បារាំង​ចង់​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ជុំវិញ​សំណុំរឿង​អ៊ុយ​ក្រែ​ន​ឆាប់ៗ​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-30-2016, 9:59 pm         111

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បារាំង​ចង់​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ជុំវិញ​សំណុំរឿង​អ៊ុយ​ក្រែ​ន​ឆាប់ៗ​​រដ្ឋមន្ត្រីការបរទេស​បារាំង​លោក Jean-Marc Ayrault  បាន​អះអាងថា បារាំង​ពិតជា​ចង់​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ឆាប់​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន​។​ប្រមុខ​ការទូត​បារាំង​លើកឡើង​បែបនេះ ក្រោយ​ជួប​ជាមួយ​សម​ភាគី​រុស្ស៊ី​លោក Sergei Lavrov ។ ប៉ុន្តែ​លោក​ក៏បាន​ជំរុញ​ឲ្យ​រុស្ស៊ី​ប្រឹងប្រែង​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ផងដែរ​។​

​ការដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​មិនមែនជា​គោលដៅ​របស់​បារាំង​ឡើយ ហើយ​បារាំង​ក៏​ចង់​ឲ្យ​មាន​ការដក​ទណ្ឌ​កម្មនេះ​ឆាប់ៗ​ដែរ​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​បារាំង Jean-Marc Ayrault  ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov នៅ​ក្រុងប៉ារីស​ថ្ងៃ​ពុធ ទី ២៩ មិថុនា​។

​រដ្ឋមន្ត្រីការបរទេស​បារាំង​ខាងលើ​បានបញ្ជាក់​បន្ថែមថា ក្រុងប៉ារីស ត្រៀមខ្លួន​ដើម្បី​ឈានទៅ​ដក​ទណ្ឌកម្ម​ដែល​បានដាក់​ប្រឆាំង​រុស្ស៊ី​ក្រោយ​ជម្លោះ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​។ ប៉ុន្តែ​អ្វីដែល​លោក​ចង់ឃើញ​នោះ​គឺ ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង Minsk ដែល​រួម​បង្កើតឡើង​ដោយ​អាល្លឺម៉ង់ បារាំង អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​និង​ចូល​ជា​ធរមាន​តាំងពី​ខែកុម្ភៈ​ឆ្នាំ មុន​នោះ​។​

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT មន្ត្រីការទូត​បារាំង Jean-Marc Ayrault  បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ថា​៖«​ដំណើរការ​នៃ​ការដក​ទណ្ឌកម្ម វា​ទាក់ទង​ជាមួយ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk ហើយ​រុស្ស៊ី​គួរតែ​បញ្ចេញ​តួនាទី​សំខាន់​របស់ខ្លួន​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​»​។ 

​ចំណែក​ប្រមុខ​ការទូត​រុស្ស៊ី​ដែលមាន​វត្តមាន​នៅក្នុង​សន្និសីទ​ដែរនោះ​បាន​រំលឹក​ពី​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក​ជាមួយ​បារាំង​និង​ភាគី​ពាក់ព័ន្ធ​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk ឡើង​ដែរ​។
​លោក Lavrov បាន​បន្តថា​៖«  លក្ខខណ្ឌ​ដែល​សំខាន់បំផុត​សម្រាប់​ជំរុញ​ឲ្យ​មានការ​បញ្ចប់​បញ្ហា គឺ​ការបង្កើតឡើង​នូវ​ការសន្ទនា​ផ្ទាល់​រវាង​ក្រុង​គៀវ ជាមួយ​រដ្ឋាភិបាល​តំបន់ Donbass ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង Minsk និង​នៅក្នុង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​»​។​

​ប៉ុន្តែ​លោក​បាន​ព្យាយាម​ពន្យល់ថា ការអនុវត្ត​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​មិនមែន​ពឹង​ទាំងស្រុង​លើ​រុស្ស៊ី​ឡើយ ព្រោះ កន្លងមក​រុស្ស៊ី​បាន​ប្រឹងប្រែង​ខ្លាំង​រួចទៅហើយ​ដើម្បី​ជំរុញ​ឲ្យ​កិច្ចព្រមព្រៀង​ត្រូវគេ​អនុវត្តបាន​គ្រប់​ជ្រុងជ្រោយ​។​លោក​ចង់​បញ្ជាក់ថា​បញ្ហា​នៅលើ​អ៊ុយ​ក្រែ​ន​ខ្លួនឯង​ប៉ុណ្ណោះ​។ លោក​បានស្នើ​ឲ្យ​លោកខាងលិច​រួមទាំង​បារាំង​ប្រឹង​សហការ​ជាមួយ​អ៊ុយ​ក្រែ​ន​ដើម្បី​ធានាថា កិច្ចព្រមព្រៀង​នឹងត្រូវ​ភាគី​គោរព​និង​អនុវត្តតាម​មាន​ប្រសិទ្ធភាព​។​

​ត្រលប់​មកវិញ ទាក់ទិន​ការបន្ត​ឬ​ដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ប្រទេស​អឺរ៉ុប​មួយចំនួន​បានបង្ហាញ​ជំហរ​ប្រឆាំង​ការបន្ត​ទណ្ឌកម្ម​ជា​ស្វ័យប្រវត្តិ​ផងដែរ​។ អ៊ីតាលី​ដែលមាន​ទំនោរ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​ស្ដារ​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ឡើងវិញ បានប្រកាស​ហើយ​ថា ខ្លួន​មិន​គាំទ្រ​ការបន្ត​ទណ្ឌកម្ម​ស្វ័យប្រវត្តិ​ឡើយ ហើយ​ការសម្រេច​ថា​ដក​បន្ត​ឬ​អត់​គួរតែ​ចាប់ផ្តើម​ដោយ​ការជជែក​ដេញដោល​គ្នា​ក្នុងចំណោម​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៨ សិន​៕