អាមេរិក​ដាក់​ភូមា​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស

លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន នារសៀលថ្ងៃពុធម្សិលមិញ បានចេញ ក្រិត្យពន្យារ រហូតដល់ដំណាច់ឆ្នាំ២០១៧ គឺរបបហាមឃាត់មិនឲ្យនាំគ្រឿងបរិភោគ ពីបណ្តាប្រទេសខាងលិច ជាអាទ៏ ពីសហភាពអឺរ៉ុប ដែលតាំងពីកណ្តាលឆ្នាំ២០១៤មក នាំគ្នាពួតដៃ ដាក់ទណ្ឌកម្មសំពងប្រទេសរុស្ស៊ី ក្រោមលេសថា ម៉ូស្គូជាប់ពិរុទ្ធចំពោះវិបត្តិនៅអ៊ុយក្រែន។

ខ្លឹមសារនៃក្រិត្យប្រធានាធិបតី គឺបញ្ជារដ្ឋាភិបាល ឲ្យពន្យាររហូតដល់ថ្ងៃ៣១ធ្នូ ២០១៧ ការហាមឃាត់មិនឲ្យនាំចូល នូវគ្រឿងបរិភោគភាគច្រើនពី ប្រទេសខាងលិចណា ដែលដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី -ពន្យារនេះ គឺដើម្បីការពារផលប្រយោជន៍ជាតិរុស្ស៊ី។ សេចក្តីសម្រេចនេះ របស់វិមានក្រេមឡាំង ត្រូវបានបន្លឺឡើង ខណៈដែលក្រុមប្រទេស សមាជិក សហភាពអឺរ៉ុប ត្រៀមពន្យារតទៅទៀត ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលនឹងអស់សុពលភាព នៅចុងខែកក្កដាខាងមុខ។

កាលពីកណ្តាលខែមិថុនានេះ ក្នុងវេទិកាអន្តរជាតិ នៅក្រុងSaint-Petersbourg លោកពូទីន បានត្រៀមឈាន” មួយជំហាន”ទៅរកអឺរ៉ុបទៅហើយ ប៉ុន្តែលោក Jean-Claude Juncker ជាប្រធានគណៈកម្មការអឺរ៉ុប ដែលវត្តមានក្នុងឱកាសនោះ បានធ្វើឲ្យក្តីសង្ឃឹមរបស់មេដឹកនាំ រុស្ស៊ី ទៅលើការដកទណ្ឌកម្មពីរុស្ស៊ីទៅវិញ ដោយសហភាពអឺរ៉ុប ធ្លាក់ក្នុងភាពស្រងាកចិត្ត តែម្តង ពីព្រោះគាត់ទាមទារពីម៉ូស្គូ ឲ្យបំពេញសិនតាមកិច្ចព្រមព្រៀងក្រុងមិនស្ក៏ ស្តីអំពី ដំណោះស្រាយវិបត្តិ នៅតំបន់បះបោរខាងកើតអ៊ុយក្រែន។

ជាការរំលឹក ក្រោយពីបស្ចិមលោក នៅកណ្តាលឆ្នាំ២០១៤ បានប្រកាសដាក់ទណ្ឌកម្មទល់នឹងម៉ូស្គូ មកពីរុស្ស៊ីបានភ្ជាប់យកទឹកដីគ្រីមេ នៅខែមិនាឆ្នាំនោះ ហើយបន្ទាប់មក បានគាំទ្រដល់ពួកផ្តាច់ទឹកដីរុស្ស៊ីនិយម នៅប៉ែកខាងកើតអ៊ុយក្រែន រដ្ឋាភិបាលរុស្ស៊ី នៅខែសីហាឆ្នាំ២០១៤នោះ ក៏បានចាត់វិធានការជាទណ្ឌកម្មបកវិញដែរ ដោយហាមមិនឲ្យនាំគ្រឿងបរិភោគមួយចំនួនធំ ពីក្រុមប្រទេសសហភាពអឺរ៉ុប ពីស.រ.អា. កាណាដា អូស្ត្រាលី ន័រវ៉ែស បែបយ៉ាង សាច់គោ សាច់ជ្រូក សាច់បក្សាបក្សី មាន មាន់ ទាក្ងាន ត្រី ផលិតផលធ្វើពីទឹកដោះគោ ផ្លែឈើ និង បន្លែជាដើម។

មិនតែប៉ុណ្ណោះ នៅពេលក្រោយមក សុពលភាពនៃបម្រាមរុស្ស៊ីនោះ ក៏បានសាយភាយ ទាំងទៅលើប្រទេសខ្លះទៀត ដែលចូលខ្លួនសាមគ្គីជាមួយបស្ចិមលោក ក្នុងរឿងដាក់ទណ្ឌកម្មទល់នឹងរុស្ស៊ី ពោលគឺ Albanie Montenegro Islande Liechtenstein។ ចំណែកទណ្ឌកម្មបស្ចិមលោកប្រឆាំងរុស្ស៊ី ដែលត្រូវផុតនៅថ្ងៃ៣១កក្កដាខាងមុខ ហើយត្រូវបាន អគ្គរដ្ឋទូត២៨ប្រទេសសហភាពអឺរ៉ុប ក្នុងសប្តាហ៏មុន អនុម័តឲ្យពន្យារទៅមុខកន្លះឆ្នាំទៀត រហូតដល់ថ្ងៃ៣១មករា ឆ្នាំ២០១៧ គឺប៉ះលើវិស័យសេដ្ឋកិច្ចរុស្ស៊ី ជាពិសេសផ្នែកធនាគារ ព្រមទាំងប៉ះលើវិស័យការពារប្រទេសរុស្ស៊ីផងដែរ៕

ប្រភពៈ RFI