លោក សម រង្ស៊ី បញ្ជាក់ថា​មាន​ជម្រើស​២​ស្តីពី​ជំនួយ​អន្តរជាតិ​ដល់​ប្រទេស​កម្ពុជា​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅថ្ងៃនេះ​បានបញ្ជាក់​ថា​មាន​ជម្រើស​ពីរ​ស្តីពី​ជំនួយ​អន្តរជាតិ​ដល់​ប្រទេស​កម្ពុជា​។ លោក សម រង្ស៊ី បាន​ពន្យល់​នូវ​ជម្រើស​ទី​១​ថា ៖ មេដឹកនាំ​ប្រទេស​សព្វថ្ងៃ ចេះ​កែខ្លួន ឈប់​គាបសង្កត់​ប្រជាពលរដ្ឋ ឈប់​រំលោភ​សិទ្ធិមនុស្ស ហើយ​ឈប់​ចាប់​ប្រជារាស្ត្រ​ធ្វើជា​ចំណាប់ខ្មាំង​ចំពោះមុខ​ម្ចាស់ជំនួយ​បរទេស​។ ពេលនោះ ៖ ប្រជាពលរដ្ឋ​ទទួលបាន​សេរីភាព ហើយ​អំណាច​ផ្តាច់ការ​ត្រូវបាន​បញ្ចប់ – ប្រទេស​កម្ពុជា​ទទួលបាន​ជំនួយ​អន្តរជាតិ​កាន់តែច្រើន – កិត្តិយស​ប្រទេស​យើង ត្រូវបាន​ស្តារឡើងវិញ​ពីព្រោះ​ពេលនោះ យើង​នឹងមាន​មេដឹកនាំ​ដែល​គេ​អាច​គោរព​បាន​។​

ចំណែក​ជម្រើស​ទី​២ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​ពន្យល់ថា ៖ មេដឹកនាំ​ប្រទេស​សព្វថ្ងៃ មិន​ព្រម​កែខ្លួន​នៅតែ​គាបសង្កត់​ប្រជាពលរដ្ឋ​នៅតែ​រំលោភ​សិទ្ធិមនុស្ស ហើយ​នៅតែ​ចាប់​ប្រជារាស្ត្រ​ធ្វើជា​ចំណាប់ខ្មាំង​ចំពោះមុខ​ម្ចាស់ជំនួយ​បរទេស​។ ពេលនោះ ៖​ប្រជាពលរដ្ឋ​នៅតែ​គ្មាន​សេរីភាព ហើយ​អំណាច​ផ្តាច់ការ​នៅតែ​បន្ត​- ជំនួយ​អន្តរជាតិ​អាច​ត្រូវគេ​កាត់ផ្តាច់ ឬ​កាត់បន្ថយ – កិត្តិយស​ប្រទេស​យើង​នៅតែ​អាប់ឱន ដោយសារ​មេដឹកនាំ​ប្រទេស​ប្រព្រឹត្ត​អំពើ​មិន​ថ្លៃថ្នូរ​ដូច​សព្វថ្ងៃ​។​

លោក សម រង្ស៊ី បាន​ពន្យល់ថា​ក្នុង​ការទទួល​ជំនួយ​អន្តរជាតិ របប​ផ្តាច់ការ​នីមួយៗ​តែងតែ​ចាប់​ប្រជាពលរដ្ឋ​ដែល​ខ្លួន​គ្រប់គ្រង​ធ្វើជា​ចំណាប់ខ្មាំង​ដោយ​អះអាងថា បើ​សហគមន៍​អន្តរជាតិ​កាត់​ជំនួយ​នោះ​ប្រជាពលរដ្ឋ​ទេ​ដែល​នឹង​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ពីព្រោះ​មេដឹកនាំ​ប្រទេស និង​ក្រុមគ្រួសារ​គេ​នៅតែមាន​ជីវភាព​ធូរធារ​ជានិច្ច​។ លោក សម រង្ស៊ី បាន​បន្តថា មេដឹកនាំ​ផ្តាច់កា​រណា​ក៏​ធ្វើជា​មិន​យល់ថា សហគមន៍​អន្តរជាតិ​ម្ចាស់ជំនួយ​គេ​មានបំណង​ល្អ​ទេ​ក្នុងការ​ជំរុញ​ប្រទេស​ក្រីក្រ​ដែល​ទទួល​ជំនួយ​ពី​គេ​ឲ្យ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែល​នឹង​នាំមក​នូវ​អភិបាលកិច្ច​ល្អ​។​

​គួររំលឹកថា លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សជំទាស់ កន្លងមក​បានបញ្ជាក់​គោលជំហរ​គណបក្ស​សង្គ្រោះ​ជាតិ ថា បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ពេញចិត្ត​របៀប​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ការ​ធ្វើទុក្ខបុកម្នេញ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​មន្ត្រី​សង្គម​ស៊ីវិល​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់ឃើញ​ម្ចាស់ជំនួយ​អន្តរជាតិ​ផ្តាច់ជំនួយ​មកលើ​ប្រទេស​កម្ពុជា​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ពិសេស​ពលរដ្ឋ​ក្រីក្រ​៕

13533289_1134758216580910_2555002176023028091_n