ប្តី​មាន​ស្រី​ថ្មី ដេញ​ប្រពន្ធ​និង​កូន​៣នាក់​ចេញពីផ្ទះ​ទាំង​យប់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​និង​កូនប្រុស​ស្រី​៣​នាក់​ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប​ឌុ​បម​ក​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ដើម្បី​សុំ​ឲ្យ​សប្បុរសជន​ជួយ​ជា​សោហ៊ុយ​ខ្លះ​នឹង​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​ប្រាប់​ថា​ប្តី​របស់​គាត់​មាន​ស្រី​ថ្មី និង​បាន​បណ្ដេញ​គាត់​និង​កូន​ទាំង​៣​នាក់​ចេញពីផ្ទះ​ទាំង​យប់​ទៀត​ផង ។ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៦ ។

ស្ត្រី​ដែល​ត្រូវ​ប្តី​ដេញ​ចេញពីផ្ទះ​ឈោះ ឈ​ន ដា​វ៉ា​ន់ អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្លិប​រី​លែ​ក​នៅ​ម្ដុំ​ផ្លូវ​២០១១ ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​ក្លិប ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​អូរ ឃុំ​ភ្នា​យ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ប្តី​ឈ្មោះ ម៉ុ​ន ស្វិត អាយុ​២៧​ឆ្នាំ ធ្វើការ​និង​ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មានកូន​៣​នាក់ កូនស្រី​២​នាក់ និង​ប្រុស​ម្នាក់ ដែល​ប្រុស​ច្បង​មាន​អាយុ​១០​ឆ្នាំ និង​ស្រី​ពៅ​អាយុ​៤​ឆ្នាំ ។

តាម​សម្តី​របស់​ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ថា គាត់​ជា​កូនកំព្រា ធ្លាប់​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា លុះ​ធំ​ពេញវ័យ​បាន​ស្គាល់គ្នា​ជាមួយ​បុរស​ជា​ប្តី​រស់នៅ​ជាមួយ​គ្នា​ប្តី​ប្រពន្ធ​រហូត​បង្កើត​បានកូន​ប្រុស​ស្រី​៣​នាក់ ។ ដោយសារ​តែ​ជីវភាព​ក្រីក្រ កូន​របស់​គាត់​ទាំង​៣​នាក់​មិន​បាន​ចូល​រៀនសូត្រ​ទេ ព្រោះ​កូនប្រុស​ច្បង​នៅ​មើល​ប្អូន ចំណែក​គាត់​ទៅ​ធ្វើការ​រោងចក្រ រីឯ​ប្តី​បាន​ចេញ​មក​ធ្វើការ​ជា​បុគ្គលិក​ក្លិប​រី​លែ​ក​នៅ​ភ្នំពេញ ១​ខែ​បាន​ប្រាក់ខែ​៦០​ដុល្លារ ប្តី​ផ្ញើ​ឲ្យ​គាត់​បាន​តែ​៣០​ដុល្លារ​ទេ​ក្នុង​១​ខែ​សម្រាប់​ចាយវាយ តែ​ដោយ​មិន​គ្រប់​ក្នុង​ការ​ចំណាយ​ប្តី​ក៏​បាន​ហៅ​រូប​គាត់​ឲ្យ​មក​ធ្វើការ​នៅ​ភ្នំពេញ​ទាំងអស់​គ្នា ។

ស្ត្រី​រូប​នោះ​បន្ត​ទៀត​ថា គាត់​មក​នៅ​ភ្នំពេញ​បាន​ជាង​១០​ថ្ងៃ​មក​ហើយ ប៉ុន្តែ​បាន​ចូល​ធ្វើការ​បាន​តែ​១០​ថ្ងៃ​ប៉ុណ្ណោះ​ក៏​បានឃើញ​ប្តី​មាន​ស្រី​ថ្មី​នៅ​នឹង​មុខ ហើយ​នាំ​ស្រី​ទៅ​ផ្ទះសំណាក់​ទៀត​ផង ធ្វើ​ឲ្យ​គាត់​ជា​ប្រពន្ធ​មានចិត្ត​ប្រចណ្ឌ ហើយ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្តី ពេល​មេការ​ហាង​ឃើញ​ឈ្លោះប្រកែក​គ្នា​បែប​នេះ​ក៏​បាន បញ្ឈប់​ការងារ​គាត់​ដោយ​មិន​ឲ្យ​ប្រាក់ខែ​ទេ ។ ពេល​ត្រឡប់​ទៅ​ដល់​ផ្ទះ​ជួល​ក៏​ត្រូវ​ប្តី​និង​ម្តាយក្មេក​បាន​បណ្តេញ​រូប​គាត់ និង​កូន​ឲ្យ​ចេញពីផ្ទះ​ទាំង​គ្មាន​លុយ​មួយ​រៀល​ជាប់​នឹង​ខ្លួន​ទៀត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ប្តី​បណ្តេញ​ចេញពីផ្ទះ​ទាំង​យប់ រូប​គាត់​បាន​នាំ​កូន​ទាំង​៣​នាក់​ដើរ​ចេញពីផ្ទះ​ទៅ​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​នៅ​ក្បែរ​រង្វង់​មូល​ចោម​ចៅ ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប​ឃើញ​អាណិតកូន​តូច​ៗ​បាន​ទិញ​ធូបមូស​យក​មក​អុជ​ដាក់​ឲ្យ​កុំ​ឲ្យ​មូស​ខាំ រហូត​ដល់​ទៀប​ភ្លឺ​អ្នក​រត់​ម៉ូតូឌុប​ក៏​បាន​ដឹក​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​តែ​ម្តង ។

ស្ត្រី​កំសត់ និង​កូន​ទាំង​៣​នាក់ បាន​លើកដៃ​សំពះ​សុំ​សប្បុរសជន​ទាំងអស់​មេត្តា​ជួយ​ជា​ប្រាក់​កាក់​គ្រាន់​នឹង​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ផង ព្រោះ​គាត់​អត់​មាន​លុយ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​វិញ​ទេ ដោយ​អាច​ទំនាក់ទំនង​ស្ត្រី​ខាងលើ​នេះ​តាម​ទូរស័ព្ទ​របស់​ស្ត្រី​ខាងលើ​លេខ ០៩៦ ៦៨ ៩៣ ៥៥៤ ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៦​នេះ «​កោះសន្តិភាព​» មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​បុរស​ជា​ប្តី​បាន​នៅឡើយ​ទេ ៕