ព្រឹក​នេះ បើក​ពិធីសម្ពោធ​​សួនច្បារ​ព្រះ​សត្យ​មុនី​ចេ​តី​យ៍​ថ្មី​

រាជធានី​ភ្នំពេញ ៖ ដូចការគ្រោងទុក នា​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា ២០១៦ នេះ សួនច្បារ​ព្រះ​សត្យ​មុនី​ចេ​តី​យ៍ ស្ថិត​នៅ​មុខ​ស្ថានីយ​​រថភ្លើង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ត្រូវ​បាន​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ រៀបចំ​ពិធី​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការហើយ​ ស្ថិត​ក្រោម​អធិបតីភាព​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​លោក​ជំទាវ ។

គួរ​រំលឹក​ថា សួនច្បារ​ព្រះ​សត្យ​មុនី​ចេ​តី​យ៍ ត្រូវ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ជួសជុល និង​កែ​លម្អ​ឡើង​វិញ​នោះ ពេល​នេះ​ស្ថាបនា​រួចរាល់​ហើយ ។

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា សួនច្បារ​ព្រះ​សត្យ​មុនី​ចេ​តី​យ៍ ត្រូវ​បាន​ធ្វើការ​ជួសជុល និង​កែ​លំ​ឲ្យ​មាន​សោភ័ណ​ភាព​ឡើង​វិញ កាលពី​ពេល​កន្លង​មក ។ ហើយ​មក​ដល់​ពេល​នេះ ស្ថាបនា​រួចរាល់​ហើយ ហើយ​ក្រុមការងារ​បាន និង​កំពុង​រុះរើ​របង​ការដ្ឋាន​ចេញ និង​ការងារ​បោសសម្អាត ដើម្បី​ត្រៀម​ធ្វើ​ពិធី​សម្ពោធ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

លោក​បន្ត​ថា ចំពោះ​ការងារ​ជួសជុល និង​កែ​លំអ​មានការ​ស្ថាបនា​អាង​បាញ់​ទឹក​ជុំវិញ ព្រះ​សត្យ​មុនី​ចេ​តី​យ៍​បំពាក់​ដោយ​ភ្លើង LED រៀប​កំរាល​ថ្ម​ក្រា​នី​ត រៀបចំ​សួនច្បារ ដាំ​ស្មៅ ផ្ការំដួល​ចំនួន​២០​ដើម ដាំ​ដើម​ជ្រៃ​ដើម​តែ និង​ផ្កាកូឡាប​ក្រហម និង​មាន​ដាក់​បង់​សម្រាប់​ប្រជាពលរដ្ឋ​អង្គុយ​លេង​ផង​ដែរ ។

ក្នុង​ពេល​ចុះ​ពិនិត្យ​សំណង់​ការដ្ឋាន​កែលំអសួនច្បារ​ព្រះ​សត្យ​មុនី​ចេ​តី​យ៍ថ្មី ​លោកប៉ា សុ​ជាតិ​វង្ស ​ក៏​ណែនាំ​ឱ្យ​​អាជ្ញាធរ ខណ្ឌដូន​ពេញរៀបចំ​សណ្តាប់ធ្នាប់​នៅ​តំបន់​នោះ​ឱ្យ​មាន​របៀបរៀបរយ ជា​ពិសេស​ចំណតរថយន្ត​តែ​ម្តង ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ណ៍ឱ្យ​​មាន​ភាព​ប្រសើរ​ជាង​មុន  ៕