សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ជួយ​ចិញ្ចឹម​លោកតា​អាយុ​៨៩​ដល់​ដង្ហើម​ចុង​ក្រោយ

ខេត្តកំពង់ស្ពឺ ៖ នៅ​ក្នុង​ទិវា​មច្ឆជាតិ​លើក​ទី​១៤ ប្រារ​ព្ឋ​ធ្វើ​នៅ​ក្នុង​អាង​ទឹក​អន្លង់​ជ្រៃ ស្ថិត​នៅ​ក្នុងស្រុក​ថ្ពង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​តាម​រក​លោកតា​ម្នាក់​អាយុ​៨៩​ឆ្នាំ ជា​អ្នក​ធាក់​ស៊ី​ក្លូ មានកូន​៨​នាក់ ដែល​លោកតា​ចង់​ជួប​សម្តេច​ក្នុង​បំណង​សុំ​លុយ ១,០០០​ដុល្លារ ដើម្បី​យក​ទៅ​សង់ផ្ទះ​នៅ​ស្រុក​កំណើត​ក្នុង​ខេត្តស្វាយរៀង​សម្រាប់​ជីវិត​ចុង​ក្រោយ ។

នៅ​ក្នុង​ទិវា​មច្ឆជាតិ​ដែល​ទើបនឹង​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៍បាន​ប្រកាស​ថា សម្តេច​នឹង​ទទួលទាន​អាហារ​មួយ​ពេល​ជាមួយ​លោកតា​អាយុ​៨៩​ឆ្នាំ​រូប​នោះ និង​ជួយ​ចិញ្ចឹម​គាត់​រហូត​ដល់​ផុតដង្ហើម ដើម្បី​ជា​ការ​ធ្វើបុណ្យ​របស់​សម្តេច​សម្រាប់​មនុស្ស​ចាស់ ។

ខ្ញុំ​នឹង​ទៅ​រក​លោកពូ​ម្នាក់ អាយុ ៨៩​ឆ្នាំ ជា​អ្នក​ធាក់​ស៊ី​ក្លូ មានកូន​៨​នាក់ ហើយ​ខ្ញុំ​នឹង​ទទួលទាន​មួយ​ពេល​ជាមួយ​គាត់​។ មាន​អ្នក​បង្ហោះ​ហ្វេ​ស​ប៊ុ​កមក​ខ្ញុំ​ថា ធ្វើ​ម៉េច​ឲ្យ​សម្តេច​បានដឹង ដើម្បី​សុំ​សម្តេច​១​ពាន់​ដុល្លារ សម្រាប់​ទៅ​ធ្វើ​ផ្ទះ នៅ​ឯ​ស្រុក​កំណើត​។ ខ្ញូំ​នឹង​ជួយ​ចិញ្ចឹម​គាត់​រហូត​ដល់​ផុត ហើយ ដែល​ជា​ការ​ធ្វើបុណ្យ​របស់ខ្ញុំ​សម្រាប់​មនុស្ស​ចាស់​។

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​(Facebook)​ដែល​គេ​បង្ហោះ​និង​ចែកចាយ​បន្ត​គ្នា​នោះ លោកតា​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ គ្រាន់តែ​បញ្ជាក់​ថា​លោកតា​មាន​អាយុ​៨៩​ឆ្នាំ ប្រកប​មុខរបរ​ធាក់​ស៊ី​ក្លូ នៅ​រាជធានី​ភ្នំពេញ ដើម្បី​យក​កម្រៃ​បន្តិចបន្តួច​សម្រាប់​ចិញ្ចឹមជីវិត ដោយ​ជួល​ស៊ី​ក្លូ​គេ​ក្នុង​មួយ​ថ្ងៃ​ថ្លៃ ៤​ពាន់​រៀល និង​លោកតា​មានកូន​៨​នាក់ ហើយ​កូនច្បង​មាន​អាយុ​៦០​ឆ្នាំ​ហើយ ។ នា​ពេល​យប់ លោកតា គាត់​គ្មាន​កន្លែង​ស្នាក់​នៅ​សមរម្យ​នោះ​ទេ គឺ​ដើរ​ជ្រកកោន​ដេក​តាម​សំ​យ៉ាប​ផ្ទះ​គេ​រៀង​រាល់​រាត្រី​។ បំណងប្រាថ្នា​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោកតា គឺ​ចង់​ជួប​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​សុំ​លុយ​ចំនួន​១​ពាន់​ដុល្លារ ដើ​ម្បី​យក​ទៅ​ធ្វើ​ផ្ទះ​ស្នាក់​នៅ​សម្រាប់​ជីវិត​ចុង​ក្រោយ​នៅ​ឯ​ខេត្តស្វាយរៀង​៕