ភ្ជួរស្រែ​ប៉ះ​ចំ​មីនតោន ផ្ទុះ​ស្លាប់​ម្នាក់​មួយ​រំពេច

ខេត្តបន្ទាយមានជ័យ ៖ ត្រាក់ទ័រ​មិន​ទាន់​ស្គាល់​ម៉ាក ១​គ្រឿង​ពណ៌​ក្រហម​បាន​ផ្ទុះ​ផ្អើល​មេឃ​កក្រើក​ដី បង្ក​ឲ្យ​អ្នកបើកបរ​ស្លាប់​ម្នាក់ កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃ​ទី​៣០ ខែមិថុនា​ឆ្នាំ​២០១៦ ខាងជើង​បង្គោល​សីមា​ព្រំដែន​លេខ​៤២ ប្រហែល​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈ​ទៅ​ភ្ជួរ​ដីស្រែ​នៅ​ទីនោះ​។ ប្រភព​ផ្ដល់​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គុណ ដែង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំណប់ ឃុំ​តា​បែន ស្រុក​កើតហេតុ​ខាងលើ​។ ក្នុង​ហេតុការណ៍​អ្នកបើកបរ​បាន​ស្លាប់​នៅ​នឹង​កន្លែង ហើយ​ត្រាក់ទ័រ​នោះ​រង​ការ​ខូចខាត​ទាំងស្រុង​។ មីន​ដែល​ផ្ទុះ​នោះ​ជា​ប្រភេទ​មីនតោន​បន្សល់​ពី​សម័យ​សង្គ្រាម​៕