ស្រវឹង​ហែល​ឆ្លង​ទឹក​ស្ទឹង​បាត់​ពីរ​ថ្ងៃ ស្រាប់​តែ​ពេល​ឃើញ​សព​សឹងតែ​រលួយ

ស្រវឹង​ហែល​ឆ្លង​ទឹក​ស្ទឹង​បាត់​ពីរ​ថ្ងៃ ស្រាប់​តែ​ពេល​ឃើញ​សព​សឹងតែ​រលួយ



បាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​មនុស្ស​ញៀន​នឹង​ស្រា​ ឬក៏​ជាម​នុស្ស​ស្រវឹង​ខួប ត្រូវ​បាន​គេ​ប្រទះឃើញ​អណ្តែត​នៅ​ក្នុង​ស្ទឹង ដែល​មាន​លក្ខណៈ​ហើម​ស្អុយ​ទៅ​ហើយ បន្ទាប់ពី​បុរស​រូប​នេះ​បាន​ហែល​ឆ្លង​ស្ទឹង​នៅ​ពេល​ដែល​ខ្លួន​កំពុងតែ​ស្រវឹង​ស្រា ហើយក៏​បាន​បាត់​រយៈពេល​ពីរ​ថ្ងៃ​មក​ហើយ។

ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ គឺ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៨និង​៣០នាទី​ព្រឹក ​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច ភូមិ​កំពង់ចំលង​ក្រោម ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង ដោយសារតែ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​មនុស្ស​ប្រុស​ម្នាក់​កំពុង​អណ្តែត​នៅ​ក្នុង​ទឹកស្ទឹង ថែមទាំង​មាន​ក្លិនស្អុយ​ផង។

ក្រោយពេល​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ទើប​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ​សៀង ថាច ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​កំពង់​ឡី ​ឃុំ​អូរ​ដារ ស្រុក​កំរៀង ហើយក៏​ជា​មនុស្ស​ញៀន​នឹង​ស្រា​ខ្លាំង​ណាស់​ដែរ។

តាម​ការ​បំភ្លឺ​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​តា​ក្រី​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​២៨ ខែមិថុនា មកម្ល៉េះ ដោយសារតែ​ជនរងគ្រោះ​បាន​ហែល​ឆ្លង​ទឹកស្ទឹង ​នៅ​ពេល​ដែល​ខ្លួនឯង​កំពុងតែ​ស្រវឹង​ស្រា ទើប​បណ្តាល​ឲ្យ​លង់​ក្នុង​ទឹកតែ​ម្តង ហើយ​នៅ​ពេល​នេះ​ដែរ​សមត្ថកិច្ច​បានធ្វើការ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ៕