អ៊ឺរ៉ូ២០១៦៖ ព័រទុយហ្គាល់ ឡើង​ទៅ​វគ្គ១/២​មុន​គេ បន្ទាប់​ពី​ឈ្នះ​ប៉ូឡូញ

ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែលជានិច្ចជាកាល តែងរងនូវការរិះគន់មិនឈប់ឈរ ពីសំណាក់ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​គាំទ្រ​នោះ បានទទួលជោគជ័យ រហូតឡើងមកដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រហើយ បន្ទាប់​ពី​បាន​បំបាក់​​ក្រុម​ប៉ូឡូញ នៅវគ្គ១ភាគ៤​ផ្ដាច់​ព្រ័ត្រ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមិថុនានេះ។
អ៊ឺរ៉ូ២០១៦៖ ព័រទុយហ្គាល់ ឡើង​ទៅ​វគ្គ១/២​មុន​គេ បន្ទាប់​ពី​ឈ្នះ​ប៉ូឡូញ

កីឡាករព័រទុយហ្គាល់ រ៉ឺណាតូ សិនឆេស បានលោតអោបកីឡាកររួមក្រុម ក្រោយរកគ្រាប់បាល់បាន នៅនាទីទី៣៣។ (រូបថត UEFA)

រងការរិះគន់ ព្រោះក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែលមានប្រធានក្រុមកីឡាករ ជាកីឡាករល្បីឈ្មោះ​លំដាប់​ពិភពលោក ឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) មិនសូវទទួល​បានជោគជ័យ​ប៉ុន្មាន​ឡើយ។ ជាពិសេសដូចនៅក្នុងការប្រកួត ចាញ់ចេញ នៃវគ្គ​១ភាគ៤ផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមប៉ូឡូញ នៅ​យប់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រុមព័រទុយហ្គាល់បានបណ្ដោយ​ឲ្យ ក្រុម ប៉ូឡូញ រក​គ្រាប់​បាល់​នាំមុខបាន តាំង​ពីនាទីទី២។

ហើយកីឡាករដែលបានជួយសង្គ្រោះក្រុម ព័រទុយហ្គាល់ ឲ្យរកពិន្ទុបានស្មើរមកវិញ​នៅនាទីទី៣៣នោះ មិន​មែន​ជាកីឡាករល្បីឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ នោះឡើយ តែជាកីឡាករវ័យទើប១៨ឆ្នាំម្នាក់ ឈ្មោះ រ៉ឺណាតូ សិនឆេស (Renato Sanches) ទៅវិញ។ កីឡាករ​រូប​នេះ ទើបនឹងទទួលបានកិច្ចសន្យា ទាត់នៅក្នុងក្លិប​បាល់​ទាត់​អាជីព «Bayern Munich (ក្នុងប្រទេសអាល្លឺម៉ង់)» កាលពីខែ​តុលា​ឆ្នាំ​មុន​ប៉ុណ្ណោះ។

ផ្ទុយទៅវិញ កីឡាករ រ៉ូណាល់ដូ ដែលមានបាល់នៅនឹងជើងជាច្រើនគ្រាប់ បែរជាមិនបានទាត់បាល់ ទាំង​នោះ​បានល្អ ឬបង្ក​គ្រោះ​ថ្នាក់​ដល់ក្រុមប៉ូឡូញនោះទេ។ យ៉ាងណា គេក៏ត្រូវនិយាយដែរថា ក្រុមប៉ូឡូញ​មាន​ខ្សែ​ការពារ​មិនធម្មតា ដែលអាចទប់ ឬបញ្ជៀស​គ្រាប់​បាល់ ឲ្យមកនៅនឹងជើង​របស់កំពូលកីឡាករនេះ បានគ្រប់​ពេល។ ក្រុមប៉ូឡូញ បានបន្តទប់យ៉ាងមានប្រសិទ្ធភាព នូវរាល់ការវាយលុក​ក្រោយៗមកទៀត របស់​ក្រុម​ព័រទុយហ្គាល់ រហូតដល់ទីបញ្ចប់នៃម៉ោងបន្ថែម (៤៥+៤៥+១៥+១៥) ដោយពិន្ទុ១-១ និងបានទុកឲ្យ​ការ​​ប្រកួត បាន​​ឈាន​​ទៅ​​ដល់ ការកាត់សេចក្ដីចាញ់ឈ្នះ តាមរយៈការទាត់បាល់១១ម៉ែត្រ ៥គ្រាប់ម្ខាង។

អ៊ឺរ៉ូ២០១៦៖ ព័រទុយហ្គាល់ ឡើង​ទៅ​វគ្គ១/២​មុន​គេ បន្ទាប់​ពី​ឈ្នះ​ប៉ូឡូញ

នៅដំណាក់កាល​ទាត់បាល់១១ម៉ែត្រ ៥គ្រាប់ម្ខាងនេះ គេអាចនិយាយថា ក្រុមព័រទុយហ្គាល់ មានអ្នកចាំទី កីឡាករ «Rui Patricio» ពូកែ​ចាប់​បាល់ល្អជាង ឬកីឡាករជាតិប៉ូឡូញ «Jakub BLASZCZYKOWSKI» ទាត់​បាល់បញ្ចូលទីមិនបានល្អ ទើបធ្វើឲ្យក្រុមប៉ូឡូញ ត្រូវ​បាន​ជម្រុះ​ចេញ (ដោយពិន្ទុ៥-៣) និងរៀបចំ​ខោអាវ​ត្រឡប់​ទៅផ្ទះ​វិញ​ជា​ស្ថាពរ។ ជារឿងមួយ ដ៏គួរឲ្យសោយស្ដាយជាទីបំផុត សម្រាប់​ក្រុម ប៉ូឡូញ ដែលធ្លាប់​បាន​ប្រកួត​ស្មើរ ជាមួយនឹងក្រុម អាល្លឺម៉ង់ នៅវគ្គប្រកួតជម្រុះ និងបានបណ្ដេញក្រុមស្វីស ឲ្យទៅផ្ទុះមុនខ្លួន នៅ​វគ្គ១​​ភាគ​៨​ផ្ដាច់​​ព្រ័ត្រ។

រីឯក្រុមព័រទុយហ្គាល់វិញ នឹងត្រូវទៅជួប នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នាថ្ងៃពុធទី៦ ខែកក្កដាខាងមុខ ជាមួយ​នឹង​ក្រុម វៀល្ស៍ ឬក្រុម​ប៊ែលហ្សិក ដោយទុកឲ្យក្រុមទាំងពីរនេះ ជួបគ្នាយកចាញ់ឈ្នះសិន នៅយប់ថ្ងៃសុក្រទី១ ខែ​កក្កដា​នេះ៕

--------------------

» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖