សមាគម​គ្រូ​បង្រៀន​បារម្ភ​ថា​គ្រូ​និង​សិស្ស​នៅ​ពោធិ៍សាត់​រង​គំនាប​ពី​គណបក្ស​កាន់​អំណាច

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ខេត្ត​ពោធិ៍សាត់ បារម្ភ​ថា ការ​សិក្សា និង​ផ្លូវចិត្ត​របស់​សិស្ស​កម្រិត​អនុ​វិទ្យាល័យ ឬ​វិទ្យាល័យ​អាច​ប៉ះពាល់​ដោយសារ​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​លើ​ស្ថាប័ន​អប់រំ។ ការ​បារម្ភ​នេះ កើត​មាន​ក្រោយ​ពី​ថ្នាក់​ដឹកនាំ​វិទ្យាល័យ​ពោធិ៍សាត់ ចែក​អាវយឺត​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​សិស្ស​ក្នុង​ម៉ោង​សិក្សា។

មន្ត្រី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ រិះគន់​ថា សេចក្ដី​ណែនាំ ឬ​បទបញ្ជា​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា គឺ​មាន​ប្រសិទ្ធភាព​តែ​ចំពោះ​គ្រូ​បង្រៀន​ដែល​ពុំ​មាន​និន្នាការ​ទៅ​កាន់​គណបក្ស​អំណាច ប៉ុន្តែ​នឹង​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ​ចំពោះ​ថ្នាក់ដឹកនាំ ឬ​គ្រូ​បង្រៀន​ណា​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រជាជន។

លោកស្រី គឹម តារានី ដែល​ជា​ប្រធាន​សមាគម​ប្រចាំ​ខេត្ត​ពោធិ៍សាត់ ថ្លែង​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ថា សកម្មភាព​របស់​ថ្នាក់ដឹកនាំ និង​គ្រូ​បង្រៀន​ខ្លះ​នៅ​វិទ្យាល័យ​ពោធិ៍សាត់ ដែល​ចែក​អាវ​យឺត​ពណ៌​ផ្កា​ឈូក​នៅ​ផ្នែក​ខាង​មុខ មាន​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា និង​នៅ​ខាង​ក្រោយ​មាន​ដាក់​ពាក្យ​ថា "ខ្ញុំ​ស្រឡាញ់​គណបក្ស​ប្រជាជន​កម្ពុជា" ដល់​សិស្ស​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា នោះ គឺ​បង្ហាញ​ពី​បក្ស​និយម និង​ការ​​រំលោភ​ច្បាប់។

លោកស្រី​ថា បាន​ទទួល​ដំណឹង និង​ទៅ​ទាន់​នៅ​នាទី​ចុងក្រោយ ​ឃើញ​សិស្ស​កាន់​អាវ​គណបក្ស​នៅ​ក្នុង​សាលា បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​សាលា​ចែក​ឲ្យ​សិស្ស​នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក រួច​ឲ្យ​ចេញ​ទៅ​ផ្ទះ៖ «សិស្ស​ស្រី​ហ្នឹង​គ្រាន់​តែ​ប្រាប់​ថា គេ​ចែក​ឲ្យ​សម្រាប់​ពាក់​ទៅ​ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មិថុនា ប្រជុំ​នៅ​អូរ​ចំបក់ គឺ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន។ សេចក្ដី​ប្រកាស​ហាម​ហើយ​ហាម​ទៀត មាន​ចែក​ក្រដាស​ជូន​គ្រូ​ទៀត ប៉ុន្ដែ​គាត់​នៅ​តែ​ប្រព្រឹត្ដ ហើយ​ខ្ញុំ​ជឿ​ថា ថ្នាក់​ដឹកនាំ​សាលា​មិន​ប្រព្រឹត្ដ​ចិត្ដ​ឯង​ទេ ច្បាស់​ជា​មាន​បញ្ជា​ពី​ថ្នាក់​លើ​ហើយ ព្រោះ​គាត់​អត់​មាន​អាវ​អស់​ហ្នឹង​ទេ អ៊ីចឹង​វា​ស្ដែង​ចេញ​នូវ​បក្ស​និយម បើ​និយាយ​ពី​បក្ស​ផ្សេង​អត់​បាន តែ​ដល់​គណបក្ស​កាន់​អំណាច គឺ​ត្រូវ​គាង គរ​សិស្ស​ឲ្យ​គាំទ្រ ឬ​គាង​គរ​ឲ្យ​ពាក់​អាវ​សម្ដែង​ចេញ»

ទាក់ទង​បញ្ហា​នេះ ទាំង​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​ពោធិ៍សាត់ លោក លី សុគន្ធី និង​នាយក​វិទ្យាល័យ​ពោធិ៍សាត់ បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយ​លោក​ទាំង​ពីរ​ប្រាប់​ថា​កំពុង​ជាប់​រវល់។ ប៉ុន្តែ​បើ​តាម​ព្រឹត្តិបត្រ​ព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) លោក លី សុគន្ធី បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា សិស្ស​បាន​អាវ​នោះ​មក​ពី​កន្លែង​ផ្សេង​ក្រៅ​ពី​សាលា។

បន្ថែម​លើ​សេចក្ដី​ណែនាំ​លេខ​៣៨ ចុះ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​ចេញ​លិខិត​ថ្មី​មួយ​ទៀត​​ជម្រាប​ទៅ​ថ្នាក់​ដឹកនាំ​គ្រឹះស្ថាន​សិក្សា​ទាំង​រដ្ឋ និង​ឯក​ជន​នៅ​ទូទាំង​ប្រទេស​ឲ្យ​ទប់ស្កាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ ឬ​ឃោសនា​នយោបាយ​នៅ​ក្នុង​ស្ថាប័ន​អប់រំ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៦ ដោយ​យោង​លើ​ច្បាប់​ពី​ការ​អប់រំ ឆ្នាំ​២០០៧។

ខ្លឹមសារ​នៃ​លិខិត​ក្រើន​រំលឹក​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​បញ្ជា​ឲ្យ​ថ្នាក់​ដឹកនាំ​គ្រឹះស្ថាន​សិក្សា​ទាំង​អស់​ចាត់​វិធានការ​ផ្សព្វផ្សាយ និង​ពង្រឹង​ការ​អនុវត្ត​ខ្លឹមសារ​មាត្រា​៣៤ នៃ​ច្បាប់​ស្ដីពី​ការ​អប់រំ មាត្រា​៣៧ នៃ​ច្បាប់​ពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល និង​សេចក្ដី​ណែនាំ​លេខ​៣៨ ឲ្យ​មាន​ប្រសិទ្ធភាព។

ការ​ពង្រឹង​នេះ គឺ​ដើម្បី​ឆ្លើយតប​ស្ថានការណ៍​បច្ចុប្បន្ន និង​ពេល​ខាង​មុខ​ដែល​គណបក្ស​នយោបាយ​នានា​ដែល​ត្រូវការ​ឃោសនា ផ្សព្វផ្សាយ​នូវ​កម្មវិធី​នយោបាយ និង​ពង្រឹង​របៀប​ឈ្នះ​រៀងៗ​ខ្លួន តាម​រយៈ​ការ​រៀបចំ​វេទិកា ចែកចាយ​សម្ភារៈ សំលៀក​បំពាក់ ឬ​វត្ថុ​ផ្សេង​ទៀត​ដែល​បម្រើ​ឲ្យ​សកម្មភាព ឬ​ឃោសនា​នយោបាយ ដោយ​ជ្រៀត​ចូល​ក្នុង​គ្រឹះស្ថាន​សិក្សា ឬ​អង្គភាព​នានា ដែល​ផ្ទុយ​នឹង​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។