តំណាង​សហគមន៍​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ត្បូងឃ្មុំ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ មួយ​រូប បារម្ភ​ពី​ការ​ចាប់​ខ្លួន និង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។ ក្តី​បារម្ភ​នេះ បន្ទាប់​ពី​មាន​ដីកា​កោះហៅ​ពី​តុលាការ​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ជុំវិញ​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន​ចិន ថា បាន​រំលោភ​កម្មសិទ្ធិ​ក្រុមហ៊ុន និង​បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​ឱ្យ​តំណាង​ពលរដ្ឋ​រូប​នោះ​ដក​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​ក្រុមហ៊ុន​កន្លង​មក ព្រមទាំង​ដក​ខ្លួន​ចេញ​ពី​សហគមន៍​ទៀត​ផង។

តំណាង​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង យល់​ថា ប្រសិនបើ​ខ្លួន​ព្រម​ដក​ពាក្យ​បណ្ដឹង​ដែល​បាន​ប្ដឹង​ក្រុមហ៊ុន​រឿង​រំលោភ​យក​ដី​សហគមន៍​កាល​ពី​ពេល​កន្លង​ទៅ​នោះ ប្រហែលជា​មិន​មាន​ដីកា​កោះហៅ​ខ្លួន​ដូច្នេះ​ឡើយ។ ជាមួយ​គ្នា​នេះ តំណាង​សហគមន៍​ស្នើ​ឱ្យ​តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ជុំវិញ​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមីនីវេន អ៊ីនវេសមេន (Hamenivent Investment) ដែល​បាន​រំលោភ​យក​ដី​សហគមន៍​របស់​ពួកគាត់ ហើយ​ថែមទាំង​ប្ដឹង​តំណាង​អ្នក​ភូមិ​ថែម​ទៀត។

តំណាង​សហគមន៍​ភូមិ​បុស្សស្នោ ឃុំ​ត្រពាំងព្រីង លោក ផុន ឈឿន មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា អាជ្ញាធរ​ភូមិ​បាន​ប្រាប់​ឱ្យ​លោក​ដក​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​ក្រុមហ៊ុន​ចិន កន្លង​មក ហើយ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​សហគមន៍​មិន​ឱ្យ​ពាក់ព័ន្ធ​ការ​តវ៉ា​ណា​មួយ​ទៀត​ឡើយ។ ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យ​បណ្ដឹង ព្រម​ទាំង​ចេញ​ពី​សហគមន៍ អាជ្ញាធរ​ប្រាប់​លោក​ថា គេ​នឹង​ឱ្យ​ប្រាក់​ចំនួន ៣​ម៉ឺន​ដុល្លារ ព្រម​ទាំង​ឱ្យ​លោក​ធ្វើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ចិន ទៀត​ផង។

លោក ផុន ឈឿន បាន​បដិសេធ​សំណូមពរ​នេះ ដោយ​ចង់​បាន​តែ​ដី ២៧៥​ហិកតារ ដែល​ក្រុមហ៊ុន​ចិន រំលោភ​យក មក​ដាក់​ជា​សម្បត្តិ​រួម​នៅ​ក្នុង​សហគមន៍​វិញ​ប៉ុណ្ណោះ។ ក្រោយ​ពេល​លោក​បដិសេធ​សំណើ​របស់​អាជ្ញាធរ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ក៏​មាន​ដីកា​កោះហៅ​រូប​លោក​តែម្ដង៖ «ខាង​ខេត្ត​ត្បូងឃ្មុំ គេ​កោះ​ហៅ​ខ្ញុំ អា​នេះ​ដីកា​របស់​គេ។ អ៊ីចឹង​ខ្ញុំ​ព្រួយ​បារម្ភ ព្រោះ​គេ​ចិន គេ​មាន​លុយ​ច្រើន គេ​មាន​អំណាច។ ទី​មួយ​គេ​ចាប់​ខ្ញុំ​ដាក់គុក គេ​ប្ដឹង​មួយ​សា ដល់​ខ្ញុំ​ប្ដឹង​ទៅ​គេ គេ​អត់​ដោះស្រាយ»

​ដីកា​កោះហៅ​លោក ផុន ឈឿន ដែល​ចេញ​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ លោក ហៀង សុភក្ត្រ កាល​ពី​ថ្ងៃ​ទី​២៣ មិថុនា ហើយ​ទើប​ដល់ដៃ​សាមី​ខ្លួន​នៅ​ថ្ងៃ​ទី​២៨ មិថុនា នោះ គឺ​តម្រូវ​ឱ្យ​លោក ផុន ឈឿន ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ កក្កដា ខាង​មុខ។ ដីកា​នេះ​ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​ភាគី​ក្រុមហ៊ុន​ចិន ដោយ​ប្ដឹង​ពី​បទ​រំលោភ​បំពាន​កម្មសិទ្ធិ និង​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា។

ទាក់ទង​បញ្ហា​នេះ មេភូមិ​បុស្សស្នោ លោក សុខ ឌិន មាន​ប្រសាសន៍​ថា លោក​ពិតជា​បាន​ប្រាប់​ឱ្យ​តំណាង​សហគមន៍​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​មែន ពីព្រោះ​លោក​យល់​ថា សហគមន៍​នឹង​មិន​អាច​ឈ្នះ​ក្រុមហ៊ុន​ឡើយ ម្យ៉ាង​ទំហំ​ផ្ទៃដី​ដែល​ប្ដឹង​ជាមួយ​ក្រុមហ៊ុន គឺ​ខុស​គ្នា​នឹង​ទំហំ​ផ្ទៃដី​ដែល​មាន​ជាក់ស្ដែង។ បន្ថែម​ពី​នេះ លោក​ប្រាប់​ថា ប្រសិន​រឿង​នេះ​បញ្ចប់ លោក ផុន ឈឿន អាច​មាន​កូនចៅ​យក​ទៅ​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​ចិន ប៉ុន្តែ​លោក​មិន​បាន​និយាយ​អំពី​រឿង​ប្រាក់​ទេ៖ «អា​រឿង​ប្ដឹង​ហ្នឹង​បើ​គិត​យូរៗ ទៅ​យើង​គ្មាន​លុយ​គ្មាន​កាក់ យើង​មិន​អាច​ធ្វើ​អី​តាម​ចិត្ត​បាន​ទេ»

​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​ចិន ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង កើត​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៤ និង​២០១៥ ក្រោយពេល​ដី​តំបន់​នោះ​ជិត ១​ពាន់​ហិកតារ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ហើយ​ប្រគល់​ប្រាក់​ឱ្យ​ពួកគាត់​ក្នុង​មួយ​គ្រួសារ​ពី ៤០​ម៉ឺន​រៀល ទៅ​ជាង ១​លាន​រៀល ជា​ថ្នូរ​ថា​បាន​លក់​ដី​ឱ្យ​ក្រុមហ៊ុន ស្រប​ពេល​ប្រជា​សហគមន៍​មិនបាន​ដឹង​ថា ដី​នោះ​នៅ​ចំណុច​ណា​ឡើយ។

បញ្ហា​នេះ មេ​ភូមិ​បុស្សស្នោ បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​តាម​បញ្ជា​អាជ្ញាធរ​ស្រុក ដែល​កាល​នោះ​ក្នុង​អាណត្តិ​លោក ឈិង ពិសិដ្ឋ ជា​អភិបាល​ស្រុក ហើយ​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ដឹង​ថា ក្រុមហ៊ុន​នេះ​ស្រប​ច្បាប់ ឬ​ខុស​ច្បាប់​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា កន្លង​មក អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់ រួម​ទាំង​តុលាការ​ផង គឺ​លំអៀង​ទៅ​រក​ក្រុមហ៊ុន​ច្រើន​ជាង​ពលរដ្ឋ បើ​ទោះ​បី​ជា​ក្រុមហ៊ុន​ចិន នោះ ចូល​ទៅ​កាន់កាប់​ដី​នៅ​ឃុំ​ត្រពាំងព្រីង ដោយ​ខុស​ច្បាប់​ក៏ដោយ៖ «វា​គ្រាន់តែ​អាជ្ញាធរ និង​តុលាការ​ហ្នឹង​ធ្វើ​ឱ្យ​ត្រឹមត្រូវ​ទៅ​វា​យុត្តិធម៌​ហើយ ព្រោះ​អី​ដី​របស់​រដ្ឋ រឿង​អី​យក​ទៅ​ឱ្យ​ចិន កើត? ហើយ​ចិន ហ្នឹង​មិន​អាច​ធ្វើ​អ្វី​កើត​ទេ ព្រោះ​វា​អត់​មាន​ឯកសារ​អនុបយោគ​ពី​រដ្ឋាភិបាល​ទេ។ រដ្ឋាភិបាល​ក៏​មិន​អាច​ធ្វើ​អនុបយោគ​បាន​ដែរ ព្រោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ»

​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បារម្ភ​ខ្លាច​តែ​មាន​សកម្មភាព​តវ៉ា​កាន់តែ​ធំ​កើត​មាន​ឡើង ហើយ​នឹង​អាច​តវ៉ា​ទៅ​ដល់​មុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ទៀត​ផង ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​បំពេញ​ការងារ​គ្មាន​ភាព​យុត្តិធម៌​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។