កែ ចាន់កេសី ក្លាយ​ជា​ម្ចាស់​សាលា​បង្រៀន​បង្ហាញ​ម៉ូដ និង​ថត​រូប បន្ទាប់​ពី​ហែល​ឆ្លង​នូវ​ប្រវត្តិ​ដ៏​ជូរ​ចត់

(ភ្នំពេញ)៖ តារាបង្ហាញម៉ូដ សម្បុរខ្មៅស្រអែម កញ្ញា កែ ចាន់កេសី ដែលត្រូវបានទស្សនិកជន ស្គាល់ថា ជាបេក្ខនារីទទួលបានជ័យលាភីលេខ២ ក្នុងការប្រកួតកម្មវិធី «កំពូលតារាបង្ហាញកម្ពុជា» រដូវកាលទី១ «Cambodia Next Top Model season1» នៅពេលថ្មីៗនេះ នាងបានសម្រេចចិត្ត បើកសាលាបង្រៀនជំនាញបង្ហាញម៉ូដ និងថតរូប ដល់អ្នកសិល្បៈជំនាន់ក្រោយមានឱកាស ក្លាយជាតារាបង្ហាញម៉ូដ ដូចបំណងប្រាថ្នា ទោះបីជាការបើកសាលាបង្ហាញម៉ូដ របស់កញ្ញា កែ ចាន់កេសី កំពុងតែប្រឈមនឹងការខ្វះខាត លទ្ធភាពក្ដី។

តារាបង្ហាញម៉ូដជំនាន់ថ្មី កញ្ញា កែ ចាន់កេសី តាមការពិត នាងជាតារាបង្ហាញម៉ូដរួចទៅហើយ ប៉ុន្តែនាងនៅតែមកប្រកួតប្រជែង ដណ្ដើមយកជ័យលាភី រហូតបានចំណាត់ថ្នាក់លេខ២ ហើយក៏មានសមត្ថភាព មិនចាញ់អ្នកជាប់កញ្ញាលេខ១ កញ្ញា ចាន់ គង់ការ ប៉ុន្មានឡើយ ពោលនាងពូកែដើរម៉ូដ ជាងអ្នកបានជ័យលាភីទៅទៀត។

កញ្ញា កែ ចាន់កេសី ជាតារាបង្ហាញម៉ូដ មានមុខមាត់បែបអឺរ៉ុប ភាគច្រើនត្រូវបានគេបង្អាប់ថា ខ្មែរអ្នកស្រែច្រើនជាង អ្នកខ្លះបង្អាប់នាងថា ខ្មៅដូចគល់ត្នោត មិនសមមកប្រឡងជាដើម តែនាងបានបង្ហាញអារម្មណ៍ថា នាងមានសមត្ថភាពអាចធ្វើជា តារាបង្ហាញម៉ូដបាន រហូតនាងទទួលបានជ័យលាភីផ្ទួនៗតែម្ដង។

កែ ចាន់កេសី បានប្រើជីវិតរសាត់អណ្ដែត លើទីក្រុងដ៏ឆើតឆាយ រស់មួយថ្ងៃចាំមួយថ្ងៃ ដើម្បីបំពេញក្ដីស្រមៃ ក្លាយជាតារាបង្ហាញម៉ូដ លើទឹកដីទីក្រុងដ៏ស៊ីវិល័យមួយនេះ។ កេសី រស់បានមកដល់សព្វថ្ងៃ ក៏ដោយសារតែក្ដីអាណិតអាសូរ ពីសំណាក់អ្នកសិល្បៈ អ្នកជួយជ្រោមជ្រែងជីវិតនាង ឲ្យចេះតែដើរទៅមុខជានិច្ច។ នៅពេលនេះ កញ្ញា កែ ចាន់កេសី បានបើកជាសាលាបង្រៀន ដើរម៉ូដ និងថតរូបដោយខ្លួនឯងហើយ នៅម្ដុំសំណង់១២ ដែលនាងជាម្ចាស់ផ្ទាល់ ហើយមានសិស្សរៀនគួរសមផងដែរ។

កញ្ញា កែ ចាន់កេសី បាននិយាយប្រាប់ Khmertalking ថា «ពេលនេះមានសាលាបង្រៀនផ្ទាល់ខ្លួន មានសិស្សចូលរៀនគួរសម ដែលនាងមានបង្រៀនដើរម៉ូដ ថតរូប និងកែដំណើរជាដើម ។ ចំណែកតម្លៃវិញមិនថ្លៃទេ សំខាន់ជាងគេ ចង់ឲ្យស្រីៗទាំងអស់មានដំណើរស្អាត និងថតរូបបានឡូយ ទើបនាងបានសម្រេចចិត្ត បើកជាសាលានេះឡើង»។

សូមបញ្ជាក់ថា តារាបង្ហាញម៉ូដ កែ ចាន់កេសី កើតក្នុងគ្រួសារកសិករ និងមានជីវភាពលំបាក ឆាកជីវិតរបស់នាង ប្រៀបដូចរឿងនិទាន ដែលនិយាយពីភាពតស៊ូ ជាគំរូដ៏ល្អ ដូចនេះ ភាពប្រឹងប្រែងរបស់នាង ទើបធ្វើឲ្យនាងមានថ្ងៃនេះ៕ 

ប្រភព ៖
khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload