តុលាការ​ខេត្ត​កោះកុង​សម្រេច​ផ្ដន្ទាទោស​សកម្មជន​ការពារ​បរិស្ថាន​៣​នាក់​១​ឆ្នាំ​កន្លះ

ចៅក្រម​សាលាដំបូង​ខេត្ត​កោះកុង សម្រេច​ផ្ដន្ទាទោស​សកម្មជន​ការពារ​បរិស្ថាន នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ ៣​នាក់ ១​ឆ្នាំ ៦​ខែ និង​សង​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្ដឹង ចំនួន​១០០​លាន​រៀល ប៉ុន្តែ​អនុវត្ត​ទោស​១០ខែ ១៥​ថ្ងៃ តាម​មាត្រា​១០៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​ការពារ​បរិស្ថាន​ទាំង​៣ គឺ​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង ថា លោក​នឹង​បំពេញ​បែប​បទ​ទៅ​ពន្ធនាគារ ដើម្បី​ឲ្យ​អ្នក​ទាំង៣ បាន​ចេញ​មក​ក្រៅ​វិញ នៅ​ថ្ងៃ​ទី​១ កក្កដា នេះ។

យ៉ាងណា​ក៏​ដោយ​សកម្មជន​ការពារ​បរិស្ថាន​ទាំង​៣​នាក់ គឺ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង សម្រេច​ឃុំ​ខ្លួន​ជិត​១​ឆ្នាំ​ហើយ​ពី​បទ​គំរាម​កំហែង ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​តាម​មាត្រា​៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ។ ប៉ុន្តែ​សាលក្រម​ពេល​នេះ ចៅក្រម​សម្រេច​ប្ដូរ​បទ​ចោទ ទៅ​ជា​បទ​ចោទ​ផ្ដើម​គំនិត​ថា នឹង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ តាម​មាត្រា ២៨ នៃ​ក្រម​ព្រហ្មទណ្ឌ​វិញ។

មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក (ADHOC) ញៀប សំអឿន ដែល​កំពុង​តាមដាន​រឿង​នេះ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សាលក្រម​នេះ​ទេ ដោយ​លោក​ថា សាលក្រម​នេះ​អយុត្តិធម៌​ណាស់ ដែល​សម្រេច​ឲ្យ​អ្នក​ទាំង​៣ មាន​ទោស​ដដែល។ ចំណែក​ឯ​ការ​ដែល​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ទាំង​៣​នាក់ បណ្ដោះអាសន្ន​កន្លង​មក ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​ការ​ឃុំ​ខ្លួន​ខុស​នីតិវិធី។

សកម្មជន​ការពារ​បរិស្ថាន​ទាំង ៣​នាក់​នេះ ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង ឃុំ​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ដោយ​ចោទ​ពី​បទ​គំរាម​កំហែង ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​តាម​មាត្រា​៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ព្រែកអណ្ដូងទឹក ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។