បទល្មើស​កាប់​ឈើ​ជន្លង់ម្រេច​នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ខេត្តមណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ​ជន្លង់ម្រេច​ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ជាបន្ទាន់​។ ដោយហេតុថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ ដើមឈើ​ក្នុងព្រៃ​បម្រុង​ទុក​នៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ត្រូវ​ក្រុម​ជនល្មើស​កាប់​ធ្វើជា​ជន្លង់ម្រេច​ហើយ​ដឹកជញ្ជូន​លក់​យ៉ាង​គគ្រឹកគគ្រេង ពុំមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​មន្ត្រី​បរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជា​សហគមន៍​ក្នុង​ឃុំ​ដាក់​ដាំ បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ថា ព្រៃ​បម្រុង​ទុក​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​បទល្មើស​មាន​សភាព​កាន់តែ​ខ្លាំងក្លា​។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ឃុំ​ដាក់​ដាំ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ក៏ដូចជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម លោក វេ​ង សាខុន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ជន្លង់ម្រេច​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ព្រៃ​សហគមន៍​ពួកគាត់​ត្រូវ​រលាយ​សាបសូន្យ​។ សេចក្ដីអំពាវនាវ​នេះ​បានកើត​ឡើង​បន្ទាប់ពី​សមាជិក​សហគម​ន៍​ជាច្រើន​នាក់ ចាប់​ឃាត់​រថយន្ត​ដឹកជញ្ជូន​ឈើ​ជន្លង់ម្រេច​១​គ្រឿង​ចេញពី​ព្រៃ​សហគមន៍​កាលពី​អធ្រាត្រ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​ដោះលែង​វិញ​ដោយសារតែ​មិនអាច​រារាំង​ក្រុម​ជនល្មើស​បាន​។ តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ឃុំ​ដាក់​ដាំ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈើ​ជា​អ្នកមានអំណាច មាន​លុយ និង​មាន​សមត្ថកិច្ច​ពុករលួយ​នៅ​ពីក្រោយ​ខ្នង​ពួកគេ​កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គ្មាន​ញញើត​នឹង​ចំណាត់ការ​បង្ក្រាប​ឡើយ​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ដាក់​ដាំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ព្រៃ​សហគមន៍​ក្នុង​ឃុំ​នេះ​មាន​ទំហំ​ប្រមាណ​២០០០​ហិកតា​សម្រាប់​ជា​ប្រយោជន៍​កូនចៅ​ជំនាន់​ក្រោយ​អាស្រ័យ​ផល និង​រក្សា​បរិស្ថាន​ធម្មជាតិ​ផងដែរ​។ ក៏ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​ដើម​ច្បោះ​ជ័រ ក៏ដូចជា​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១ ត្រូវ​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​កាប់​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ជាងនេះទៅទៀត​បច្ចុប្បន្ន​ព្រៃ​សហគមន៍​ភូមិ​ដាក់​ដាំ កំពុង​ត្រូវ​ក្រុម​ជនល្មើស​កាប់​ឈើ​ជន្លង់ម្រេច​យ៉ាង​ពេញបន្ទុក ហើយ​ប្រជា​សហគមន៍​ពុំមាន​លទ្ធភាព​អាច​បង្ក្រាប​បទល្មើស​បាន​ទេ​។ ដូច្នេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ក៏ដូចជា​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ហើយ​គួរ​វែកមុខ​មន្ត្រី​ពុករលួយ​ជាប់​ពាក់ព័ន្ធ​បទល្មើស​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​ផងដែរ​៕

image324លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ IMG-20160422-WA0015 Wat-23109