អាជ្ញាធរ​ជាតិ​អប្សរា​អំពាវនាវ​កុំឱ្យ​លែង​សត្វ​ពានៈ​គ្មាន​ការ​មើលថែ​នៅ​ឧទ្យាន​អង្គរ

ខេត្តសៀមរាប ៖ ជា​រៀងរាល់ថ្ងៃ អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ថែរក្សា​សោភ័ណ​ភាព​ក្នុង​ឧទ្យាន​អង្គរ​ឱ្យ​ស្រស់បំព្រង ដូច​ជា​ការ​ដាំ​ដើមឈើ ព្យាបាល​ដើមឈើ កាត់​ក្រី​មែកឈើ ដាំ​ស្មៅ ស្រោច​ទឹក​ស្មៅ​ជាដើម ធ្វើ​យ៉ាងណា​ឱ្យ​ទេសភាព​បៃតង​មាន​គ្រប់​រដូវ ដើម្បី​លម្អ​ប្រាសាទ​ផង និង​ទាក់ទាញ​អារម្មណ៍​អ្នកទេសចរ​ឱ្យ​មាន​ភាព​រីករាយ​ចំពោះ​ទិដ្ឋភាព​ទាំងនោះ​ផង ។

ទោះជា​យ៉ាងណា​ក្តី កាលពី​ពេល ថ្មី​ៗ​កន្លង​មក នៅ​ក្នុង​ឧទ្យាន​អង្គរ​នៅ​តែ​ឃើញ​មាន​សត្វពាហនៈ​ចូល​ស៊ី​ស្មៅ​នៅ​កន្លែង​ហាមឃាត់​ជា​ញឹក​ញ៉ាប់ បើ​ទោះបីជា​ធ្លាប់​មានការ​ហាមប្រាម និង​អំពាវនាវ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ចំពោះ​ម្ចាស់​សត្វពាហនៈ​ទាំងនោះ​ឱ្យ​មើល​សត្វពាហនៈ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ក៏​ដោយ ។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​សំណូមពរ​ដល់​ម្ចាស់​គោ​-​ក្របី​នៅ​ក្បែរ​តំបន់​អង្គរ​ទាំងអស់ សូមកុំ​លែង​សត្វពាហនៈ​ទាំងនោះ​ឱ្យ​ចូល​ស៊ី​ស្មៅ​ក្នុង​ឧទ្យាន​អង្គរ​ដោយ​គ្មាន​ការ​គ្រប់គ្រង​ពី​ម្ចាស់​ទៀត ដើម្បី​ជា​ការ​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​រួមចំណែក​ថែរក្សា​សោភ័ណ​ភាព​ស្រស់បំព្រង​ក្នុង​ឧទ្យាន​អង្គរ​ឱ្យ​បាន​ល្អ​ប្រសើរ ៕