អង្គហេតុ និង​អង្គច្បាប់​នៃ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ហ្វីលីពីន​ប្តឹង​ប្រឆាំង​ចិន​ និពន្ធដោយ : ទេព អ៊ីវិសាល       June-30-2016, 8:39 pm         214

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អង្គហេតុ និង​អង្គច្បាប់​នៃ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ហ្វីលីពីន​ប្តឹង​ប្រឆាំង​ចិន​អង្គហេតុ និងអង្គច្បាប់ ប្រភពរូបភាព៖ PCA​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ (PCA=Permanent Court of Arbitration) បានកំណត់​យក​ថ្ងៃទី​១២ ខែកក្កដា ខាងមុខ​ដ៏​ខ្លី​នេះ ដើម្បី​ប្រកាស​សេចក្តីសម្រេច​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំងនឹង​ចិន​។ រយៈពេល​បី​ឆ្នាំ​មកហើយ ដែល​គេ​កំពុងតែ​រង់ចាំ​ការចេញ​សាលក្រម​មួយ​នេះ​។

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែលមាន​ទាំង​ភាសា​អង់គ្លេស​ផង បារាំង​ផង និង​ចិន​ផងដែរ​របស់ PCA ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ នៅ​ថ្ងៃទី​២៩ ខែមិថុនា បាន​ជូនដំណឹង​ទៅកាន់​ភាគី​នៃ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ហើយ ថា តុលាការ នឹង​ប្រកាស​សាលក្រម​នៃ​ម​ជ្ឈ​ត្ត​ការដែល​បង្កើតឡើង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន ដោយ​យោងតាម​ឧបសម្ព័ន្ធ​៧ នៃ​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨២ (UNCLOS)​។

​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល តុលាការ នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃ​អង្គារ ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ម៉ោង​១១ ព្រឹក នៃ​ក្រុងឡាអេ ប្រទេស​ហូ​ឡង់​។ ក្នុងនោះ តុលាការ នឹង​បញ្ជូន​សាលក្រម ដែលមាន​បី​ភាសា​រួមមាន​អង់គ្លេស បារាំង និង​ចិន (Mandarin) តាមរយៈ​សារ​អេឡិចត្រូនិក ដែល​អម​ជាមួយនឹង​សេចក្តីប្រកាស​ព័ត៌មាន​ដែលមាន​សង្ខេប​ពី​សាលក្រម​ផងដែរ​នោះ​។​

​ខាងក្រោម​នេះ គឺ​ការ​សង្ខេប​ដំណើរ​នៃ​សំណុំរឿង​ដោយយោង​តាម​សេចក្តីប្រកាស​ព័ត៌មាន និង​ប្រភពព័ត៌មាន​ផ្សេងទៀត
​ម​ជ្ឈ​ត្ត​ការ​នៃ​សំណុំរឿង ហ្វីលីពីន និង​ចិន បានចាប់ផ្តើម​ពីថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៣ តាមរយៈ​បណ្តឹង​ហ្វីលីពីន ដែល​ពេលនោះ ហ្វីលីពីន បញ្ជាក់​ទៅកាន់​ចិន​តាមរយៈ​ការជូនដំណឹង និង​សេចក្តីថ្លែងការណ៍​ទាមទារ ដោយ​យោងតាម​បទបញ្ញត្តិ​នៃ​អនុសញ្ញា​ពាក់ព័ន្ធ និង​នីតិវិធី​ដែល​កំណត់ដោយ​ឧបសម្ព័ន្ធ​៧​នៃ​អនុសញ្ញា​។ អនុសញ្ញា សំដៅលើ​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​អង្គការសហប្រជាជាតិ ឆ្នាំ​១៩៨២ (UNCLOS)​។

​នៅ​ថ្ងៃទី​១៩ ខែ កុម្ភៈ ឆ្នាំ​២០១៣ ចិន បាន​បដិសេធ និង​បញ្ជូន​សេចក្តីជូនដំណឹង​ទៅកាន់​ហ្វីលីពីន​វិញ​។ ក្រោយមក​ចិន បាន​បន្ត​អះអាង​ម្តង​ហើយ​ម្តងទៀត​ពី​គោលជំហ មិន​ទទួល​(non-acceptance) និង មិន​ចូលរួម​(non-participation)​នៅក្នុង​ម​ជ្ឈ​ត្ត​ការ​នោះទេ​។ យ៉ាងណាក៏ដោយ យោងតាម​ឧបសម្ព័ន្ធ​៧​នៃ​អនុសញ្ញា បើទោះបីជា អវត្តមាន​នៃ​ភាគី​ម្ខាង ឬ​បរាជ័យ​នៃ​ភាគី​ម្ខាង​ក្នុងការ​ការពារ​លើ​សំណុំរឿង​នោះ​ក៏ដោយ ក៏​មិនអាច​បញ្ឈប់​នីតិវិធី​បានឡើយ​។

​សាលាក្តី​ដើម្បី​ជំនុំជម្រះ ត្រូវបាន​បង្កើត​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៣ ដោយ​យោងតាម​នីតិវិធី ដែល​បានកំណត់​ក្នុង​ឧបសម្ព័ន្ធ​៧​នៃ​អនុសញ្ញា​ដើម្បី​សម្រេច​ពី​ជម្លោះ​ដោយ​ប្តឹង​ដោយ​ហ្វីលីពីន​។​

​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៤ ហ្វីលីពីន បានដាក់​កំណត់ហេតុ​ជា​លម្អិត និង នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៥ បានដាក់​កំណត់ហេតុ​បន្ថែម​ជា​លាយលក្ខណ៍អក្សរ (Supplemental Written Submission) ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​របស់​សាលាក្តី​ដែល​បានទាមទារ​ពី​ការ​អំ​ណេះ​អំ​ណា​ង​ជា​លាយលក្ខណ៍អក្ស​រលើប​ញ្ហា​ជាក់លាក់ ។ បើទោះបីជា ចិន មិនបាន​ចូលរួម​ផ្លូវការ​ក្នុង​នីតិវិធី​ក៏ដោយ នៅ​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ​២០១៤ ចិន បាន​ចុះផ្សាយ​ពី​សេចក្តីថ្លែងការណ៍​ពី​គោលជំហ (Position Paper) របស់ខ្លួន ដោយបាន​បញ្ជាក់ថា សាលាក្តី ខ្វះ​យុត្តាធិការ​ដើម្បី​ពិចារណា​លើ​ការទាមទារ​របស់​ហ្វីលីពីន ដ្បិត​ការទាមទារ​នោះ ពាក់ព័ន្ធ​នឹង​បញ្ហា​អធិបតេយ្យ និង​ការកំណត់​ដែន​សីមា និង​ព្រោះ​ហ្វីលីពីន និង​ចិន បាន​ព្រមព្រៀង​ដើម្បី​ដោះស្រាយ​ជម្លោះ​រួម​តាមរយៈ​ការចរចា​ប៉ុណ្ណោះ​។​

​ក្រោយ​បាន​បើកសវនាការ​លើ​ស្តីពី «​យុត្តាធិការ និង​ការទទួលយក​សំណុំរឿង​មក​ដោះស្រាយ​» នៅ​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥, សាលាក្តី បានប្រកាស សាលក្រម ពាក់ព័ន្ធ​នឹង «​យុត្តាធិការ និង​ការទទួលយក​សំណុំរឿង​» នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​។ ក្នុង​សាលក្រម​នោះ បានបង្ហាញ​ពី​ការជំទាស់​ដែល​បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​គោលជំហ ដែល​រួមមាន (​ក​). ជម្លោះ​ដែល​ប្តឹង​ដោយ​ហ្វីលីពីន មិន​ពាក់ព័ន្ធ​អធិបតេយ្យ​លើ​ដែនដី​នោះទេ​, (​ខ​). ជម្លោះ​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​មិន​ពាក់ព័ន្ធ​នឹង​ការកំណត់​ដែន​សីមា​នោះទេ​, (​គ​). សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ចិន​-​អាស៊ាន​ឆ្នាំ​២០០២ មិនបាន​យក​កិច្ចព្រមព្រៀង​ផ្នែក​ច្បាប់ ដែល​មិនបាន​កំណត់​ពី​ម​ជ្ឈ​ត្ត​ការ​នោះទេ​។​

​យ៉ាងណាក្តី សាលាក្តី បានសម្រេច ថា សាលាក្តី​មាន​យុត្តាធិការ​ដើម្បី​ពិចារណា​លើ​«​សំណើ​ប្រាំពីរ​ចំណុច​របស់​ហ្វីលីពីន​»  ក៏ប៉ុន្តែ​ប្រាំពីរ​ចំណុច​ផ្សេងទៀត តុលា​ការមិន​ទទួល​ចាត់ការ​នោះទេ​។

​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer.net ចំណុច​ទាំងពីរ​ប្រាំ​ដែល​សាលាក្តី​ទទួល​ចាត់ការ​នោះ រួមមាន​ទាក់ទង​នឹង​ការបកស្រាយ​ពី​ស្ថានភាព​នៃ (​ចំណុច​ទី​១) តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal, (​ចំណុច​ទី​២)​តំបន់ Mischief Reef, Second Thomas Shoal និង Subi Reef, (​ចំណុច​ទី​៣) តំបន់​ថ្ម​ប៉ប្រះ​ទឹក​Gaven Reef និង McKennan Reef, (​ចំណុច​ទី​៤)​តំបន់​ថ្ម​ប៉ប្រះ​ទឹក Johnson Reef, Cuarteron Reef និង Fiery Cross Reef, (​ចំណុច​ទី​៥) ចិន​បាន​រារាំង​អ្នកនេសាទ​ហ្វីលីពីន​ដោយ​ខុសច្បាប់​ក្នុងការ​សកម្មភាព​នេសាទ​បែប​ប្រពៃណី​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal, (​ចំណុច​ទី​៦) ចិន បាន​រំលោភ​កាតព្វកិច្ច​របស់ខ្លួន ដែល​កំណត់​ក្នុង​អនុសញ្ញា​ក្នុងការ​ការពារ​និង​អភិរក្ស​បរិស្ថាន​សមុទ្រ​នៅ​តំបន់ Scarborough Shoal និង Second Thomas Shoal (​ចំណុច​៧) ចិន បាន​បំពាន​កាតព្វកិច្ច​ខ្លួន ដែល​កំណត់ដោយ​អនុសញ្ញា​ដោយបាន​ប្រតិបត្តិការ​នាវាចម្បាំង​ដែលមាន​ច​រិ​ក​លក្ខណៈ​គ្រោះថ្នាក់​ខ្លាំង​នៅក្នុង​តំបន់​ក្បែរ​នៃ Scarborough Shoal​។

​អ្វី​គួរកត់សម្គាល់​នោះ សាលាក្តី​បាន​សង្កត់ធ្ងន់ ថា «​សាលាក្តី នឹងមិន​បកស្រាយ​លើ​សំណួរ​នៃ​អធិបតេយ្យ​(​ម្ចាស់​)​លើទឹក​ដី និង មិន​កំណត់​ដែន​សីមា​សមុទ្រ​ឲ្យ​ភាគី​ណាមួយ​ឡើយ​»​។​

​សវន​ការ​ចុងក្រោយ ត្រូវបាន​បញ្ចប់ បន្ទាប់ពី​ការបញ្ចប់​ការដេញដោល​នៅ​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា​ឆ្នាំ​២០១៥៕