វីដេអូចម្រៀងថ្មី យកជីវិតទាំងស្រុង របស់តារាស្រីថៃ Tangmo មកលេង មើលហើយ ឈឺចាប់ជំនួស (មានវីដេអូ)

ថៃ៖ តារាស្រីថៃ នាងTangmo Pattaratida បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលឃើញវត្តមាននាងក្នុងវីដេអូចម្រៀងថ្មី ដែលជាវីដេអូមួយ ស្តែងពីជីវិតអាពាហ៍ពិពាហ៍ទាំងស្រុងរបស់នាង។

កាលពីម្សិលមិញនេះ វីដេអូចម្រៀងបែបកំសត់ ដែលសម្តែងដោយនាងTangmo ដោយផ្ទាល់ ត្រូវបានចាក់ផ្សាយជាផ្លូវការហើយ ដែលវីដេអូនេះ ទទួលបានការគាំទ្រយ៉ាងច្រើន ត្រឹមតែ១ថ្ងៃតែប៉ុណ្ណោះ អាចទាញមនុស្សឲ្យចុចចូលមើលជាង១ លានដងឯណោះ។ 

ក្នុងនោះដែរ នាងTangmo បាននិយាយប្រាប់ ក្នុងសន្និសីទកាសែតថា ចំពោះវីដេអូចម្រៀងនេះ បង្ហាញពីជីវិតផ្ទាល់របស់នាងកាលពីមុន ជាមួយនឹងអតីតស្វាមី លោក Tono Pakin។ គ្រប់សកម្មភាព សម្លៀកបំពាក់ កន្លែងរៀបការ និងអ្វីគ្រប់យ៉ាង គឺដូចនឹងសាច់រឿងរបស់នាងទាំងអស់។ ហើយជាពិសេស ក៏មានឈុតនាងលេបថ្នាំសម្លាប់ខ្លួន ពេលលោក Tono សុំចែកផ្លូវផងដែរ។

មិនតែប៉ុណ្ណោះ រូបនាងក៏បានបង្ហើបថា ពេលថតវីដេអូចម្រៀងនេះ នាងក៏បានអួលដើមក និងសម្រក់ទឹកភ្នែកជាច្រើនដងផងដែរ ព្រោះតែឃើញសកម្មភាពពីមុន នៅនឹងភ្នែកខ្លាំងពេក។ ប៉ុន្តែគ្រប់យ៉ាង វាគ្រាន់តែរឿងអតីតកាលដ៏គួរឲ្យចងចាំសម្រាប់នាង តែពេលនេះ នាងអាចធ្វើចិត្តបានល្អហើយ ដែលពេលបច្ចុប្បន្ននាង និងអតីតស្វាមី បានរស់នៅបែបជីវិតផ្សេងគ្នាផងដែរ៕

តោះចង់ដឹងថា វីដេអូចម្រៀងនេះ ដូចជារឿងពិតរបស់នាងTangmo យ៉ាងណា ទស្សនាទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរ នាងTangmo បានធ្លាប់លេបថ្នាំសម្លាប់ខ្លួន ព្រោះតែស្វាមីជាទីស្រឡាញ់ បានប្រកាសថា​រូបលោក នៅលីវ។

អតីតតារាសម្តែង ប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ៧ Tangmo Pattaratida បានសម្រេចចិត្តសម្លាប់ខ្លួន ដោយ លេបថ្នាំជាច្រើនគ្រាប់ ប៉ុន្តែសំណាងល្អ នាងត្រូវបានគេ នាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ទាន់ពេលវេលា។

កាលពីម្សិលមិញនេះ មិត្តភក្តិរបស់ Tangmo បានបង្ហោះរូបថតនាង ប៉ុន្មានសន្លឹក ចូលក្នុងបណ្តាញ សង្គមអ៊ិនស្តាក្រាម ដែលធ្វើឲ្យគ្រប់គ្នាឆ្ងល់ថា ហេតុអ្វីនាងចង់សម្លាប់ខ្លួនបែបនេះ? មិត្តភក្កិ ជិតស្និទ្ធរបស់ តារាស្រីរូបនេះ បានបង្ហើបថា នាងអាចធ្វើអ្វីបានគ្រប់យ៉ាង សម្រាប់ស្វាមី ជាទីស្រឡាញ់របស់នាង គឺលោក Tono Pakin សូម្បីតែជីវិត ក៏នាងហ៊ាន ប្រគល់ឲ្យស្វាមីនាងដែរ។

យោងតាមសារព័ត៌មានថៃ បានរាយការណ៍ថា លោក Tono Pakin ដែលត្រូវជា ស្វាមីរបស់នាង Tangmo បាន ប្រកាស ពេលឡើងឆាកតន្រ្តី "Wonder7 Concert" ថា រូបលោក នៅពេលនេះ គឺនៅលីវ។ សម្តីរបស់គាត់នេះ គឺអាចបញ្ជាក់បានថា នាង Tangmo និងរូបគាត់ គឺបាន បែកបាក់គ្នាទៅហើយ ដែលជាហេតុ ធ្វើឲ្យនាងដាច់ចិត្ត ចង់បញ្ចប់ជីវិតបែបនេះ៕   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload