ស្ថាន​​​កុង​​​ស៊ុលឡាវ​​​បើក​​​នៅ​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ស្រប​​​ពេល​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​មានការ​​​កើន​​​ឡើង​​​

កាលពីម្សិលមិញ ក្រុមមន្ត្រីបានសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានកុងស៊ុលឡាវថ្មីមួយនៅក្នុងខេត្តស្ទឹងត្រែង ដែលត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការស្តីពីបញ្ហាឆ្លងកាត់ព្រំដែនបានប្រសើរឡើង ក្នុងនោះរួមមានដូចជាការជួញដូរគ្រឿងញៀនយ៉ាងខ្លាំងតាមព្រំដែនជាដើម។ លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តបានលើកឡើងថា លោកអភិបាលខេត្ត ម៉ុន សារឿន និងឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសកម្ពុជាបានចូលរួមក្នុងពិធីនេះដើម្បីសម្ពោធស្ថានកុងស៊ុលក្នុងខេត្តស្ទឹងត្រែង ដែលមានទីតាំងប្រហែល៥០គីឡូម៉ែត្រពីព្រំដែនឡាវ។ លោកបានលើកឡើងទៀតថា ស្ថានកុងស៊ុលកម្ពុជានឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅព្រំដែនម្ខាងទៀតនៅថ្ងៃនេះ។ លោកបានមានប្រសាសន៍ថា ”ស្ថានកុងស៊ុលទាំងពីរនេះនឹងជួយពង្រឹងសន្តិសុខតាមព្រំដែនកម្ពុជា-ឡាវ។ ពួកគេនឹងសហការគ្នាពេលមានហេតុការណ៍កើតឡើងតាមព្រំដែន”។ លោកបានបន្ថែមថា “ស្ថានកុងស៊ុលទាំងពីរនឹងសហការគ្នាពេលណាមានបទល្មើសកើតឡើងតាមព្រំដែន ពេលកំណត់ព្រំដែន ឬពេលប្រជាពលរដ្ឋមានបញ្ហាក្នុងការឆ្លងកាត់ព្រំដែន”។ លោក ម៉ែន គង់ បានលើកឡើងទៀតថា ការិយាល័យថ្មីទាំងពីរនេះក៏នឹងរៀបចំឲ្យមានការដោះដូរអ្នកទោសពេលអនាគតផងដែរ។ លោកបានថ្លែងថា ”បន្ទាប់ពីតុលាការធ្វើសេចក្តីសម្រេចចុងក្រោយនៅក្នុងការផ្តន្ទាទោសនរណាម្នាក់រួច ពួកគេអាចទៅទទួលទោសជាប់ពន្ធនាគារនៅក្នុងប្រទេសរបស់ខ្លួនបាន។ យើងសង្កេតឃើញថា មានការលំបាកសម្រាប់គ្រួសារក្នុងការមកសួរសុខទុក្ខអ្នកទោសជនជាតិខ្មែរ [ក្នុងប្រទេសឡាវ]ហេតុដូច្នេះពួកគេគួរតែមានសិទ្ធិទៅទទួលទោសជាប់ពន្ធនាគារក្នុងប្រទេសរបស់ខ្លួន”។ លោក រស់ សុធា អនុប្រធានពន្ធនាគារខេត្តេនះបានលើកឡើងថា លោកមិនដឹងថា មានការដោះដូរអ្នកទោសណាមួយទេ ចាប់តាំងពីពេលលោកធ្វើជាអនុប្រធានពន្ធនាគារមក។ លោកលើកឡើងទៀតថា ក្នុងពេលបច្ចុប្បន្ន មានជនជាតិឡាវ៣៣នាក់កំពុងជាប់ពន្ធនាគារ ក្នុងនោះភាគច្រើនជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ របាយការណ៍អំពីការជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវទំនងជាកើនឡើងនាឆ្នាំកន្លងមក។ អាជ្ញាធរបានរាយការណ៍ថា មានការបង្ក្រាបការជួញដូរគ្រឿងញៀនបីដាច់ដោយឡែកពីគ្នាក្នុងតំបន់នេះក្នុងរយៈពេលតែសប្តាហ៍ប៉ុណ្ណោះកាលពីខែឧសភា ហើយករណីទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងថ្នាំញៀនប្រភេទម៉ាទឹកកក។ ព្រំដែនដែលពុំមានការការពារគ្រប់គ្រាន់នេះលាតសន្ធឹងក្នុងប្រវែងប្រមាណ៥០០គីឡូម៉ែត្រ ហើយជាកន្លែងតភ្ជាប់ទៅកាន់តំបន់ផលិតគ្រឿងដែលគេហៅថា តំបន់ត្រីកោណមាស ជាតំបន់ភ្នំដែលប្រទេសភូមា ឡាវ និងប្រទេសថៃប្រសព្វគ្នា៕ ស៊ុយឈាង © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without […]

The post ស្ថាន​​​កុង​​​ស៊ុលឡាវ​​​បើក​​​នៅ​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ស្រប​​​ពេល​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​មានការ​​​កើន​​​ឡើង​​​ appeared first on The Cambodia Daily.