រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ការ​បរិច្ចាគ​សរីរាង្គ​និង​ប្រឆាំង​ការ​ជួញ​ដូរ​ក្រលៀន

រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាង​ស្ដីពី​ការ​គ្រប់គ្រង​លើ​ការ​បរិច្ចាគ ការ​ផ្សាំ​កោសិកា ជាលិកា និង​សរីរាង្គ​មនុស្ស ដែល​សេចក្តី​ព្រាង​ច្បាប់​នោះ​ក៏​មាន​ការ​ប្រឆាំង​ជួញ​ដូរ​ក្រលៀន​ផង​ដែរ។ តែ​ទោះ​យ៉ាង​ណា​ក្តី សេចក្តី​ព្រាង​ច្បាប់​នេះ គ្រាន់​តែ​ជា​ការ​បើក​ផ្លូវ​ឲ្យ​ក្រសួង​សុខាភិបាល ពិសោធ​ការ​ផ្សាំ​នោះ​ប៉ុណ្ណោះ។

រដ្ឋសភា​រំពឹង​ថា សេចក្តី​ព្រាង​ច្បាប់ ៦​ជំពូក និង ៣៤​មាត្រា​នេះ នឹង​លើក​កម្ពស់​គុណភាព​វិសាលភាព​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ សម្រាប់​អនុវត្ត​ចំពោះ​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​ការ​បរិច្ចាគ ការ​ផ្សាំ​កោសិកា ជាលិកា និង​សរីរាង្គ​មនុស្ស។ កិច្ច​ប្រជុំ​ដែល​មាន​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៥​រូប​ចូលរួម គ្មាន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាស់​ការ​សម្រេច​នេះ​ទេ។

ថ្លែង​ក្រោយ​សភា​អនុម័ត រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ថា​ការ​ផ្សាំ​កោសិកា ជាលិកា និង​សរីរាង្គ​មនុស្ស គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​ការ​ស្រាវជ្រាវ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​សុំ​អនុញ្ញាត​ជម្រាប​ជូន​សភា​ទាំងមូល ច្បាប់​នេះ​យើង​រៀបចំ​សម្រាប់​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​សរីរាង្គ ហើយ​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ស្រាវជ្រាវ​ទេ»

សេចក្តី​ថ្លែង​ហេតុ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ការ​អភិវឌ្ឍ​វិស័យ​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ ការ​ផ្សាំ​តម្រង​នោម ឬ​ហៅ​ថា​ក្រលៀន បាន​ក្លាយ​ជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព។ ទន្ទឹម​គ្នា​នោះ​ដែរ ក៏​មាន​ជួញ​ដូរ​ក្រលៀន​នៅ​ក្នុង​ស្រុក​ទៅ​ក្រៅ​ស្រុក ដែល​អ្នក​រងគ្រោះ​ជា​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ទាប ឬ​មធ្យម។ ការ​ជួញ​ដូរ​នេះ ឈ្មួញ​កណ្ដាល​ជា​អ្នក​ចំណេញ​លើសលប់។

ក្រៅ​ពី​នេះ រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ពិធីសារ និង​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ទៀត​ដែរ។

រដ្ឋសភា​រំពឹង​ថា ប្រសិទ្ធភាព និង​តម្លាភាព​ក្នុង​ការ​ព្យាបាល​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ផ្សាំ​កោសិកា ជាលិកា ឬ​សរីរាង្គ​មនុស្ស ក្នុង​គោលដៅ​មនុស្សធម៌ ចំណែក​ការ​ធ្វើ​ពាណិជ្ជកម្ម​ត្រូវ​ហាមឃាត់​ជា​ដាច់​ខាត។

ការ​បរិច្ចាគ និង​ការ​ទទួល​សរីរាង្គ​មនុស្ស ត្រូវ​អនុវត្ត​តាម​ការ​ស្ម័គ្រ​ចិត្ត និង​អ្នក​បរិច្ចាគ និង​អ្នក​ទទួល​ក្នុង​គោល​បំណង​មនុស្សធម៌ និង​សប្បុរសធម៌ គឺ​មិន​ធ្វើ​ពាណិជ្ជកម្ម និង​មិន​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម ការពារ​សុវត្ថិភាព និង​សុខុមាលភាព​អ្នក​ផ្តល់ និង​អ្នក​ទទួល រក្សា​ការ​សម្ងាត់​របស់​អ្នក​ផ្តល់ និង​អ្នក​ទទួល លើក​លែង​តែ​មាន​ការ​ឯកភាព​គ្នា​ពី​ភាគី​ពាក់ព័ន្ធ ឬ​កំណត់​ដោយ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។