី​ពង្រឹង​ខឿន​ការ​ពារ​ជាតិ ការពារ​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់​ឱ្យ​កាន់តែ​រឹងមាំ​ផង​ដែរ​។​

​នៅក្នុង​ឱកាស​នោះដែរ ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​មាន​ប្រសា​ន៍​ថា កងទ័ព​ជា​កម្លាំង​ស្នូល និង​ជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ ដោយបាន ត្រៀម​ជាស្រេច​គ្រប់​ពេល​វា​លា​ដើម្បី​ទប់ទល់​រាល់​សភាពការណ៍​ដែល​បង្កឡើង​ដោយ​ជន​អគតិ ដែល​មាន​បំណង​ចង់​ផ្តួល​រំលំ​រាជរដ្ឋា​ភិបាល​កម្ពុជា​ស្របច្បាប់ ជាពិសេស​ត្រូវ​ការពារ​ដាច់ខាត​មិន​ឲ្យ​កើតមាន​នូវ​បដិវត្តន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​នោះ​ឡើយ​។

គួរ​បញ្ជាក់​ដែរ​ថា ទីលាន​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​មរតក តេ​ជោ​សែន​នៅ​ភ្នំ​វាល​ចាប​ក្នុងស្រុក​បាណន់ ខេត្ត​បាត់ដំបង របស់​យោធភូមិភាគ​ទី​៥ ត្រូវ​បាន​គេ​មើល​ឃើញ​ថា កាលពី​អតីតកាល​គឺជា​តំបន់​សមរ​ភូមិ សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ក្តៅ​គគុក​រវាង​កងទ័ព អតីត​ខ្មែរក្រហម ជាមួយ​កងទ័ព​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដណ្ដើម​គ្រប់គ្រង​និង​ការ​កាន់កាប់​ជាហេតុ​បណ្ដាល​ឱ្យ​កងទ័ព​ទាំង​សង​បាន​ស្លាប់​និង​រង​របួស​ជាច្រើន៕

សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ទីលាន​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​មរតក​តេជោ​សែន ភ្នំ​វាយ​ចាប​

សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ទីលាន​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​មរតក​តេជោ​សែន ភ្នំ​វាយ​ចាប​