បង្គោលភ្លើង​ឆេះសន្ធោសន្ធៅ​ពេល​មេឃ​​ភ្លៀង

រាជធានីភ្នំពេញ ៖ ​បង្គោល​ភ្លើង​មួយ​កន្លែង ​ផ្ទុះ​ចេញ​ជា​ផ្កាភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ ខណៈ​ពេល​មេឃ​​កំពុង​តែ​រលឹម​ស្រិច​ៗ​បង្ក​​ឱ្យ​​​មាន​​ការ​ភ្ញាក់ផ្អើល កាលពី​​វេលា​ម៉ោង០​៧ ​និង​​០៥នាទី​ល្ងាច​​ថ្ងៃ​ទី​៣០ ​មិថុនា ២០១៦ ស្ថិត​នៅ​ក្បែរ​​រោងចក្រ​ផលិត​​ដប​ទឹក​​បរិ​សុទ្ធ ផ្លូវ​​សាលា​កសិកម្ម​ចំការ​ដូង ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័​​ត៌​មានពី​ប្រជាពលរដ្ឋ​ និង​ធ្វើ​ដំណើរ​តាម​ផ្លូវបាន​និយាយ​ថា មុន​ដំបូង​ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លួ​វ​ទាំង​មេឃ​កំពុង​តែ​រលឹម​ស្រិច​ៗ​​ផង​នោះ ស្រាប់តែ​មាន​បង្គោល​ភ្លើង​មួយ​ដែល​​អត់​មាន​លេខ​សម្គាល់​ បាន​ផ្ទុះ​ចេញ​ជា​ផ្កាភ្លើង​ឆាបឆេះ​យ៉ាង​ខ្លាំង ពេល​នោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គិភ័យ​បាញ់​អស់​មួយ​បំពង់ តែ​មិន​ព្រម​រលត់ ព្រោះ​បង្គោល​ភ្លើង​នោះ​ខ្ពស់​ពេក ទើប​ប្រជា​លរដ្ឋ​បាន​ផ្តល់​ដំណឹង​ទៅ​ឱ្យ​​សមត្ថកិច្ច មូលដ្ឋានឱ្យ​មក​មើល ។

លុះ​ដល់​​សមត្ថកិច្ចមូលដ្ឋាន​មក​ ក៏​បាន​រាយការណ៍ទៅ​ខាង​រថយន្ត​ពន្លត់អគ្គិ​ភ័យ របស់​សាលា​ខណ្ឌដង្កោ ចេញ​មក​ជួយ​បាញ់​ពន្លត់ អស់​ចំនួន​មួយ​គ្រឿង ទើប​ភ្លើងរលត់​អស់ទាំង​ស្រុង  ។  អគ្គិ​ភ័យ​ខាងលើ​នេះ​ មិន​បង្ក​ឱ្យ​​គ្រោះថ្នាក់​ដល់​ទ្រព្យសម្បត្តិ និង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ឡើយ គ្រាន់តែ​ធ្វើ​ឲ្យ​ដាច់​ភ្លើង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ៕