ព្រះខ័នរាជស្វាយរៀង ជួបកង្វល់ ស្របពេលក្រុមទ័ព មានមហិច្ឆតាលើកពាន

​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ ព្រះ​ខ័នរាជស្វាយ​រៀង ហាក់​បង្ហាញ​ពី​កង្វល់ សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ(ទ័ព) នៅ​ពហុកីឡដ្ឋាន​ជាតិ នា​យប់​ម៉ោង​៧ ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ ប៉ុន្តែ​ក្រុម​ទ័ព កំពុង​មានការជឿ​ជាក់ក្នុង​ការ​បំពេញ​នូវមហិច្ឆតា​ចំពោះ​ការ​ឈ្នះ​ពានមួយ​នេះ។

localsportk1

ក្តី​កង្វល់​របស់​ក្រុម​ព្រះ​ខ័ន​រាជស្វាយរៀង គឺ​បាន​បន្សល់​ទុក​ពី​ការ​ធ្វើ​ការ​ងារ​យ៉ាង​ធ្ងន់ក្នុង​ការ​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន ដោយ​បាល់​ប៉េណាល់​ទី ៣-២ វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ដែល​ធ្វើ​ឲ្យកីឡាករ​សំខាន់ៗ​របស់​ខ្លួន​៣​នាក់​​រួម​មាន ប្រាក់ មុន្នីឧត្តម ផាន់នី អ៊ីរដ្ឋា និង តុប តុលា មាន​របួស​ដូច​គ្នា។ ប៉ុន្តែ​ក្រុម​ទ័ព បាន​លត់​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ៣-០ ដ៏​គួរ​ឲ្យ​កត់​សម្គាល់។

លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​របស់​ក្រុម​ព្រះខ័ន​រាជស្វាយ​រៀង បាន​​និយាយ​ថា៖​«យើង​នៅ​តែ​មាន​ការ​លំបាក សម្រាប់​ការ​ជួប​​ក្រុម​ទ័ព នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ព្រោះ​កីឡាករ​សំខាន់ៗ​របស់​យើង​ដូច​ជា ប្រាក់ មុន្នីឧត្តម តុប តុលា និង ផាន់នី អ៊ីរដ្ឋា សុទ្ធតែ​មាន​របួស ដែល​យើង​មិន​រំពឹង​ថា ពួក​គេ​អាច​ចូល​លេង​បានវិញ​​នោះ​ទេ»។

localsportk2

យ៉ាង​ណា​ក៏​ដោយ លោក សំ វ៉ាន់ដេត ហាក់​នៅមាន​ទំនុក​ចិត្ត​លើ​កីឡាករ​បម្រុង ដែល​លោក​បាន​ព្យាយាម​បង្ហឹក​​កន្លង​មក ដោយលោក​បាន​បញ្ជាក់​ថា៖​«ថ្វី​បើ​យើង​បាត់​បង់​កម្លាំង​សំខាន់ៗ​មួយ​ចំនួន ប៉ុន្តែ​ខ្ញុំ​នៅ​តែមាន​ទំនុក​ចិត្ត​លើកីឡាករ​បម្រុង​របស់​ខ្ញុំ ព្រោះ​ការ​ប្រកួត​ជាមួយ​ភ្នំពេញ​ក្រោន ក៏​ពួក​គេ​ធ្វើបាន​ល្អ​ផង​ដែរ ទើប​យើង​អាច​ឈាន​ដល់​ការ​ទាត់​បាល់ប៉េណាល់​ទី ហើយ​​ការ​ជួប​ទ័ព លើក​នេះ ក៏​យើង​នឹង​ព្យាយាម​លេង​ឲ្យ​ដល់​ម៉ោងបន្ថែម​ផង​ដែរ គឺ​យើង​មិន​អាច​វាយ​សង្រ្គប់​ទៅ​លើ​គេ​បាន​នោះ​ទេ»។

ចំណែក​លោក ទេព ឡុង​រចនា គ្រូ​បង្វឹក​ក្រុម​ទ័ព បាន​​និយាយ​​ថា៖​«ចំណុច​ខ្លាំង​របស់​ស្វាយ​រៀង គឺ​កីឡាករ​របស់​ក្រុម​នេះ​លេង​មាន​ឆន្ទៈ ប៉ុន្តែ​បញ្ហា​របួស​កីឡាករ​សំខាន់ៗ​របស់​ក្រុម​នេះ​ វា​ជា​ក្តី​សង្ឃឹម​របស់​យើង ព្រោះកីឡាករ​របស់​យើង គ្មាន​អ្នក​ណា​ម្នាក់​មាន​របួស ឬ​ជាប់​ពិន័យ​នោះ​ឡើយ អ៊ីចឹង​មហិច្ឆតា​ក្នុង​ការ​ឆ្ពោះ​ទៅ​លើក​ពាន​​របស់​យើង អាច​នឹង​មានសង្ឃឹម​ច្រើន គឺ​វា​នៅ​មិន​ឆ្ងាយ​ដូច​មុន​នោះ​ទេ»។

ក្រុម​ក្រសួងការពារជាតិ នឹង​ត្រូវ​ប្រកួត​ផ្តាច់​ព្រ័ត្រ ជាមួយ​ក្រុម​ព្រះខ័ន​រាជស្វាយ​រៀង ចាប់​ពី​​ម៉ោង​៧​យប់​ត​ទៅ។ ចំណែក​​ក្រុម​​ភ្នំពេញ​ក្រោន និង​ក្រុម​ស៊ីម៉ាក់ ដែល​ធ្លាប់​ស្មើ​គ្នា ០-០ ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​កន្លង​មក​នោះ នឹង​ត្រូវ​ប្រកួត​ដណ្តើមយក​លេខ​៣ និងលេខ​៤ នា​​រសៀល​ម៉ោង​៣:៣០ ថ្ងៃសៅរ៍​នោះ​ដែរ៕