​គ្រូ​ស៊ីម៉ាក់​​​ ទម្លាយ​​របៀប​លេង​​ជា​មួយ​ភ្នំពេញ​ក្រោន​ស្អែក​នេះ

​លោក ស៊ុម វណ្ណា ​គ្រូ​បង្វឹក​​ក្លឹប​បាល់ទាត់​ស៊ីម៉ាក់​​​បាន​ទម្លាយ​​​ទម្រង់​លេង​​ក្រុម​របស់​​ខ្លួន​​ ក្នុង​ការ​ប៉ះ​​​​ភ្នំពេញ​ក្រោន ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ Hun Sen Cup 2016 ​វគ្គ​​ផ្ដាច់​ព្រ័ត្រ​​ដណ្ដើម​លេខ៣​​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម៉ោង ៣:៣០​ថ្ងៃ​​​ទី២ ខែ​​កក្កដា ឆ្នាំ​២០១៦​ ស្អែក​នេះ។

​គ្រូ​ស៊ីម៉ាក់​​​ ទម្លាយ​​របៀប​លេង​​ជា​មួយ​ភ្នំពេញ​ក្រោន​ស្អែក​នេះ

 ​លោក ស៊ុម វណ្ណា

 

​អតីត​គ្រូ​បង្វឹក​​ក្លឹប​បាល់ទាត់​បៀលប្រាយ​យូណាយ​ធិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​លោក​បាន​ដឹង​ពី​ទម្រង់​លេង​របស់​ភ្នំពេញ​ក្រោន​​ច្រើន។ បើ​តាម​ការ​សំគាល់​មើល​របស់​លោក ​ភ្នំពេញ​ក្រោន​ខ្វះ​ចន្លោះ​ប្រហោង​នៅ​តំបន់​ការពារ​កណ្ដាល។

 

​គ្រូ​បង្វឹក​​រូប​នេះ​​​​បន្ត​ថា ដោយ​មើល​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​របស់​ដៃ​គូ ហេតុ​នេះ​លោក​ត្រូវ​ប្រើ​ប្រព័ន្ធ​ប្រយុទ្ធ​​ឲ្យ​បាន​មុត​ស្រួច វាយ​លុក​បំបែក​តំបន់​នោះ​តែ​ម្ដង។ ​ចំណែក​កីឡាករ​តំបន់​ប្រយុទ្ធ​របស់​លោក​វិញ​ ត្រូវ​តែ​ហ្វឹកហាត់​​​របៀប​វាយ​លុក​ត្រង់​ចំណុច​កណ្ដាល​បន្ថែម​​ទៀត​ ជៀស​វាង​មាន​ឱកាស​​មិន​អាច​បញ្ចប់​ទី​​បាន​ល្អ។

 

​លោក​បាន​បន្ថែម​ថា សម្រាប់​ការ​ប៉ះ​​ភ្នំពេញ​ក្រោន ក្រុម​របស់​លោក​ នឹង​ប្រើ​ប្រព័ន្ធ​លេង​ខុស​​​គ្នា​កាល​នៅ​ក្នុង​ពូល​​ជម្រុះ​ពាន Hun Sen Cup ​ ដែល​បញ្ចប់​​ដោយ​លទ្ធផល ០-០។ ​សម្រាប់​ក្ដី​សង្ឃឹម​ក្នុង​ការ​យក​ឈ្នះ​ដៃ​គូ​​​មុន​ពេល​ប្រកួត ក្លឹប​លោក​មិន​ដែល​បោះបង់​ចោល​ឡើយ។

 

​ក្លឹប​បាល់ទាត់​​​ស៊ីម៉ាក់ បាន​ចាញ់​ក្រុម​​ក្រសួង​ការពារ​ជាតិ​កាល​វគ្គ​​ ៤​ក្រុម​ចុង​ក្រោយ ៣-០​​​ កាល​​ពី​​ថ្ងៃ​ពុធ​ ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៦​ ។ ចំណែក​ភ្នំពេញ​ក្រោន ចាញ់​​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ដោយ​បាល់​ប៉េណាល់​ទី ៣-២ ​នាំ​ឲ្យ​ក្លឹប​ទាំង​ពីរ​ទទួល​បាន​ត្រឹម​ឱកាស​ដណ្ដើម​លេខ ៣​​សម្រាប់​ពាន​រង្វាន់​នេះ។

 

​​ក្រៅ​ពី​គូ​ដណ្ដើម​លេខ ៣​នេះ​ ក៏​មាន​ការ​ប្រកួត​ដណ្ដើម​លេខ១​រវាង​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្រសួង​ការពារ​ជាតិ នា​ម៉ោង ៧:០០​នាទី​យប់​ ​នៅ​ទីលាន​​​ពហុ​កីឡដ្ឋាន​ជាតិ ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV ​ផង​ដែរ៕

 

​គ្រូ​ស៊ីម៉ាក់​​​ ទម្លាយ​​របៀប​លេង​​ជា​មួយ​ភ្នំពេញ​ក្រោន​ស្អែក​នេះ

ក្រុម​ស៊ីម៉ាក់

 

​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​