សួង សុខារ៉ានីត បបួល​គូ​ជម្លោះ​ទៅ​ស្បថ​មុខ​ព្រះអង្គ​ដងកើ រឿង​លុយ​ជំពាក់

តារា​ស្រី សួង សុខារ៉ានីត បាន​និយាយ​ថា សុខ​ចិត្ត​បំភ្លេច​ចោល​លុយ​ជំពាក់​ចំនួន ៥០០ ដុល្លារ​នោះ ប្រសិន​បើ​ដៃគូ​ជម្លោះ​របស់​នាង ដែល​មាន​ងា​ជា​ជំទាវ​ផង​នោះ ហ៊ាន​ទៅ​ស្បថ​មុខ​ព្រះ​អង្គដងកើថា មិន​បាន​ខ្ចី​រូប​នាង។

 

សួង សុខារ៉ានីត បបួល​គូ​ជម្លោះ​ទៅ​ស្បថ​មុខ​ព្រះអង្គ​ដងកើ រឿង​លុយ​ជំពាក់

 

“លុយ​ហ្នឹង​គ្មាន​លិខិត​ស្នាម​អី​ទេ ព្រោះ​យើង​ជា​សុទ្ធសឹងតែ​ជា​អ្នក​ស្គាល់​រាប់​អាន​គ្នា។ តាម​ខ្ញុំ​គិត​ថា​មិន​បាច់​យក​លុយ​ហ្នឹង​ទេ តែ​សុំ​ឱ្យ​បង​ស្រី​ហ្នឹង​ហ៊ាន​ចេញ​មុខ​ស្បថ​មុខ​ព្រះអង្គ​ដងកើទៅ​បាន​ហើយ”។ សុខារ៉ានីត ថ្លែង​មក​កាន់ Sabay ថ្មីៗ​នេះ។ នាង​ឱ្យ​ដឹង​ទៀត​ថារហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​បាន​ចម្លើយ​តប​ពី​គូ​ទំនាស់​នៅ​ឡើយ​ទេ។ ហើយ​ភាគី​ទាំង​ពីរ​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្ញើ​សារ​ឆ្លងឆ្លើយ​គ្នា​ប៉ុណ្ណោះ ក៏​មិន​ទាន់​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​នោះ​ដែរ។

 

ប៉ុន្តែ សុខារ៉ានីត បាន​បញ្ជាក់​ថា នាង​នៅ​មិន​ទាន់​ត្រជាក់​ចិត្ត​​នោះ​ទេ ចំពោះ​ដៃគូ​ទំនាស់​ដែល​ចោទ​ប្រកាន់​ថា នាង​ជា​នារី​រក​ស៊ី​លក់​ខ្លួន និង​ដណ្ដើម​ប្ដី​គេ​នោះ​។ សុខារ៉ានីត បន្ថែម៖” គាត់​ថា​ខ្ញុំ​ច្រណែន​គាត់ ចង់​ដណ្ដើម​ប្ដី​គាត់ ប៉ុន្តែ​ខ្ញុំ​អត់​ដែល​ស្គាល់​ប្ដី​គាត់​សោះ តែ​ជា​ការ​ពិត​គាត់​ជំពាក់​លុយ​ខ្ញុំ”។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ស្រី​រូប​នេះ​ឱ្យ​ដឹង​ថា នាង​មិន​ទាន់​មាន​គម្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​រង់ចាំ​មើល​ភាគី​ទំនាស់​ទៅ​វិញ ប្រសិន​គេ​ដាក់​ពាក្យ​ប្ដឹង គឺ​នាង​ដាក់​ពាក្យ​បណ្ដឹង​១​ច្បាប់​ដែរ។ ហើយ​នាង​ក៏​បើក​ផ្លូវ​សម្រាប់​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ផង​ដែរ៕

 

អត្ថបទ៖ សំ ជំនាញ