ហ៊ុន សែន៖ គ្មាន​ការ​ចាំបាច់​ដាក់​វិន័យ លើ​អ្នកណា​ទាំង​អស់

សម្រេចសម្រួលទៅ លោក ហ៊ុន សែន បានប្ដូរចិត្តជាថ្មីទៀត បន្ទាប់ពីបានផ្លាស់ប្ដូរ (ឬកែតម្រូវ) ជាច្រើនដង​រួច​ហើយ នូវ​វិធានការ​ដាក់​វិន័យ ទៅលើមន្ត្រីអនុវត្តន៍ច្បាប់ ដែលលោកយល់ថា បានប្រព្រឹត្តិកំហុស! ជាលទ្ធផល នៅយប់នេះ នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាសថា នឹងមិនដាក់វិន័យ ទៅលើលោកឧត្ដមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា ដោយ​«មិន»​ដក​មន្ត្រី​ជាន់​ខ្ពស់​រូបនេះ ពី​តំណែង​ជាអគ្គនាយករង នៃអគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​នោះ​ឡើយ។
ហ៊ុន សែន៖ គ្មាន​ការ​ចាំបាច់​ដាក់​វិន័យ លើ​អ្នកណា​ទាំង​អស់

ពីឆ្វេងមកស្ដាំ៖ លោកឧត្តមសេនីយ៍ ម៉ម ស្រុីមវណ្ណា - លោកអនុសេនីយ៍ សូត្រ កញ្ញា និងលោក ហ៊ុន សែន។ (រូបថតហ្វេសប៊ុក)

ដូចនៅក្នុងអត្ថបទមុន ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចុះផ្សាយរួចហើយ ថាវិធានការដាក់វិន័យ របស់​លោក ហ៊ុន សែន ទៅលើមន្ត្រី«គ្រាក់» ដែលស្ថិតក្រោមបង្គាប់លោកនោះ មិនមែនជាវិធានការ​«ស្ថាពរ»​នោះ​ឡើយ សម្រាប់សំនុំរឿងជម្លោះ រវាងមន្ត្រី«គ្រាក់»រូបនោះ នឹងមន្ត្រី«ថ្នាក់ក្រោម»មួយរូបទៀត។ វិធានការ​«មិន​ស្ថាពរ»​នេះ បានអនុញ្ញាឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ផ្លាស់ប្ដូរ​វិធានការនេះជាថ្មីទៀត នៅយប់នេះ ដោយលោក​បាន​សម្រេច​ថា នឹងមិនដាក់វិន័យទៅលើនរណាទាំងអស់។

» អានអត្ថបទដែលទាក់ទងឡើងវិញ៖ ហ៊ុន សែន ប្ដូរ​តំណែង​ឧត្ដមសេនីយ៍​ម្នាក់​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ

នៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន មានសរសេរថា លោកឧត្តមសេនីយ៍ ម៉ម ស្រុីមវណ្ណា និង​លោក​អនុសេនីយ៍ សូត្រ កញ្ញា បានជួបគ្នា ហើយទទួលស្គាល់កំហុសរៀងៗខ្លួន ព្រមទាំងបានប្តេជ្ញាចិត្ត ខិតខំ​កែប្រែ​កសាង​ខ្លួន អោយក្លាយទៅជាមន្ត្រីល្អ ដើម្បីបម្រើប្រទេសជាតិ។ នាយករដ្ឋមន្ត្រីបានអះអាងថា សកម្មភាពនេះ បាន​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត​ណាស់ និងសង្ឃឹមថា ជាសកម្មភាពដែលកើតឡើង កាន់តែច្រើនជាមួយមន្ត្រី​រាល់​រូប​នៅ​ទូទាំង​ប្រទេស។

លោក បានសរសេរបន្តថា៖ «នេះជាការប្រែក្លាយ ពីស្ថានភាពចាញ់ចាញ់ ដែលមានកន្លងមកទៅ ជាស្ថានភាព ឈ្នះឈ្នះ នៅប៉ុន្មានម៉ោងមុននេះ។ ក្នុងស្ថានភាពបែបនេះ គ្មានការចាំបាច់ដាក់វិន័យអ្នកណាទាំងអស់។ ផ្ទុយ​ទៅ​វិញ​ខ្ញុំចាត់ទុកថាមន្ត្រីទាំង២ រូបបានជួយបង្កើតឡើង នូវវប្បធម៌នៃការផ្សះផ្សារ និងសាមគ្គីភាព ក្នុង​ចំណោម​មន្ត្រី​រួម​ការងារ បន្ទាប់ពីមានបញ្ហាជាមួយគ្នា។»។

និងបន្ទាប់មកទៀត នាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា បានប្រកាសលប់ចោល នូវអនុក្រិត្យសម្រេច​ដក​លោក ម៉ម ស្រុីមវណ្ណា ចេញពីតួនាទី ដែលចេញផ្សាយ​កាលពីព្រឹកម៉ិញ។ លោកបានសរសេរទៀតថា៖ «ដើម្បី​ផ្តល់​ឱកាស ដល់មន្រ្តីដែលបាន​ខិតខំ​បម្រើ ប្រទេស​ជាតិ ហើយបានទទួលស្គាល់ នូវកំហុសរបស់ខ្លួន ខ្ញុំ​សម្រេច​​​ចិត្ត​ (ធ្វើ)​និរាករណ៌​ចោល នូវអនុក្រិត្យ​ដែល​ខ្ញុំ​បា​នចុះ​ហត្ថលេខា លើករណី ឧត្តមសេនីយ៌ ម៉ម ស្រ៊ីមវណ្ណា កាល​​ពី​​ព្រឹក​​ម៉ិញ​​នេះ ចាប់ពី​ពេលនេះ​ត​ទៅ»។

ការសម្រេចរបស់លោក ហ៊ុន សែន បានបង្កឲ្យមានការគាំទ្រជាទូទៅ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដោយពួកគេចាត់ទុកថា លោក ហ៊ុន សែន ជាមេដឹកនាំដ៏ល្អ ដែលបានផ្ដល់យុត្តិធម៌ឲ្យមន្ត្រី ទាំងនៅជាន់ខ្ពស់ និងជាន់ក្រោម ស្មើរៗគ្នា។

ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់​​បណ្ដាញសង្គម​​មួយចំនួនទៀត បានយល់ថា ករណីនេះ បើទោះជាបានកើត​ឡើង​ពិតមែន ពីដំបូងក៏ដោយ តែការចាប់ដៃគ្នាឡើងវិញ រវាងមន្ត្រីនគរបាលទាំងពីររូប អាច​ជាការបំភ័ន្តភ្នែក ដោយ​សារតែអ្នក​ដែលខាតបង់ច្រើនជាងគេ គឺលោកឧត្ដមសេនីយ៍ ម៉ម ស្រុីមវណ្ណា ខណៈ​ចំណាត់ការ​របស់​នាយក​រដ្ឋមន្ត្រី ដែល​បាន​រារែក និងផ្លាស់ប្ដូរ​ការសម្រេចចិត្តរបស់ខ្លួន​ជាច្រើនដង នៅក្នុងរយៈពេលមិន​ដល់មួយ​ថ្ងៃ​នេះ អាច​ជា​ឆាក​ល្ខោនមួយ ដើម្បីធ្វើប្រជាភិថុតិ។ អ្នកប្រើប្រាស់បណ្ដាញ​សង្គម​ខ្លះទៀត បានយល់ថា លោកហ៊ុន សែន បានបង្វែចំណាប់អារម្មណ៍ ពីការថ្លែងជាសាធារណៈ នូវការពាក្យ​​«ជេរ​ប្រទេច អាម៉ឹង»​របស់លោក កាល​ពី​ព្រឹក​​​ថ្ងៃ​​ពុធ​​​ម្សិល​ម៉ិញ មក​ជា​រឿង​ដោះស្រាយ​​ជម្លោះ រវាងមន្ត្រីក្រោមបង្គាប់ទៅវិញ។

គេបានឆ្ងល់បន្ថែមថា បើគ្មានប្រតិកម្មពីលោក ហ៊ុន សែន តើលោកឧត្ដមសេនីយ៍ ម៉ម ស្រុីមវណ្ណា ដែលបាន​ឈរ​​យ៉ាងខែងរ៉ែង ផ្សំគំនិតទូរស័ព្ទទៅស្នងការក្រុង ឲ្យចាត់វិធានការលើមន្ត្រីថ្នាក់ក្រោមនេះ អាចងាកមក​ចាប់​ដៃ​លោក​អនុសេនីយ៍ឯក សូត្រ កញ្ញា ដែរឬទេ? សំនួរមួយទៀត​សួរបន្តថា តើលោក ហ៊ុន សែន ចាំបាច់​ត្រូវ​សម្ដែង​​​«ក្ដី​សង្ឃឹម»​​​របស់​លោក ដើម្បីឲ្យមន្ត្រីនៅទូទាំងប្រទេស ធ្វើនូវសកម្មភាពផ្សះផ្សារ​បែបនេះឬ?