លោក​មេ​គយ ហ៊ី​វ សុធា​រិ​ទ្ធ ចាត់ចែង​ឲ្យ​កូនចៅ បន្ត​កោសរូស​ទារលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មិន​ខ្វល់​ការរិះគន់​

​ភ្នំពេញ ៖ ក្រុម​អ្នក​រត់ការ ទំនិញ​វិនិយោគ បាន​លើកឡើងថា ការិយាល័យ​គយ និង​រដ្ឋាករ អា កាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ក្រោម​ការគ្រប់គ្រង របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ ពោរពេញ​ដោយ អំពើពុករលួយ ជា​លក្ខណៈ​ប្រព័ន្ធ តាម​រូបភាព​តម្រូវ ឲ្យ​មានការ​បង់ប្រាក់ សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ ក្នុង​មួយ​ឯកសារៗ ចាប់ពី ៣៥​ដុល្លារ​ទៅ ៧៥​ដុល្លារ នេះ​គិត​សម្រាប់តែ​ឯកសារ ដែល​គ្មាន​កំហុស​ដោយឡែក​ឯកសារ​មាន​កំហុស​ត្រូវ​កោសរូស​តាម​អំពើ​ចិត្ត ហើយ​គេ​មិនទាន់​គិតដល់ ទំនិញ​មួយចំនួន ដែល​បង់ពន្ធ​មិន​គ្រប់ ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រក​នេះឡើយ ។​

​ក្រុម​អ្នក​រត់ការ​បានលើកឡើង​ថា ការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ដែលមាន​លោក ហ៊ី​វ សុធា​រិ​ទ្ធ ជា​ប្រធាន និង​ជា​ទម្លាប់ ដែល​គាត់​ឆ្លងកាត់ និង​មានបទពិសោធន៍ ប្រព្រឹត្ត​អំពើពុករលួយ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ក៏​បន្ត​ប្រព្រឹត្ត​កំហុស បែបនេះ​ដដែល ។ យ៉ាងតិច​ក្នុង​មួយ​ឯកសារ សម្រាប់​ទំនិញ​វិនិយោគ​នាំចូល ត្រូវ​បង់ប្រាក់​ចំនួន ៧៥​ដុល្លារ ក្នុងនោះ អ្នក​រត់ការ ត្រូវ​បង្ខំចិត្ត​បង់ប្រាក់ ឲ្យ​កូនចៅ​លោក ហ៊ី​វ សុធា​រិ​ទ្ធ ជា​មន្ត្រី​គយ ទទួល​ផ្នែក​នីមួយៗ​តាម​ការទាមទារ ដូចខាងក្រោម ៖

ទី​១-​ត្រូវ​បង់​ចំនួន ៥​ដុល្លារ សម្រាប់​មន្ត្រី​គយ ទទួល​ផែន​ផ្នែក​ចុះ​លេខ ឈ្មោះ ធឿន ។ ទី​២-​បង់ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​គណនេយ្យ ឈ្មោះ សារ៉ាន់ ។ ទី​៣-​បង់ប្រាក់​ចំនួន​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ និង​ចំនួន ១០​ដុល្លារ ទៀត​ផ្នែក​កូនចៅ មន្ត្រី​គយ​ខាង​ពិនិត្យ​។ ទី​៤-​បង់ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ ឯកសារ និង​ទី​៥ ត្រូវ​បង់​ឲ្យ អនុប្រធាន​ការិយាល័យ ជា​កិច្ច​បង្ហើយ​ឯកសារ ចំនួន ៥​ដុល្លារ ។ ដោយឡែក​ចំពោះ ទំនិញ​វិនិយោគ​នាំចេញ ក្នុង​មួយ​ឯកសារ ក៏ត្រូវ​បង់​ចំនួន ៣៥​ដុល្លារ ។​

​អំពើពុករលួយ​នេះ គាបសង្កត់​ទាំង​ឯកសារ​ស្របច្បាប់ របស់​ផ្នែក​ទំនិញ​វិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌ រោង​ច្រក​កាត់ដេរ ដោយ​ករណីខ្លះ លោក ហ៊ី​វ សុធា​រិ​ទ្ធ បាន​តម្រូវ​ឲ្យ​មន្ត្រី​របស់ខ្លួន កេងប្រវ័ញ្ច ក្នុង​ប្រយោជន៍​ទៅលើ​ឯកសារ ខុស​បច្ចេកទេស​តិចតួច ឬ​កិច្ចការងារ​ប្រញាប់ ត្រូវ​ទាញយក​ប្រយោជន៍ លក្ខណៈ​ក្រោម​តុ កាន់តែច្រើន និង​ចង់ទៅ​ស៊ី​ញ៉េ កន្លែង​ណា​ក៏បាន​។ ពាក់ព័ន្ធ​ករណីនេះ អ្នកសារព័ត៌មាន មិនទាន់​អាចទាក់ទង​សុំ​ការបំភ្លឺ ពី​លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​បាន​នៅឡើយ​ទេ ៕

KA-30-06-2016-10 KA-30-06-2016-09​លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា