ឃើញ​ប្ដី​មាន​ស្រី​នៅ​នឹង​មុខ​ ឈ្លោះ​គ្នា ​ត្រូវ​ប្ដី​ដេញ​​​​​ចេញ​ពី​ផ្ទះ​ មក​ដេក​តាម​ចិញ្ចើម​ផ្លូវ​ជាមួយ​កូន

ឃើញ​ប្ដី​មាន​ស្រី​នៅ​នឹង​មុខ​ ឈ្លោះ​គ្នា ​ត្រូវ​ប្ដី​ដេញ​​​​​ចេញ​ពី​ផ្ទះ​ មក​ដេក​តាម​ចិញ្ចើម​ផ្លូវ​ជាមួយ​កូន



ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់ ​និង​កូន​តូច​ៗ​បី​នាក់​ទៀត ​ត្រូវ​​បាន​លោក​ប្ដី​ដេញ​​​​​ចេញពី​ផ្ទះ​ជួល​​ទាំង​យប់ ​ហើយ​នាង​មិន​ដឹង​ជា​យក​កូន​ទៅ​ដេក​ឯ​ណា​ ព្រោះ​គ្មាន​លុយ​មួយ​រៀល​ ក៏​នាំ​កូន​ដេក​តាម​ចិញ្ចើម​ផ្លូវ។ ការ​បណ្ដេញ​ចេញ​នេះ​ កើត​ឡើង​បន្ទាប់ពី​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ បាន​ឈ្លោះប្រកែក​គ្នា​បែកផ្សែង​ទាំង​កណ្ដាល​យប់​ ដោយសារ​តែ​​​លោក​ប្ដី​មាន​ស្រី​ថ្មី​ នាំ​ទៅ​ដេក​ក្នុង​ផ្ទះ​សំណាក់​នៅ​នឹង​មុខ​ ​ទើប​នាង​ប្រពន្ធ​ទ្រាំ​​មិន​បាន​បង្ក​ជា​ទំនាស់​ ​ត្រូវ​ប្ដី​​បណ្ដេញ​ចេញពី​ផ្ទះ​ជួល​ទាំង​យប់​បែប​នេះ។

លោក​ប្ដី​បាន​បណ្ដេញ​ប្រពន្ធ​ចេញ​ពី​ផ្ទះ​ជួល​​នៅ​ចំណុច​​​ភូមិ​តាងួន​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍សែនជ័យ​នេះ ​​​​​​ ​​ហើយ​ត្រូវ​បាន​អ្នក​រត់​​ម៉ូតូ​ឌុប​ប្រទះ​ឃើញ​ពួកគេ​ដេក​តាម​ចិញ្ចើម​ផ្លូវ​​កាលពី​វេលា​វេលា​ម៉ោង​៤​​ទៀបភ្លឺ​ ​​ថ្ងៃ​ទី​១​ ខែ​កក្កដា ​ឆ្នាំ​២០១៦។

ស្ត្រី​រងគ្រោះ​ ដែល​ប្តី​ដេញ​​ចេញ​ពី​ផ្ទះ​ឈ្មោះ ឈន ដា​វ៉ាន់​ អាយុ​២៨​ឆ្នាំ ​មុខរបរ បុគ្គលិក​ក្លិប​រីរិច ​នៅ​ម្ដុំ​ផ្លូវ​២០១១​ភូមិ​តា​ងួន សង្កាត់​កា​កាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ នាង​មាន​ភូមិកំណើត​នៅ​ភូមិ​ត្រពាំង​អូ​ ឃុំ​ភ្នា​ ស្រុក​សំ​រោងទង​ ខេត្ត​កំពង់ស្ពឺ ឯ​ប្ដី​របស់​គាត់​​​នោះ​​ មានឈ្មោះ ម៉ុ​ន ស្វិត អាយុ​២៧​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្លិប​ជាមួយ​គ្នា​ ហើយ​មាន​ស្រុកកំណើត​នៅ​ស្រុក​ភ្នំស្រួច ​ខេត្ត​កំពង់​ស្ពឺ និង​មាន​កូន​បី​នាក់​ក្នុង​បន្ទុក ប្រុស​១ ​មាន​អាយុ​១០​ឆ្នាំ ​និង​កូនស្រី​ពីរ​នាក់​ ដែល​ប្អូន​ពៅ​អាយុ​៤​ឆ្នាំ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ខាង​លើ​បាន​និយាយ​ថា​ ដំបូង​ឡើយ​ ​រូប​គាត់​បាន​រស់នៅ​ជាមួយ​កូន​ប្រុស​ស្រី​​​នៅ​ស្រុកកំណើត។ ចំណែក​លោក​ប្ដី​បាន​ទៅ​ធ្វើការ​នៅ​ឯ​ក្រុងភ្នំពេញ​ ​ហើយ​​តែង​តែ​បាន​ផ្ញើ​លុយ​បន្តិចបន្តួច​មក​ឲ្យ​គាត់​ចិញ្ចឹម​កូន​ តែ​ដោយ​ចាយវាយ​មិន​គ្រាន់​ ទើប​ប្តី​របស់​គាត់​ឲ្យ​មក​ធ្វើការ​ជាមួយគ្នា។ ប៉ុន្ដែ​ទើប​មក​ធ្វើការ​បាន​១០​ថ្ងៃ​ប៉ុណ្ណោះ​ ស្រាប់តែ​ឃើញ​ប្តី​មាន​ស្រី​ថ្មី​នៅ​នឹង​មុខ​ ហើយ​នាំ​ស្រី​នោះ​ទៅ​ដេក​ផ្ទះសំណាក់​ទៀត​ផង ​ធ្វើ​ឲ្យ​រូប​គាត់​ខឹង​យ៉ាង​ខ្លាំង។

ប្រភព​ដដែល​បាន​បន្ត​​​ថា ​ពេល​ដឹង​រឿង​បែក​ខ្ចរខ្ចាយ​ ពីរ​នាក់​ប្តី​ប្រពន្ធ​ បាន​ឈ្លោះប្រកែក​គ្នា​ហើយ​មេការ​ហាង​ឃើញ​ឈ្លោះ​គ្នា​បែបនេះ ​ក៏​បាន​បញ្ឈប់​ពួកគាត់​ពី​ការងារ​ ដោយ​មិន​ឲ្យ​ប្រាក់​ឈ្នួល​បន្តិច​សោះ។ លុះ​ដល់​ម៉ោង​កើតហេតុ​ប្តី​របស់​គាត់​បាន​ដេញ​គាត់​ចេញ​ពី​ផ្ទះ​មិន​ឲ្យ​នៅ​ទៀត​ឡើយ ​ដោយ​ដេញចេញ​តាំង​ពី​យប់​ ​ហើយ​គាត់​គ្មាន​លុយកាក់​មួយ​រៀល​សោះ ​ទើប​​​នាំ​កូន​មក​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ។

ប្រភព​បន្ត​ទៀត​ថា​ នៅ​វេលា​ម៉ោង​៤​ទៀបភ្លឺ​​ ​​​អ្នក​រត់​ម៉ូតូ​ឌុប​ បាន​ជួបប្រទះ ​ក្រោយ​ពី​សួរនាំ​ដឹង​សាច់​រឿង​អស់​ ​​មានចិត្ត​អាណិតអាសូរ​ខ្លាំង​ពេក ​ក៏​បាន​ដឹក​នាំ​យក​មក​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​ និង​ផ្សព្វផ្សាយ​ក្រែង​មាន​សប្បុរសជន​ណាមួយ​ជួយ ​ព្រោះ​នាងជីវភាពខ្វះខាត ហើយ​មាន​កូន​តូចៗ​ច្រើន​ទៀត​ផង៕
ឃើញ​ប្ដី​មាន​ស្រី​នៅ​នឹង​មុខ​ ឈ្លោះ​គ្នា ​ត្រូវ​ប្ដី​ដេញ​​​​​ចេញ​ពី​ផ្ទះ​ មក​ដេក​តាម​ចិញ្ចើម​ផ្លូវ​ជាមួយ​កូន