ពលរដ្ឋ​៩​សហគមន៍​ខក​ចិត្ត​នឹង​សាលា​ក្រុង​ដែល​យឺតយ៉ាវ​ផ្ដល់​ព័ត៌មាន​ធ្វើ​ផ្លូវ​ថ្នល់​លើ​ផ្លូវ​រថភ្លើង

ភាព​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់​នៅ​ពី​លើ​គន្លង​ផ្លូវ​រថភ្លើង​ចាស់ ពី​ចំណុច​ស្ថានីយ​រថភ្លើង ទៅ​ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៦ ពី​សំណាក់​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង។

ក្រោយ​ពី​ទៅ​ដល់​សាលា​រាជធានី​ភ្នំពេញ​តាម​ការ​សន្យា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា តំណាង​ប្រជាពលរដ្ឋ​ផ្លូវ​ដែក​ចំនួន ៩​សហគមន៍​ដែល​មាន​គ្នា​ប្រមាណ​ជា ២០​នាក់ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​ហាក់​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ពួក​គាត់ ដែល​ស្នើ​ឲ្យ​មាន​វេទិកា​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​បង្ហាញ​ព័ត៌មាន​លម្អិត​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក ដែល​ជា​គំនិត​ផ្ដួចផ្ដើម​កន្លង​មក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

តំណាង​សហគមន៍​ភូមិ​២៣ លោកស្រី នី សណ្តូស ដែល​បាន​ចូល​ជួប​ជាមួយ​នឹង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ថា បច្ចុប្បន្ន សាលា​រាជធានី​ភ្នំពេញ​បដិសេធ​សំណើ​ពួក​គាត់ ក្នុង​ការ​ធ្វើ​វេទិកា​សាធារណៈ ព្រោះ​គម្រោង​អភិវឌ្ឍន៍​នោះ​ស្ថិត​ក្នុង​ការ​សិក្សា​នៅ​ឡើយ ដែល​ចម្លើយ​នោះ​វា​មិន​ស្រប​ទៅ​នឹង​អ្វី​ដែល​លោក ប៉ា សុជាតិវង្ស បាន​ឲ្យ​ដឹង​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​គាត់៖ «ឯកឧត្តម ប៉ា សុជាតិវង្ស លោក​ថា​បាន​សិក្សា​ហើយៗ ហើយ​លោក​បាន​ចុះ​ទៅ​ផ្ទាល់​ដល់​សហគមន៍​យើង ២​ដង​ហើយ នៅ​ក្នុង​ផេក (ទំព័រ​ហ្វេសប៊ុក) របស់​គាត់។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គាត់​និយាយ​ថា កំពុង​តែ​រៀបចំ​ក្រុម​ការងារ​ចុះ​ទៅ​សិក្សា។ អ៊ីចឹង​ព័ត៌មាន​វា​ហាក់​ដូចជា​អត់​ដូច​គ្នា។ អ៊ីចឹង​ហើយ​យើង​ស្នើសុំ​ជួប​លោក​អភិបាល​ផ្ទាល់​តែ​ម្តង​នៅ​ថ្ងៃ​ទី​១៤ ខែ​៧ ហ្នឹង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ជិន ប៊ុនធឿន បាន​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៣០ មិថុនា។

តំណាង​សហគមន៍​ទាំង​៩ នឹង​នៅ​តែ​បន្ត​​ដាក់​លិខិត​របស់​ពួក​គាត់​ជា​បន្តបន្ទាប់ រហូត​អាច​ជួប​នឹង​លោក​អភិបាល​រាជធានី​ភ្នំពេញ មុន​នឹង​គ្រោង​ឈាន​ដល់​ការ​ដាក់​លិខិត​អន្តរាគមន៍​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឬ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

សហគមន៍​ផ្លូវ​ដែក​ទាំង​៩ រួម​មាន​ភូមិ​២ ភូមិ​១៥ ភូមិ​១៦ ភូមិ​១៧ ភូមិ​២១ ភូមិ​២៣ សហគមន៍​១០៤ សហគមន៍​១០៥ និង​ភូមិ​ទួលសង្កែ២។ ពួក​គាត់​បារម្ភ​ពី​ជោគ​វាសនា ខ្លាច​ក្រែង​ដូចជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់ បុរីកីឡា ឬ​ដី​ក្រហម ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​បណ្ដេញ​ចេញ​ក្នុង​ពេល​កន្លង​មក ក្រោម​លេស​ថា​យក​តំបន់​ទាំង​នោះ​ធ្វើ​ការ​អភិវឌ្ឍ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។