អ្នកវិភាគ​ថា សម្តេចនាយក​រដ្ឋមន្ត្រី​មិនគួរ​ប្រើពាក្យ «​អា​គុក​» ឡើយ​ និពន្ធដោយ : ម៉ៅ សុផា       June-30-2016, 9:39 pm         759

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកវិភាគ​ថា សម្តេចនាយក​រដ្ឋមន្ត្រី​មិនគួរ​ប្រើពាក្យ «​អា​គុក​» ឡើយ​​ភ្នំពេញ​៖ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ភាសា​របស់​សម្តេច ហ៊ុន សែន ដែល​ប្រើ​ចំពោះ​ឯកឧត្តម កឹម សុខា​។ ប៉ុន្តែ​ភាគី​បក្ស​កាន់អំណាច អះអាងថា បក្សប្រឆាំង ជា​អ្នកបង្ក​ឲ្យ​មាន​កំហឹង ដល់​សម្តេច ហ៊ុន ទើប​សម្តេច​ប្រើ​ភាសា​បែបនេះ​។

«​អា​គុក​» នេះ​ជាការ​ជេរ​របស់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សំដៅលើ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ការប្រើ​ពាក្យពេចន៍​ធ្ងន់ៗ​ដូច្នេះ ដោយសារតែ​ប្រមុខ​បក្ស​កាន់អំណាច​រូបនេះ កើត​ទោមនស្ស​នឹង​ឯកឧត្តម កឹម សុខា ដែល​លើកឡើង​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន Reuters ថា «​សម្តេច ហ៊ុន សែន ខ្លាច​ចាញ់ឆ្នោត​»​។

​អ្នកវិភាគ​នយោបាយ មិន​ពេញចិត្ត​បន្តិច​សោះឡើយ​ចំពោះ​នាយករដ្ឋមន្ត្រី វាយបក​ទៅកាន់​គូប​ដិ​បក្ស ដោយ​ប្រើ​ភាសា​ដូច្នេះ​។ ពួកគេ​សុទ្ធតែ​អះអាង​ដូចគ្នា​ថា ភាសា​អសុរោះ​បែបនេះ មិនគួរ​ប្រើ​ក្នុង​ទីសាធារណៈ​នោះទេ​។

​លោក មាស នី អ្នកវិភាគ​នយោបាយ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន មិនគួរ​ប្រើ​ភាសា​បែបនេះ​ឡើយ​។ លោក បន្តថា អ្នកដឹកនាំ ត្រូវ​ប្រើ​ភាសា​ប្រកបដោយ​សីលធម៌ និង​បែប​ការទូត ដើម្បី​ធ្វើជា​គំរូ​ល្អ​ដល់​សង្គម​ទាំងមូល​។ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​រូបនេះ បាន​សម្តែង​ការហួសចិត្ត​ដូច្នេះ​ថា​៖«​ពេល​ខ្ញុំ​ឮ​ពាក្យ​ហ្នឹង ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​ខ្លាំងណាស់​។ ពាក្យ​ហ្នឹង វា​អាក្រក់​ពេក មិន​សម​នឹង​និយាយ​ទេ​»​។

​ចំណែកឯ អ្នកវិភាគ​មួយរូប​ទៀត គឺ​លោក សូ ចន្ថា ក៏​មិន​ស្វាគមន៍​សម្តេច ហ៊ុន សែន ដែល​បញ្ចេញ​កំហឹង តាមរយៈ​ការប្រើ​ភាសា​អ៊ីចឹង ដែរ​។ លោក សូ ចន្ថា បញ្ជាក់ថា ការប្រើប្រាស់​ភាសា​របស់​ថ្នាក់ដឹកនាំ​ប្រទេស​បែបនេះ នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គមជាតិ​ទាំងមូល ជាពិសេស​យុវជន​ជំនាន់​ក្រោយ​។ លោក បន្ថែមទៀតថា ការឆ្លើយតប​ទៅ​គូ​ប្រ​កួន ដោយ​ប្រើពាក្យ​ទ្រគោះបោះបោក​ដូច្នេះ មិនអាច​នាំ​ផលចំណេញ​អ្វី ដល់​ប្រទេសជាតិ​ឡើយ​។ 

​ឆ្លើយតប​នឹង​ការរិះគន់​ខាងលើ លោក សុខ ឥសាន អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​លើកឡើងថា មូលហេតុ ដែល​សម្តេច ហ៊ុន សែន ទប់​អារម្មណ៍​មិនបាន ហើយ​ប្រើ​ភាសា​បែបនេះ គឺ​ដោយសារតែ​ភាគី​បក្សប្រឆាំង​ជា​អ្នកបង្ក​ឲ្យ​មាន​កំហឹង​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បាន​ផ្តាំ​ទៅ​បក្សប្រឆាំង ឲ្យ​បញ្ឈប់​ការ​ដៀមដាម ឬ​ប្រើ​វោហា​សាស្ត្រ​បញ្ឆិតបញ្ឆៀង ដាក់​ភាគី​បក្ស​កាន់អំណាច បើ​មិន​ចង់​ឲ្យ​មានការ​ប្រើ​ភាសា​ធ្ងន់ៗ​បែបនេះ​សាជាថ្មី​។ លោក សង្កត់ធ្ងន់ៗ​ថា​៖«​មកពី​គាត់ (​បក្សប្រឆាំង​) ចាក់ក្រឡេក​។ តែ​ចាក់ក្រឡេក គេ​វ័ត​វិញ​ហើយ គេ​វាស​ចេញ​ហើយ​។ កុំ​ឲ្យ​តែ​គាត់​បង្ក​កំហឹង​។ ត្រូវ​ចាំ សម្តេច មិនមែនជា​ព្រះ​ឯណា​»​។

​យ៉ាងណាក៏ដោយ លោក សុខ ឥសាន មិន​ព្រួយបារម្ភ ពី​ការបាត់បង់​សន្លឹកឆ្នោត ដោយសារតែ​សម្តេច ហ៊ុន សែន ប្រើពាក្យ​បែបនេះ​ទេ​។ លោក អះអាងថា ប្រជាជន​ភាគច្រើន នៅតែ​ស្រឡាញ់​សម្តេច ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បុគ្គល ដែល​មិន​ពេញចិត្ត មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​៕