វេលស៍ និង បែលហ្ស៊ិក ត្រូវប្រជែងកៅអីវគ្គ១/២រាត្រីថ្ងៃសុក្រនេះ

ខ្សែប្រយុទ្ធដ៏ឆ្នើម Gareth Bale របស់ក្រុមជម្រើសជាតិវេលស៍ និងតារាឆ្នើម Eden Hazard របស់បែលហ្ស៊ិក នឹងត្រូវដឹកនាំក្រុមយុគសម័យកាលរបស់ពួកគេរៀងៗខ្លួនដើម្បីបង្កើតប្រវត្តិសាស្ត្រ នៅពេលដែលក្រុមទាំងពីរជួបគ្នាក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយក្នុងទីក្រុង Lille នៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នៅរាត្រីថ្ងៃសុក្រនេះ។

Gareth-Bale-ft16

ក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ២នៅលើតារាង FIFA នោះ មានការជឿជាក់ថា ពួកគេនឹងធ្វើបានល្អជាមួយនឹងក្រុមដែលប្រជុំដោយតារាឆ្នើមៗរបស់ពួកគេ ដើម្បីឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី១បើគិតចាប់តាំងពី World Cup ឆ្នាំ១៩៨៦។

ដោយឡែក ក្រុមជម្រើសជាតិវេលស៍ កំពុងតែស្ថិតក្នុងដំណាក់ដ៏ខ្ពស់បំផុតជាលើកដំបូងរបស់ពួកគេក្នុងយុទ្ធនាការដ៏ធំមួយ ក្នុងរយៈពេល៥៨ឆ្នាំ ហើយក្រោយពីធ្វើបានល្អប្រសើរជាងក្រុមជម្រើសជាតិអង់គ្លេស និងអៀរឡង់ខាងជើង ការជឿជាក់របស់ពួកគេស្ថិតក្នុងកម្រិតដ៏ខ្ពស់។

ក្រោយពីបានទទួលជ័យជម្នះ ៣-០ លើក្រុមជម្រើសជាតិរុស្ស៊ី ក្នុងការប្រកួតចុងក្រោយនៃពូល B របស់ពួកគេ ក្រុមវេលស៍ របស់លោក Chris Coleman ត្រូវតែផ្តួលក្រុមជម្រើសជាតិអៀរឡង់ខាងជើង ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតដ៏ស្វិតស្វាញនេះត្រូវបានកាត់សេចក្តីនៅនាទី ទី៧៥ នៅពេលដែលការបញ្ជូនបាល់ឆ្លងរបស់ Bale ត្រូវបានធ្វើឲ្យចូលទីខ្លួនឯងដោយខ្សែការពារ Gareth McAuley ប៉ុន្តែ ការប្រកួតនៅថ្ងៃសុក្រនេះ អាចនឹងមានលក្ខណៈបើកចំហរជាង។
ក្រោយពីចាញ់ក្រុមអ៊ីតាលី ២-០ ក្នុងការប្រកួតបើកឆាក ក្រុមបែលហ្ស៊ិករបស់លោក Marc Wilmots បានស្រោចស្រង់តាមរយៈការផ្តួលអៀរឡង់ និងស៊ុយអែត ១-០ ដូចគ្នា មុននឹងយកឈ្នះលើក្រុមជម្រើសជាតិហុងគ្រី ៤-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕
13.06.15 Wales 1-0 Belgium
17.11.14 Belgium 0-0 Wales
16.10.13 Belgium 1-1 Wales