បំពុល​ឆ្កែ​ងាប់​រហូត​១៣​ក្បាល​ ទើប​ចូល​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​

បំពុល​ឆ្កែ​ងាប់​រហូត​១៣​ក្បាល​ ទើប​ចូល​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​



ពោធិ៍សាត់ ​៖​ ​​ប្រជាពលរដ្ឋ​​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ នៅ​ស្រុក​បាកាន​ ​បន្ទាប់​ពី​ក្រុម​ចោរ​​ ​បាន​លួច​យក​ម៉ូតូ​អស់​មួយ​គ្រឿង ​ហើយ​ប្រើ​ថ្នាំ​បំពុល​ឆ្កែ​ងាប់​រហូតដល់​ទៅ​១៣​ក្បាល​ កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៦​ ក្នុង​ភូមិ​ព្រៃ​កន្ទួត ឃុំ​តា​លោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។

អាជ្ញាធរ​មូលដ្ឋាន​​​បាន​ប្រាប់​ថា ម៉ូតូ​ ដែល​ត្រូវ​ចោរ​លួច​យក​​​ទៅ​បាត់​នោះ​ ​ជា​ប្រភេទ​​​ឌ្រីម​សង់​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ ពោធិ៍សាត់​ 1D-04.78 ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ឈ្មោះ​ថន ធីប អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​គង់ អ៊ីន អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាង​លើ។ ចំណែក​​​ឆ្កែ​របស់​គ្រួសារ​រងគ្រោះ​ងាប់​មួយ​ក្បាល និង​ឆ្កែ​អ្នកភូមិ​ជាប់​គ្នា​ត្រូវ​ពួក​ក្រុម​ចោរ​​​នេះ​ បំពុល​ងាប់​ឆ្កែ​អស់​ចំនួន​១២​ក្បាល​ថែម​ទៀត។

អាជ្ញាធរ​បាន​ដកស្រង់​សម្ដី​ដើម​ពី​ក្រុម​គ្រួសារ​រងគ្រោះ ដែល​ត្រូវ​ក្រុម​ចោរ​​​លួច​ម៉ូតូ​ និង​បំពុល​ឆ្កែ​ងាប់​​ មក​​​និយាយ​ថា មុន​ពេល​កើត​ហេតុ​រូប​គាត់​​ បាន​ដាក់​​ម៉ូតូ​ខាង​ក្រោម​ ក្នុង​ឃ្លុប​ផ្ទះ​ដូច​សព្វ​មួយ​ដង រួច​ក៏​នាំគ្នា​ចូល​ដេក​ធម្មតា។ លុះ​​​ដល់​ម៉ោង​ប្រមាណ​ជា​​១​អាធ្រាត្រ រូប​គាត់​ជា​ម្ចាស់ផ្ទះ​​ បាន​ក្រោក​ពី​ដំណេក​ចុះ​បត់ជើងតូច ក៏​ស្រាប់តែ​ឃើញ​ឆ្កែ​គាត់​មួយ​ក្បាល​ដេក​ងាប់​ក្បែរ​ផ្ទះ​​​បែក​ពពុះមាត់។ ភ្លាម​នោះ គាត់​រត់​ទៅ​​​​​មើល​ម៉ូតូ​​​អត់​ឃើញ ក៏​មាន​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ផ្អើល​អស់អ្នក​ភូមិ ​ក៏​ស្រាប់​តែ​មាន​ឆ្កែ​ចំនួន​ដល់​ទៅ​១២​ក្បាល​ទៀត នៅ​ជាប់ៗ​ផ្ទះ​គាត់​ងាប់​រដូករណែល ដោយសារ​ក្រុម​ចោរ​នេះ​បំពុល​ឆ្កែ​ចូល​លូច​ម៉ូតូ​គាត់​មួយ​គ្រឿង​នោះ។

មន្ត្រី​នគរបាល​មូលដ្ឋាន​ឃុំ​តា​លោ​បាន​និយាយ​ថា ក្រោយពេល​កើតហេតុ​នគរបាល​យើង​បាន​ចុះ​ដល់​ផ្ទះ​រងគ្រោះ​ និង​តាម​ក្រុម​ចោរ​នេះ​ដែរ តែ​ពួកគេ​ធ្វើ​សកម្មភាព​បំពុល​ឆ្កែ​រួច​ហើយ​លួច​ម៉ូតូ​យក​ទៅ​បាត់​​ ប្រហែលជា​មុន​ពេល​ម្ចាស់ផ្ទះ​ដឹង ប្រមាណ​ជា​១​ម៉ោង​កន្លះ​ទៅ​២​ម៉ោង​ហើយ។ ទោះ​យ៉ាង​ណា​ខាង​នគរបាល​យើង​បាន​បន្ត​ស្រាវជ្រាវ រុករក​ក្រុម​ចោរកម្ម​នេះ​មក​ផ្ដន្ទាទោស​តាមច្បាប់។

ទាក់ទង​នឹង​អំពើ​ចោរកម្ម​លួច​ម៉ូតូ​មួយ​គ្រឿង​ហើយ​បំពុល​ឆ្កែ​ងាប់​រហូតដល់​១៣​ក្បាល​នេះ​ ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​បាកាន ​មានការ​ភ័យខ្លាច​ពី​អសន្តិសុខ​ក្នុង​ភូមិ​ឃុំ​របស់​ពួកគាត់​ជាពិសេស ​គឺ​ពេលយប់ ហើយ​សូម​ឲ្យ​នគរបាល​មូលដ្ឋាន​ និង​ប្រជា​ការពារ​ភូមិ​បង្កើន​ការប្រុងប្រយ័ត្ន​​​​​​​ ដោយ​នាំគ្នា​ដើរ​ល្បាត​ផង ដើម្បី​ឲ្យ​ពួកគាត់​ស្ងប់ចិត្ត ព្រោះ​ខ្លាច​បាត់បង់​ទ្រព្យសម្បត្តិ​​​ខ្លាំង​ណាស់ នៅ​ពេល​ឃើញ​ភាព​ជាក់ស្ដែង​បែបនេះ៕
បំពុល​ឆ្កែ​ងាប់​រហូត​១៣​ក្បាល​ ទើប​ចូល​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​

បំពុល​ឆ្កែ​ងាប់​រហូត​១៣​ក្បាល​ ទើប​ចូល​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​

បំពុល​ឆ្កែ​ងាប់​រហូត​១៣​ក្បាល​ ទើប​ចូល​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​